ខេត្តមណ្ឌលគីរី ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមអោយប្រជាពលរដ្ឋខ្មែរទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន នៃខេត្តទាំង៤ និងតំបន់ផ្សេងទៀត នឹងទទួលបាននូវការអភិវឌ្ឍរីកចម្រើនដូចគ្នា ។
ការលើកឡើងបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដម និងលោកជំទាវ ដឹកនាំមន្ត្រីរាជការចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ជិត៥០០នាក់ ចុះធ្វើទស្សនកិច្ចនៅបង្គោលដែនលេខ៦៥ ឡាប៉ាខេ (កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ពោលគឺក្រោយឯកឧត្ដម និងលោកជំទាវ បានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២២ កញ្ញា ម្សិលម៉ិញ ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កាលដែលឯកឧត្ដមដឹកនាំមន្ត្រីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ចុះមកពិនិត្យមើលបង្គោលព្រំដែន លេខ៦៥ ឡាប៉ាខេនេះ គឺក្នុងគោលបំណង ដើម្បីអោយមន្ត្រីទាំងអស់ បានឃើញពីស្ថានភាពព្រំដែន ពិតប្រាកដ គឺមិនមានការរំកិល ឬរំលោភយកដី ដូចការញ៉ុះញ៉ុងពីក្រុមជ្រុលនិយមឡើយ។ ក្រោយពីបានឃើញពីស្ថានភាពពិតជាក់ស្តែងហើយ សូមបងប្អូនយកទៅផ្សព្វផ្សាយតគ្នា ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ថា ព្រំដែនកម្ពុជា ត្រូវបានថែទាំយ៉ាងគត់មត់ បូរណៈភាពទឹកដី ត្រូវបានរក្សាបានយ៉ាងល្អប្រសើរ ក្នុងការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី។ នេះជាសារមួយ សូមផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ និយាយដោយឡែក ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ តែបើនិយាយជារួម សូមអោយប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី គឺសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជានីតិការទី៧ នៃរដ្ឋសភា ដែលបន្តដឹកនាំដោយសម្ដេចធិបតី បានថែទាំយ៉ាងគត់មត់ នៅទឹកដី និងបូរណាភាពទឹកដី ដោយចាប់ពីថ្ងៃរំដោះ ៧មករា រហូតដល់បច្ចុប្បន្ននេះ ទឹកដីកម្ពុជា មិនទាន់បាត់មួយមីលីម៉ែត្រណាឡើយ ។
ឯកឧត្ដមបន្តថា សម្តេចទាំងទ្វេ បានដកអាវុធចេញពីសត្រូវ ធ្វើកិច្ចការងារដោយជំហ៊ានបោះទៅមុខ ក្នុងការអភិវឌ្ឍជូនជាតិមាតុភូមិ មិនទុកឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ណាមួយ ដាច់ឯកកោដោយមិនមានការអភិវឌ្ឍនោះទេ សុំមានការជឿជាក់ និងខិតខំប្រឹងប្រែងទាំងអស់គ្នា។អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋយើងទាំងអស់គ្នា រួមចិត្តតែមួយ ឯកភាព ជាឯកច្ឆ័នការពារឱ្យខានតែបាន នូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ សន្តិភាពជាតម្លៃសារវន្ត ដែលមិនអាចបាត់បង់បានទេ ចង់បានការអភិវឌ្ឍ ត្រូវថែទាំសន្តិភាពនេះ អោយបានរឹងមាំ ស្ថិតថេ ទៅថ្ងៃអនាគត ដើម្បីយុវជនរបស់យើងស្គាល់នូវភាពសុខសាន្ត និងការរីកចម្រើន ។
ឯកឧត្ដមអភិបាលរាជធានីបន្តថា ការខិតខំប្រឹងប្រែងបោះបង្គោលព្រំដែន សម្តេចយល់ច្បាស់ណាស់ថា បោះបង្គោលព្រំដែន ដើម្បីធ្វើឱ្យកន្លែងព្រំដែននេះ ជាតំបន់អភិវឌ្ឍន៍។ ប្រទេសមានប្លង់រឹង កាលណាបោះបង្គោលព្រំដែនហើយ បានន័យថា ប្រទេសមានប្លង់រឹង ដូចផ្ទះយើង ដីយើង មានប្លង់រឹង អញ្ចឹងមិនអាចរំលោភបានទៀតទេ នៅពេលយើងមានបង្គោលព្រំដែនពិតប្រាកដ។ នេះជាមោទនៈភាពរបស់ជាតិខ្មែរ ដែលបានបាត់បង់សន្តិភាពជាង៥០០ឆ្នាំកន្លងមក ។
ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ រក្សាសន្តិភាពអោយបានគង់វង់ ដើម្បីអោយកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕











ចែករំលែកព័តមាននេះ