ក្រុមហ៊ុនជប៉ុនមួយ បានចាប់ផ្តើមសាងសង់រោងចក្រផលិតគ្រឿងបង្គំអេឡិចត្រូនិក នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
ក្រុមហ៊ុននោះ គឺជាក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ដែលជាក្រុមហ៊ុនផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិករបស់ជប៉ុន ដែលមានមូលដ្ឋាននៅភ្នំពេញ បានទៅពង្រីករោងចក្រមួយកន្លែងទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេ នៃខេត្តពោធិ៍សាត់។
ក្រុមហ៊ុននេះ បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ក្រោមអធិបតីភាពដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ដែលប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់នាឱកាសនេះ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេ នៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។
លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ការជ្រើសរើសបោះទីតាំងក្នុងខេត្តពោធិ៍សាត់ គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រមួយ ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុន សម្រេចបាននូវស្តង់ដាបរិស្ថានដែលលេចឡើងថ្មីៗ និងចូលរួមចំណែកក្នុងការបង្កើនប្រវត្តិរូបអាជីវកម្ម ដែលគិតគូរដល់បរិស្ថាន ព្រមទាំងអាចផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅ ដោយហេតុផលនៃភាពសម្បូរបែបនៃធនធានថាមពលកកើតឡើងវិញរបស់ខេត្តនេះ។
ទន្ទឹមនេះ ខេត្តពោធិ៍សាត់ មានទីតាំងនៅជិតផ្លូវជាតិលេខ៥ និងជាទីតាំងយុទ្ធសាស្ត្រផ្នែកភស្តុភារកម្ម មានការត.ភ្ជាប់ជាមួយមជ្ឈមណ្ឌលឧស្សាហកម្មក្នុងប្រទេសថៃ តាមរយៈខេត្តប៉ោយប៉ែត ឬកោះកុង ដែលការណ៍នេះ អនុញ្ញាតឱ្យក្រុមហ៊ុនអាចទាញយកប្រយោជន៍ពីយុទ្ធសាស្ត្រប្រទេសបូកបានផងដែរ។
លោកបានបន្តថា ការបន្ថែមទុនវិនិយោគរបស់ក្រុមហ៊ុន ដើម្បីសាងសង់រោងចក្រថ្មីនៅទីតាំងនេះ មិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់មីនេបៀប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសគឺមានសង្គតភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
ក្រោយពេលដែលរោងចក្រនេះ បើកសាខាថ្មី ក្រោយធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជា រយៈពេល១៤ឆ្នាំ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើក្រុមហ៊ុនថា នឹងចូលរួមជួយបន្តទាក់ទាញក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀត ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយចែករំលែកបទពិសោធន៍វិជ្ជមាន និងភាពជោគជ័យរបស់ខ្លួនផ្ទាល់ជាគំរូ។
មកដល់ពេលនេះ ទោះបីជាទំហំវិនិយោគទុនជប៉ុន មិនទានធំជាងចិន ក៏ពិតមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ជប៉ុនស្ថិតនៅក្នុងលំដាប់វិនិយោគទុនលំដាប់កំពូលទាំង៥នៅកម្ពុជា ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ