រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយមានមុខរបរជាងកាត់សក់ម្នាក់ បាននិយាយត្អូញត្អែរថាគាត់អត់ស្រួលខ្លួនច្រើនថ្ងៃមកហើយ ប៉ុន្តែពុំដឹងថាគាត់បានទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាពដែរ ឬ អត់នោះទេ នៅចុងក្រោយគាត់បានផឹកសុីជុំគ្នាជាមួយមិត្តភក្ដិនៅក្នុងតូបកាត់សក់របស់គាត់ ។ រហូតដល់យប់ជ្រៅទើបឈប់បែកផ្លូវគ្នាចូលដេករៀងៗខ្លួន លុះដល់ព្រឹកឡើងអត់ឃើញក្រោកបើកតូបកាត់សក់សោះ ម្ចាស់ផ្ទះជួលបានទៅ គាស់ទ្វារក្រោយមើល ស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ ។
ហេតុការណ៍នោះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងតូបកាត់សក់នៅតាមផ្លូវរោងចក្រសាន់ស្កាយ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជាងកាត់សក់ដែលស្លាប់នោះឈ្មោះសំណាង អាយុ៤២ឆ្នាំ គាត់គឺជាបុរសពោះម៉ាយ ប៉ុន្តែអត់ដឹងថាប្រពន្ធស្លាប់ចោលឬលែងលះគ្នានោះទេ ហើយក៏ពុំដឹងថាមានកូនឬមិនមាននោះដែរ ។ គាត់បានមកស្នាក់នៅរកសុីកាត់សក់នៅទីនោះតែម្នាក់ឯងប៉ុណ្ណោះ ហើយពុំមាននរណាបានដឹងពីមូលហេតុនៃការស្លាប់នោះទេ ។ ប៉ុន្តែទាំងសមត្ថកិច្ចនិងអ្នកជិតខាងបានសង្ស័យថា បុរសនេះស្លាប់ដោយខ្យល់គ ព្រោះមុនពេលស្លាប់បានឮគាត់ត្អូញថា អត់ស្រួលខ្លួនច្រើនថ្ងៃមកហើយ ។
ប្រជាការពារភូមិបានប្រាប់ឲ្យដឹងថា ព្រោះតែអត់ស្រួលខ្លួនបុរសពោះម៉ាយរូបនេះ បានផ្អាកកាត់សក់ឲ្យអតិថិជនរបស់ខ្លួនរយៈពេល៤ទៅ៥ថ្ងៃមកហើយ ដោយគាត់តែងតែត្អូញត្អែរប្រាប់អ្នកជិតខាងពីរឿងអត់ស្រួលខ្លួននេះរហូត ។ ប៉ុន្តែពុំដឹងថាគាត់បានទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាពដែរ ឬ អត់នោះទេ ហើយនៅវេលាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ គាត់បានផឹកសុីជុំគ្នាជាមួយមិត្តភក្ដិក្រុមនៅក្នុងតូបកាត់សក់នោះ ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា រហូតដល់យប់ជ្រៅទើបឈប់ផឹកនិងបែកគ្នា ហើយមិត្តភក្ដិបានចាកចេញទៅផ្ទះរៀងៗខ្លួនអស់ទៅ ចំណែកគាត់ដេកនៅក្នុងតូបកាត់សក់ម្នាក់ឯង ហើយនៅវេលាជិតភ្លឺ អ្នកជិតខាងបានឮសម្លេងស្រែកឲ្យជួយដែរ ប៉ុន្តែអត់មានអ្នកចាប់អារម្មណ៍ថាជាបុរសនេះទេ ។
លុះដល់ព្រឹកថ្ងៃទី២០ ខែកញ្ញា ដោយសារតែអត់ឃើញគាត់ក្រោកកាត់សក់ឲ្យគេដូចរាល់ដង ម្ចាស់ផ្ទះជួលក៏បានស្រែកហៅ ប៉ុន្តែអត់ឮឆ្លើយសោះ ហើយដោយសារតែមានការសង្ស័យ ម្ចាស់ផ្ទះជួលខាងលើក៏បានទៅគាស់ទ្វារក្រោយមើល ស្រាប់តែឃើញដេកស្លាប់បាត់ទៅហើយ ។ ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើលទាំងព្រឹក និងរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ឲ្យចុះទៅមើល ដើម្បីរាយការណ៍ជូននគរបាលបច្ចេកទេស និង វិទ្យាសាស្ត្រ នៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើកោសល្យវិច័យ ៕
ចែករំលែកព័តមាននេះ