ខេត្តមណ្ឌលគិរី ៖ ពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានបន្តចុះដល់ព្រំដែនកម្ពុជា-វៀតណាម នៅតំបន់ភូមិភាគឦសាន ដើម្បីបានយល់ដឹង និងស្វែងរកការពិតជុំវិញ ដែនបូរណភាពទឹកដីកម្ពុជា ដ្បិតកន្លងមកបញ្ហាព្រំដែន ត្រូវបានជនមួយក្តាប់តូច យកទៅវាយប្រហាររាជរដ្ឋាភិបាល ។
ជាក់ស្តែងប្រតិភូរបស់រដ្ឋបាលរាជធានៅភ្នំពេញ មានអ្នកចូលរួមជិត៥០០នាក់ ដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេ (កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
អំឡុងទស្សនាបង្គោលព្រំដែនផ្ទាល់ លោក ឃួង ស្រេង មានប្រសាសន៍ថា ទស្សនកិច្ចនេះ គឺដើម្បីឱ្យមន្ត្រីទាំងអស់បានឃើញពីស្ថានភាពព្រំដែនពិតប្រាកដ គឺមិនមានការរំកិល ឬរំលោភយកដី ដូចការញុះញង់ពីក្រុមជ្រុលនិយមឡើយ។ ក្រោយពីបានឃើញពីស្ថានភាពពិតជាក់ស្តែងហើយ សូមបងប្អូនយកទៅផ្សព្វផ្សាយតគ្នា ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ថាព្រំដែនកម្ពុជា ត្រូវបានថែទាំយ៉ាងល្អបំផុត ហើយដែនបូរណភាពទឹកដី ត្រូវបានរក្សាយ៉ាងល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី ។
ទន្ទឹមនឹងនេះ លោកបានបន្តថា សម្តេចទាំងទ្វេបានដកអាវុធចេញពីសត្រូវ ធ្វើកិច្ចការងារដោយបោះជំហានទៅមុខ ក្នុងការអភិវឌ្ឍជូនជាតិមាតុភូមិ មិនទុកឱ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ណាមួយឯកោ ដោយមិនមានការអភិវឌ្ឍនោះទេ សុំមានការជឿជាក់ និងខិតខំប្រឹងប្រែងទាំងអស់គ្នា។ អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋយើងទាំងអស់គ្នារួមចិត្តតែមួយ ការពារឱ្យខានតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។ ដែលមិនអាចបាត់បង់បានទេ ចង់បានការអភិវឌ្ឍ ត្រូវថែទាំសន្តិភាពនេះឱ្យបានរឹងមាំ ស្ថិតស្ថេរ ទៅថ្ងៃអនាគត ដើម្បីយុវជនរបស់យើង ស្គាល់នូវភាពសុខសាន្ត និងការរីកចម្រើន ។
លោក ឃួង ស្រេង បញ្ជាក់ថា ការខិតខំប្រឹងប្រែងបោះបង្គោលព្រំដែន សម្តេចប្រមុខដឹកនាំរដ្ឋាភិបាលយល់ច្បាស់ណាស់ថា ការបោះបង្គោលព្រំដែនគឺ ធ្វើឱ្យកន្លែងព្រំដែននេះជាតំបន់អភិវឌ្ឍន៍។ កាលណាបោះបង្គោលព្រំដែនហើយ បានន័យថា ប្រទេសមានប្លង់រឹង ដូចផ្ទះយើង ដីយើង មានប្លង់រឹង អញ្ចឹងមិនអាចរំលោភបានទៀតទេ នៅពេលយើងមានបង្គោលព្រំដែនពិតប្រាកដ ៕
ចែករំលែកព័តមាននេះ