ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្បួនប្រតិភូជិត២០០នាក់ មកទស្សនាកម្សាន្ត​​តាម​​រម​ណីយ​ដ្ឋាន​សំខាន់​ៗ​ក្នុង​ខេត្តមណ្ឌលគិរី​

1 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្បួន​ប្រតិភូ​ជិត​២០០​នាក់ ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ជីវ កេង ប្រធាន​តុលាការ​កំពូល និង​លោក​ជំទាវ ជា លាង…

ខេត្តមណ្ឌលគិរី ៖ ក្បួន​ប្រតិភូ​ជិត​២០០​នាក់ ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ជីវ កេង ប្រធាន​តុលាការ​កំពូល និង​លោក​ជំទាវ ជា លាង អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល មានការ​ចូលរួម​ពី សមាជិក សមាជិកា​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អនុប្រធាន​តុលាការ​កំពូល អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល បាន​ចុះ​ទស្សនកិច្ច​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា និង​បន្ត​ទស្សនា​តាម​រមណីយដ្ឋាន​សំខាន់​ៗ​ក្នុង​ខេត្តមណ្ឌលគិរី​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៤ ។

ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​តុលាការ​កំពូល ​និង​មហាអយ្យការ​អម​តុលា​ការ​កំពូល​ខាងលើ​នេះ បាន​ក្លាយជា​ទឡ្ហីករណ៍​រស់​ដ៏​សំខាន់​បញ្ជាក់​ពី​ភាព​ច្បាស់លាស់​ប្រាកដប្រជា និង​ឆន្ទៈ​មុះ​មុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​បេសកកម្ម​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​បន្ត​ធានា​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម​សម្រាប់​ជា​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងអស់​។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​បាន​បង្កើត​នូវ​រូបភាព​វិជ្ជមាន​មួយ​បន្ថែម​ទៀត​ សម្រាប់​ជាតិ​កម្ពុជា​ទាំងមូល និង​ដើម្បី​បង្ហាញ​ដល់​សកលលោក​ឱ្យ​បានដឹង​ថា​ កម្ពុជា​មាន​សាមគ្គី​ភាពរឹងមាំ​ជា​ធ្លុង​មួយ​ក្នុង​ភាព​ជា​ម្ចាស់​ប្រទេស ដោយ​មិន​អនុញ្ញាត​ឱ្យ​បាត់បង់​ទឹកដី​សូ​ម្បី​មួយ​មី​លី​ម៉ែត្រសោះឡើយ ។ ​ហើយ​ប្រជាជន​កម្ពុជា​នឹង​បន្ត​រួម​កំលាំង​សាមគ្គី​គ្នា​ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​អភិវឌ្ឍ​នានា ព្រមទាំង​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​បំផ្លាញ​ចោល​រាល់​ការ​បំភ្លៃ​ការ​ពិត​ពី​សំណាក់​ក្រុម​ជ្រុលនិយម​ក្រៅច្បាប់​មួយ​ក្តាប់​តូច ដើម្បី​រួមចំណែក​ថែរក្សា​ស្ថិរភាព​ក្នុង​សង្គម និង​ចូលរួម​ក្នុង​សកម្មភាព​ដើម្បី​កំណើនសេដ្ឋកិច្ច​។

គេ​សង្កេត​ឃើញ​ថា នៅ​រង្វង់​មូល​គោព្រៃ​នា​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ​ មាន​ភ្ញៀវ​ទេសចរ​ភ្លូកទឹកភ្លូកដី និង​ក្បួន​រថយន្ត​រាប់រយ​គ្រឿង បាន​ចរាចរណ៍​តាម​ដងផ្លូវ​យ៉ាង​កុះករ ដើម្បី​ទស្សនា​កម្សាន្ត​តាម​ទី​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តមណ្ឌលគិរី ។​

ជាង​នេះ​ទៅ​ទៀត កងកម្លាំង​សមត្ថកិច្ច​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​គោលដៅ​សំខាន់​ៗ ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ដំណើរ និង​ការពារ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ផង
​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ