ទីក្រុងសៀងហៃ៖ ដងវិថីនានានៅទីក្រុងសៀងហៃ និងតំបន់ខ្សែក្រវាត់ទីក្រុងនេះលិចលង់យ៉ាងធ្ងន់ធ្ងរនៅថ្ងៃសុក្រដោយសារខ្យល់ព្យុះទីហ្វុងឈ្មោះភូឡាសាន (Pulasan) ដែលចាប់ផ្ដើមបោកបក់ទៅដល់ទីនោះដំបូងនៅសង្កាត់ហ្វឹងស៊ាន (Fengxian) កាលពីយប់ថ្ងៃព្រហស្បតិ៍។ ខ្យល់នេះមានល្បឿន៨៣គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
ក្រសួងឧតុនិយមព្យាករថាខ្យល់ព្យុះភូឡាសាននឹងចាប់ផ្ដើមថមថយកម្លាំងបន្តិចវិញនៅពេលវាបោកបក់ចូលកាន់តែជ្រៅទៅក្នុងតំបន់ដីគោក។ វាបានបង្កជាភ្លៀងធ្លាក់ខ្លាំងពាសពេញទីក្រុងសៀងហៃ។ តាមរយៈវីឌីអូឃ្លីបដែលគេចែកចាយតគ្នាតាមបណ្ដាញសង្គម គេឃើញថាទឹកជំនន់ចាប់ផ្ដើមល្ហល្ហាចតាមដងវិថីនៃទីក្រុងសៀងហៃ។ ប្រជាជនត្រូវដើរលុយទឹកត្រឹមស្មងជើង។ មិនទាន់មានព័ត៌មានផ្សាយពីការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ឬក៏បាត់បង់អាយុជីវិតរបស់មនុស្សនៅឡើយទេ។
តាមរយៈវីឌីអូឃ្លីបដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ គេឃើញនគរបាលខិតខំរុញឡានដែលជាប់ផុងនៅក្នុងទឹក។ នៅក្នុងឈុតខ្លះទៀតនៃវីឌីអូដដែលនោះ គេឃើញអ្នកបើកបរម៉ូតូកូនទាខិតខំទប់ជ្រែងដៃចង្កូតដើម្បីធ្វើយ៉ាងណាជិះឆ្លងទឹកដែលជន់លិចចំណុចផ្លូវប្រសព្វ។ នៅម្ដុំៗនោះ គេដឹងថារថយន្តប្រហែលដប់គ្រឿងត្រូវគាំងម៉ាស៊ីនដោយសារទឹកលិច។
គួរកត់សម្គាល់ថាខ្យល់ព្យុះភូឡាសានវាយប្រហារទីក្រុងសៀងហៃលើកនេះត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងដដែលនេះទើបតែទទួលរងការវាយប្រហារដោយខ្យល់ព្យុះប៊ីប៊ីនកា (Bebinca) កាលពីថ្ងៃចន្ទ។ ប៊ីប៊ីនកាជាខ្យល់ព្យុះដែលវាយប្រហារទីក្រុងសៀងហៃដ៏ខ្លាំងក្លាមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៤៩។
ដើមឈើ១៨០០ដើមត្រូវខ្យល់ព្យុះនេះគាស់រំលើងទាំងឫសឱ្យដួលរេលពេញផ្លូវ និងកាត់ផ្ដាច់ភ្លើងអគ្គិសនីនៅតាមផ្ទះរបស់អ្នកស្រុក៣ម៉ឺនខ្នង។ អាជ្ញាធរជម្លៀសមនុស្សជាង៤សែននាក់ចេញពីតំបន់គ្រោះថ្នាក់នៅទូទាំងទីក្រុងសៀងហៃ។
អ្នកវិទ្យាសាស្ត្រធ្លាប់ព្រមានជាញឹកញាប់ថាគ្រោះធម្មជាតិដែលកើតឡើងនៅលើភពផែនដីចាប់ពីពេលនេះតទៅអនាគតនឹងមានសភាពកាន់តែអាក្រក់ឡើងៗ។ មូលហេតុដោយសារមនុស្សយើងមិនព្រមជួយយកអាសាធម្មជាតិ មិនព្រមគិតគូរចំពោះធម្មជាតិ គិតតែបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។ ដូច្នេះ ផលនៃអំពើរបស់មនុស្សនឹងជះត្រឡប់ទៅរកមនុស្សវិញជាមិនខាន៕
ចែករំលែកព័តមាននេះ