ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​វា.យប្រហារ​កាំ​ជ្រួច​ហ្វូង​របស់​លីបង់​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​ដំណំ

3 ខែ មុន

ទី​ក្រុង​យេរូសា​ឡឹម៖ ថ្មី​ៗ​នេះ អ៊ីស្រាអែល​វាយ​ប្រហារ​ជា​ថ្មី​​ទៅ​លើ​ប្រទេស​លីបង់​ខាង​ត្បូង​នៅ​ពេល​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ជិត​​ខិត​ចូល​ដល់​គម្រប់​ខួប​មួយ​ឆ្នាំ​​ នៅ​ខ្វះ​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​។ សាក្សី​និយាយ​​ថា​យន្ត​ហោះ​ចម្បាំង​របស់​អ៊ីស្រា​អែល​បាន​វាយ​ប្រហារ​ជញ្ជ្រំ​ប្រទេស​លីបង់​ ហើយ​អាច​ធ្វើ​ឱ្យ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​អ៊ីស្រាអែល​ និ​ងក្រុម​ហេស្បូឡា​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​។ ដូច្នេះ ទោះ​បី​ប្រទេស​មហា​អំណាច​ និង​សហ​គមន៍​អន្តរ​ជាតិ​អំពាវ​នាវ​យ៉ាង​ណា​ក៏​ជា​ការ​ឥត​ប្រយោជន៍​។…

ទី​ក្រុង​យេរូសា​ឡឹម៖ ថ្មី​ៗ​នេះ អ៊ីស្រាអែល​វាយ​ប្រហារ​ជា​ថ្មី​​ទៅ​លើ​ប្រទេស​លីបង់​ខាង​ត្បូង​នៅ​ពេល​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ជិត​​ខិត​ចូល​ដល់​គម្រប់​ខួប​មួយ​ឆ្នាំ​​ នៅ​ខ្វះ​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​។ សាក្សី​និយាយ​​ថា​យន្ត​ហោះ​ចម្បាំង​របស់​អ៊ីស្រា​អែល​បាន​វាយ​ប្រហារ​ជញ្ជ្រំ​ប្រទេស​លីបង់​ ហើយ​អាច​ធ្វើ​ឱ្យ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​អ៊ីស្រាអែល​ និ​ងក្រុម​ហេស្បូឡា​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​។ ដូច្នេះ ទោះ​បី​ប្រទេស​មហា​អំណាច​ និង​សហ​គមន៍​អន្តរ​ជាតិ​អំពាវ​នាវ​យ៉ាង​ណា​ក៏​ជា​ការ​ឥត​ប្រយោជន៍​។

សេត​វិមាន​ថ្លែង​ថា​សម្រាប់​ពេល​នេះ គេ​នៅ​និយាយ​ស្ដាប់​គ្នា​បាន​នៅ​ឡើយ​ទេ​ដោយ​ប្រើ​ប្រាស់​មធ្យោ​បាយ​ការ​ទូត​ជា​ចាំ​បាច់​ខណៈ​ដែល​អង់​គ្លេស​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់​។ អាមេរិក​​​ព្រួយ​បារម្ភ​ថា​ស្រួល​មិន​ស្រួល​រឿង​ដែល​មើល​​ពី​ខាង​ក្រៅ​ថា​មិន​អី​ៗ​វា​អាច​​​​ប្រែ​ក្លាយ​ជា​រឿង​ធំ​បាន​។ នេះ​ជា​អ្វី​ដែល​អ្នក​នាំ​ពាក្យ​សេត​វិមាន​ថ្លែង​ប្រាប់​អ្នក​សារ, ​ព័ត៌​មាន​។

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើក​​នេះ​កើត​ឡើង​បន្ទាប់​ពី​​មាន​ហេតុ​ការណ៍​ផ្ទុះ​ឧប​ករណ៍​ផ្ញើ​​សារ​ និង​វិទ្យុ​ទាក់​ទង​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​ទូទាំង​ប្រទេស​លីបង់​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៣៧​នាក់​ និង​របួស​ជាង​៣​ពាន់​នាក់​។ រដ្ឋាភិបាល​លីបង់, ក្រុម​ហេស្បូឡា និង​រដ្ឋាភិបាល​អ៊ីរ៉ង់​ម៉ៃទុក​ជា​មុន​ថា​គ្មាន​នរណា​ក្រៅ​ពី​អ៊ីស្រាអែល​ទេ​ជា​អ្នក​ធ្វើ​រឿង​​បែប​នេះ​។

នៅ​ក្នុង​យុទ្ធ​នា​ការ​វាយ​ប្រហារ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ អ៊ីស្រាអែល​​ថ្លែង​ថា​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​បាញ់​កម្ទេច​ទី​តាំង​ដាក់​ជើង​ទម្រ​បាញ់​កាំ​ជ្រួច​ហ្វូង​រាប់​រយ​គ្រឿង​នៅ​លីបង់​ខាង​ត្បូង​ដែល​ត្រៀម​បាញ់​ចូល​ទឹក​ដី​អ៊ីស្រាអែល​។ អ៊ីស្រាអែល​វាយ​ប្រហារ​៥២​លើក​ក្រោយ​​ម៉ោង​៩​យប់​។ នេះ​បើ​​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់​ងារ​ព័ត៌​មាន​លីបង់​។ ទី​ភ្នាក់​ងារ​សន្តិ​សុខ​ជាតិ​លីបង់​ថ្លែង​ថា​​នេះ​ជា​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ខ្លាំង​ក្លាមិន​ធ្លាប់​មាន​ចាប់​តាំង​ពី​សង្គ្រាម​នៅ​ហ្កា​ហ្សា​​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​មុន​។​​

រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ថា​ការ​វាយ​ប្រហារ​នេះ​បណ្ដាល​ឱ្យ​​ស្លាប់​ ឬ​របួស​ប៉ុន្មាន​នាក់​ទេ​។​​​យោធា​អ៊ីស្រាអែល​ប្ដេជ្ញា​ថា​ខ្លួន​នឹង​បន្ត​វាយ​ប្រហារ​ថែម​ទៀត​ទៅ​លើ​ទី​តាំង​របស់​ក្រុម​ហេស្បូឡា​។ អ៊ីស្រាអែល​ថា​ការ​វាយ​ប្រហារ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​បាន​កម្ទេច​ជើង​ទម្រ​បាញ់​កាំ​ជ្រួច​ហ្វូង​១០០​គ្រឿង​ និង​ទីតាំង​ដទៃ​ទៀត​នៅ​លីបង់​ខាង​ត្បូង​។​​

​មេ​ដឹក​នាំ​ក្រុម​​ហេ​ស្បូឡា លោក​ហាសាន់​ ណា​ស្រាឡា (Hassan Nasrallah) ចាត់​ទុក​ថា​ករណី​ផ្ទុះ​ឧបករណ៍​ចល័ត​កាល​ពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​គឺ​ជា​ការ​ដើរ​ហួស​បន្ទាត់​ក្រហម​ហើយ​។​ «ពួក​ខ្មាំង​បាន​ដើរ​រំលង​​ច្បាប់ និង​រំលង​​ចិត្ត​អត់​ធ្មត់​របស់​យើង​។ ទង្វើ​របស់​ពួក​គេ​ប្រៀប​បាន​នឹង​អំពើ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ឬអាច​និយាយ​បាន​ថា​​ជា​ការ​ប្រកាស​សង្គ្រាម​»។

អ៊ីស្រាអែល​មិន​ដែល​ប្រកាស​ទទួល​ស្គាល់​ថា​ករណី​ផ្ទុះ​ទាំង​នោះ​ជា​ស្នា​ដៃ​របស់​ខ្លួន​ទេ​។ ប្រភព​សន្តិ​សុខ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ករណី​នេះ​ទំនង​ជា​ប្រព្រឹត្ត​ឡើង​ដោយ​ភ្នាក់​ងារ​សម្ងាត់​អ៊ីស្រាអែល​ម៉ូសាត (Mossad)។​ ពួកគេ​មាន​ប្រវត្តិ​បើក​ប្រតិ​បត្តិ​នៅ​លើ​ទឹក​ដី​បរទេស​​ជា​យូរ​មក​ហើយ​។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ត្រៀម​កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ពិភាក្សា​គ្នា​អំពី​ករណី​ផ្ទុះ​នោះ​។ នាយក​រដ្ឋ​មន្ត្រី​លីបង់​​​អំពាវ​នាវ​ឱ្យ​ក្រុម​ប្រឹក្សា​នេះ​ចាត់​វិធាន​ការ​ដ៏​ម៉ឺង​ម៉ាត់​ដើម្បី​បញ្ឈប់​អំពើ​ឈ្លាន​ពាន​ និង​សង្គ្រាម​បច្ចេក​វិទ្យា​ដែល​បង្ក​ឡើង​ដោយ​អ៊ីស្រា​អែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ