ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ គេសង្កេតឃើញកសិករម្នាក់ ពិតជាចាប់ផ្តើមបង្កើតមុខរបរថ្មីប្លែកពីអ្នកដទៃ គឺគាត់បានរៀនយកចំណេះដឹង និងជំនាញពីអ្នកដទៃ ដោយរៀនវិធីចិញ្ចឹមសត្វកណ្តូបពីស្រុកបវេល ខេត្តបាត់ដំបង យកទៅបង្កើតមុខរបរខ្លួនឯង ចិញ្ចឹមលក់នៅក្នុងខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ ឈឹង សុវណ្ណារិន រស់នៅចំណុចលូដាច់ជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា កាលពីមុនលោកចេញទៅធ្វើការស៊ីឈ្នួលគេនៅក្នុងស្រុកបវេល ខេត្តបាត់ដំបង ក្នុងការចិញ្ចឹមសត្វកណ្តូបលក់ ។
លុះធ្វើការទីនោះអស់រយ:ពេលច្រើនឆ្នាំ ក៏ចេះពីវិធីចិញ្ចឹមកណ្តូបនេះ ទើបលោកត្រឡប់មកផ្ទះឯខេត្តប៉ៃលិនវិញ បានប្រមែប្រមូលថវិកាមួយចំនួន ដែលនៅសេសល់ ដើម្បីយកទៅទិញពូជកណ្តូបចិញ្ចឹមលក់ ខណ:ពេលដែលមាននិម្មិតចង់ឱ្យខ្កួនឯងទទួលបានជោគជ័យនាថ្ងៃខាងមុខ។
លោកបានបន្តទៀតថា សត្វកណ្ដូបសាច់១គីឡូក្រាម អាចលក់ក្នុងតម្លៃ 35,000៛។ ចំណែកឯពងកណ្តូបវិញ ១គីឡូក្រាមលក់ក្នុងតម្លៃ70ម៉ឺនរៀល គឺសំរាប់ឱ្យគេទិញយកទៅភ្ញាស់ក្លាយជាកូនចិញ្ចឹមលក់បន្តបន្ទាប់។
លើសពីនេះ វាពិតជាងាយស្រួលក្នុងការចិញ្ចឹមសត្វកណ្តូបខ្លាំងណាស់ គឺពួកវាស៊ីតែចំណីប្រភេទស្មៅស្រួយ ដែលអត់មានជ័រ ដូចជាស្លឹកពោត ស្លឹកត្រែង ស្លឹកប្ញស្សី ស្មៅស្បូវ ស្លឹកអំពៅនិងស្លឹកស្នាយជាដើម ពោលសត្វប្រភេទនេះមិនរើសចំណីនោះទេ។
លោកបញ្ជាក់ទៀតថា ចំណែកហានិភ័យដែលតែងតែកើតមានឡើង ដូចជាច្រូតប៉ះចំកន្លែងដែលគេបាញ់ថ្នាំសម្លាប់ស្មៅ លុះពេលយកទៅដាក់ឱ្យកណ្តូបស៊ី អាចនឹងពុលងាប់ជាក់ជាមិនខាន ហើយបើយើងមិនឧស្សាហ៍បោសសំអាតទ្រុងទេ អាចម៌វាក៏ធ្វើឱ្យកណ្តូបពុលងាប់ផងដែរ។
ម្យ៉ាងវិញទៀត ត្រូវប្រុងប្រយ័ត្នជាមួយនឹងសត្វស្រមោច ព្រោះអាចនឹងចូលទៅស៊ីពងកណ្តូបអស់ ធ្វើឱ្យខាតដើមខាតចុងជាក់ជាមិនខាន បើមិនថែទាំឱ្យបានល្អិតល្អន់កំចាត់វាចោល និងការពារកុំឱ្យមាន់ចូលចឹកស៊ី សត្វចាប ព្រមទាំងកុំឱ្យត្រូវភ្លៀងញឹកញាប់ ព្រោះសត្វកណ្តូបចូលចិត្តកន្លែងស្ងួត និងត្រូវពន្លឺផងដែរ។
ចំណែកការធ្វើរោង និងទ្រុងវិញ គឺធ្វើនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់សំរាប់ឱ្យកណ្តូបហាលស្លាប ទើបអាចលូតលាស់ធំធាត់បានលឿន និងមានសុខភាពល្អ ឆាប់ធំធាត់រហ័សពងថែមទៀត ហើយនឹងបានចាប់ថ្លឹងលក់ផងដែរ។ លើសពីនេះសត្វកណ្តូប ក្រោយពេលញាស់ពងរហូតដល់អាយុ៣៥ថ្ងៃឡើងទៅ ពួកវានឹងចាប់ផ្តើមពងបន្តបន្ទាប់ និងចិញ្ចឹមរហូតដល់អាយុ៥០ថ្ងៃ គឺយើងអាចចាប់លក់បាន ដើម្បីឱ្យគេទិញយកទៅបំពងលក់ ឬញ៉ាំ។
លោកក៏បញ្ជាក់បានផងដែរថា ការចិញ្ចឹមកណ្តូបពូជប្រភេទនេះ (កណ្តូបប៉ារ៉ា) គឺយកមកពីប្រទេសចិន វាធន់នឹងអាកាសធាតុ មានទម្ងន់ធ្ងន់ល្អ ហើយក៏មានសាច់ច្រើន ងាយស្រួលថែទាំធន់នឹងជំងឺផ្សេងៗ នៅតំបន់ណាក៏គេអាចចិញ្ចឹមបានដែរ កុំអោយត្រជាក់ខ្លាំងពេក ឬក្តៅខ្លាំងពេក ជាពិសេសកន្លែងសំបូរចំណីស្មៅផង ព្រោះកណ្តូបត្រូវការដាក់ចំណីជាប្រចាំ។ ចំណែកទីផ្សារវិញពូជកណ្តូបប្រភេទនេះ សំបូរអ្នកកម្មង់ទិញខ្លាំងណាស់ ឱ្យតែចិញ្ចឹមបានច្រើន គឺគេនឹងបញ្ជាទិញយកទាំងអស់ ព្រោះវាមានរសជាតិស្រួយឆ្ងាញ់ បំពងឆាប់ប្រហមថែមទៀត។
ជាក់ស្តែង រាល់៣ថ្ងៃ គឺប្រមូលពងម្តងបាន២ទៅ៣គឺឡូក្រាម សរុបជាទឹកប្រាក់អាចលក់ឱ្យឈ្មួញបានប្រហែល២លានរៀលក្នុងការប្រមូលលក់ម្តងៗ។ លោកបន្ថែមទៀតថា នៅថ្ងៃខាងមុខ នឹងពង្រីករោងបន្ថែមទៀត ដើម្បីអោយមុខរបរមួយនេះ កាន់តែប្រសើរឡើង ព្រោះជាមុខរបរនៅជិតផ្ទះ មិនចំណាកស្រុក ហើយងាយស្រួលក្នុងការរកថវិកាចិញ្ចឹមក្រុមគ្រួសារយ៉ាងងាយស្រួល ដោយក្រោយពីចិញ្ចឹមសត្វកណ្តូបនេះ ជីវភាពរបស់លោកកាន់តែធូរធារប្រសើរជាងមុន៕
ចែករំលែកព័តមាននេះ