រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរជនជាតិចិន ចំនួន៣នាក់ រួចរាល់ហើយ ពីបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បទ.រក្សាទុក នឹងប្រើប្រាស់នូវសារធាតុញៀន។ ក្រោយបញ្ចប់ការស៊ើបសួរ តំណាងអយ្យការបានចាត់បញ្ជូនសំណុំរឿងទៅខាងចៅក្រម ដើម្បីបន្តនីតិវិធី ។
សូមជម្រាបថា «ឃាត់ខ្លួនជនជាតិចិន៣នាក់ កាន់កា.ប់អាវុធខុសច្បាប់ គំរាមចិនដូចគ្នា នៅខុនដូស្តារស៊ីធី» កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិន៣ នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ពន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ និងអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ករណីខាងលើនេះ ដោយអនុវត្តតាមបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣ នាក់នៅចំណុចខុនដូរស្តារស៊ីធី បន្ទប់លេខ១១២៥ ជាន់ទី១១ អគារទី៧ តាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិទ្រុង មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យប្រើប្រាស់អាវុធខ្លី គំរាមជនជាតិចិនដូចគ្នា ។
ជនជាតិចិនទាំង៣ នាក់នោះមាន ៖
១.ឈ្មោះ ស៊ី មីងយ៉ុង (SHI MING YUNG) ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ អន ឡាញ (ឃាត់ខ្លួន មានសារធាតុញៀន) ។
២.ឈ្មោះ វែង ជីន (WANG JUN) ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ អនឡាញ (ឃាត់ខ្លួន មានសារធាតុញៀន)
៣.ឈ្មោះ វ័ន ជឺឡែង(WAN CHI LIANG)ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ អនឡាញ ពួកគេស្នាក់នៅបន្ទប់លេខ១១២៥ ជាន់ទី ១១ អគារទី៧ ក្នុងខុនដូរស្តារស៊ីធី ផ្លូវសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥និង០០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានទទួលព័ត៌មានពីខាងខុនដូរស្តារស៊ីធី ថា មានជនសង្ស័យម្នាក់ជាជនជាតិចិន ស្នាក់នៅបន្ទប់លេខ១១២៥ ជាន់ទី១១ បានធ្វើសកម្មភាពប្រើអាវុធខ្លី គំរាមជនជាតិចិនដូចគ្នា នៅក្នុងផ្សារម៉ាត ជាន់ផ្ទាល់ដី បរិវេណខុនដូរស្តារស៊ីធី ។ បន្ទាប់ពីទទួលបានព័ត៌មាននោះនគរបាលប៉ុស្តិ៍អូរបែកក្អម ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ បានចុះ ទៅសហការជាមួយអ្នកគ្រប់គ្រងខុនដូរស្តារស៊ីធី ធ្វើរដ្ឋបាលត្រួតពិនិត្យឆែកឆេរ នៅក្នុងបន្ទប់លេខ១១២៥ ទើបរកឃើញ ៖
១.អាវុធខ្លី០១ដើម ម៉ាកឡុក
២.បង់ចំនួន ០១
៣.គ្រាប់ចំនួន ០៤គ្រាប់
៤.ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់ធំល្មម
៥.ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១
៦.លិខិតឆ្លងដែនចំនួន០១ក្បាល
៧.កាតចំនួន ០៥សន្លឹក(របស់ ជនសង្ស័យ) ។
នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យឈ្មោះ វ័ន ជឺឡែង (WAN CHI LIANG) បានសារភាពថា នៅក្នុងខែកក្កដា ឆ្នាំ២០២៤ ជន សង្ស័យឈ្មោះ ស៊ី មីងយ៉ុង បានទិញអាវុធខ្លីម៉ាកឡុក១ដើមពីឈ្មោះ ប៉ាជេ ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ ជាជនជាតិខ្មែរ រស់នៅក្រុងព្រះសីហនុ ក្នុងតម្លៃ១,៦០០ដុល្លាអាមេរិក ដោយយកមកទុកប្រើប្រាស់ការពារខ្លួន។ បន្ទាប់មកនៅខែសីហា ឆ្នាំ ២០២៤ ជនសង្ស័យឈ្មោះ ស៊ី មីងយ៉ុង បានទៅយកថ្នាំញៀនមួយកញ្ចប់ធំល្មម និងជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ពីជនសង្ស័យឈ្មោះ ស៊ែវ័លី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជាជនជាតិចិន (ដែលជំពាក់ប្រាក់របស់ជនសង្ស័យឈ្មោះ ស៊ី មីងយ៉ុង ចំនួន ៧០០ដុល្លាអាមេរិ) នៅក្នុងបុរីមួយកន្លែងក្បែរខុនដូរស្តារស៊ីធី ដើម្បីយកមកទុកប្រើប្រាស់នៅក្នុងបន្ទប់ខុនដូរនោះ។ ក្រោយមកទៀតនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ស៊ី មីងយ៉ុង បានចេញពីបន្ទប់ចុះមកទិញថ្នាំដុសធ្មេញ នៅម៉ាត ក្នុងបរិវេណខុនដូរ ស្តារស៊ីធ ជាន់ផ្ទាល់ដី ពេលចូលដល់ម៉ាត ក៏មានមនុស្សប្រុស៣នាក់ជាជនជាតិចិនដូចគ្នា បានមើលមុខនឹងឌឺដងដាក់ឈ្មោះ ស៊ី មីងយ៉ុង ធ្វើឲ្យជនសង្ស័យមានចិត្តខឹង ក៏ឡើងទៅបន្ទប់ខុនដូរយកអាវុធខ្លីម៉ាកឡុក ចេញពីថតតុ មកសៀតចង្កេះខាងស្តាំ ចុះមកសួរនាំជនជាតិចិនទាំង៣ នាក់នោះ និងដកកាំភ្លើងដាក់លើភ្លៅគំរាម រួចក៏សៀតចូលចង្កេះឡើងទៅបន្ទប់ខុនដូរវិញ ៕

ចែករំលែកព័តមាននេះ