សហរដ្ឋអាមេរិក ៖ នាយកប្រតិបត្តិ ឬ CEO ក្រុមហ៊ុន Nike ពេលបច្ចុប្បន្ននឹងចុះចេញពីតំណែងនៅខែក្រោយ ដោយបើកផ្លូវឱ្យក្រុមហ៊ុនផលិតសម្ភារៈកីឡាខ្នាតយក្សរបស់សហរដ្ឋអាមេរិកល្បីល្បាញ ទូទាំងពិភពលោកមួយនេះ តែងតាំងនាយកប្រតិបត្តិចាស់ត្រឡប់មកកាន់តំណែងរបស់ខ្លួនវិញ ចំពេលដែលមានការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងវិស័យលក់រាយ។
ប្រភពពីសារព័ត៌មាន Reuters និង BBC នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Nike បានប្រកាសថា លោក ចន ដូណាហូ (John Donahoe) នាយកប្រតិបត្តិបច្ចុប្បន្ន នឹងចូលនិវត្តន៍នៅថ្ងៃទី១៣ ខែតុលា ខាងមុខនេះ ដោយបន្តនៅក្នុងតួនាទីប្រឹក្សារហូតដល់ដើមឆ្នាំក្រោយ ដើម្បីធានាអ្នកចូលកាន់តំណែងបន្តពីលោកដំណើរការដោយរលូន។
ក្រុមហ៊ុនបានមើលឃើញពីការធ្លាក់ចុះការលក់ នៅក្នុងទីផ្សារអន្តរជាតិ ក៏ដូចជានៅក្នុងប្រទេសចិន ហើយតម្លៃភាគហ៊ុនក៏បានធ្លាក់ចុះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយភាគហ៊ុនក្រុមហ៊ុនបានកើនឡើងច្រើនជាង ៩% នៅក្នុងការជួញដូរចុងក្រោយ បន្ទាប់ពីការប្រកាសថា លោក អេលីយ៉ូត ហៀល (Elliott Hill) នាយកប្រតិបត្តិពីមុន នឹងត្រឡប់មកកាន់តំណែងរបស់សាជាថ្មីម្តងទៀត។
លោក ចន ដូណាហូ បានបន្សល់ស្នាដៃគួរឱ្យកត់សម្គាល់នៅក្នុងការដឹកនាំរបស់លោក សម្រាប់ក្រុមហ៊ុន Nike ជាមួយទំនួលខុសត្រូវក្នុងការជំរុញវត្តមានម៉ាកយីហោមួយនេះលើអ៊ីនធឺណិត ក៏ដូចជាជំរុញការលក់ដោយផ្ទាល់ពីអតិថិជន ជំនួសឱ្យការសហការភាពជាដៃគូជាមួយនឹងបណ្តាហាងផ្សេងទៀតនៅតាមផ្លូវ ឬក្នុងមជ្ឈមណ្ឌលផ្សារទំនើប។
បុរសវ័យ៦៤ឆ្នាំរូបនេះ បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១៤ មុនពេលចូលកាន់តួនាទីជានាយកប្រតិបត្តិនៅឆ្នាំ ២០២០។ ទោះយ៉ាងណា ការដឹកនាំរបស់លោកបាននឹងកំពុងប្រឈមនឹងការផ្លាស់ប្តូរដ៏ធំនៃបរិបទការលក់រាយ អំឡុងពេលជំងឺកូវីដ-១៩ និងនៅពេលអតិផរណាបានកើនឡើងក្នុងឆ្នាំបន្ទាប់។
ក្រុមហ៊ុនក៏បានប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញពីគូប្រជែងទាំងចាស់ និងថ្មី ដែលអ្នកវិភាគមួយចំនួនបានពណ៌នាថាមានភាពច្នៃប្រឌិត និងឈរនៅលើនិន្នាការប្រែប្រួលនាបច្ចុប្បន្ននេះ។ ទោះយ៉ាងនេះក្តី ក្រុមហ៊ុន Nike នៅតែសង្ឃឹមថា ផលិតផលថ្មី និងយុទ្ធនាការទីផ្សារជុំវិញព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស ដែលបញ្ចប់កាលពីថ្មីៗនេះ នឹងជួយនាំអតិថិជនត្រឡប់មករកម៉ាកយីហោដ៏ល្បីល្បាញមួយនេះវិញ។
លោក ចន ដូណាហូ បានថ្លែងយ៉ាងដូច្នេះថា «ច្បាស់ណាស់ថា ឥឡូវនេះគឺជាពេលវេលា ដើម្បីធ្វើការផ្លាស់ប្តូរភាពជាអ្នកដឹកនាំថ្មី» ដោយលោកបន្ថែមថា លោក អេលីយ៉ូត ហៀល គឺជាមនុស្សត្រឹមត្រូវសម្រាប់ការងារនេះ ហើយលោកទន្ទឹងរង់ចាំមើលភាពជោគជ័យនាពេលអនាគតរបស់ក្រុមហ៊ុន Nike ក្រោមការដឹកនាំរបស់លោក អេលីយ៉ូត ហៀល ។
ក្រឡេកមក លោក អេលីយ៉ូត ហៀល វិញ បានចូលនិវត្តន៍ពីក្រុមហ៊ុន Nike កាលពី៤ឆ្នាំមុន បន្ទាប់ពីបម្រើការក្នុងតួនាទីជាអ្នកដឹកនាំជាន់ខ្ពស់មួយចំនួនរបស់ក្រុមហ៊ុននៅទូទាំងទ្វីបអឺរ៉ុប និងអាមេរិកខាងជើង។ បុរសវ័យ៦០ឆ្នាំរូបនេះ បានថ្លែងថា លោកចង់ភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយបុគ្គ លិកដែលលោកធ្លាប់ធ្វើការជាមួយកាលពីមុន។
លោកបានបន្ថែមថា «រួមជាមួយក្រុមការងារដែលមានទេពកោសល្យរបស់យើង ខ្ញុំទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលនាំពួកយើងផ្ទុះនៅលើទីផ្សារ និងទាក់ទាញអ្នកប្រើប្រាស់ជាច្រើនឆ្នាំទៅមុខ»៕
ចែករំលែកព័តមាននេះ