ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ក្នុង១ខែ កើនឡើង៤ដុល្លារ
រាជធានីភ្នំពេញ ៖ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៅឆ្នាំ២០២៥ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប មានចំនួន…
រាជធានីភ្នំពេញ ៖ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៅឆ្នាំ២០២៥ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប មានចំនួន…
រាជធានីភ្នំពេញ ៖ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៅឆ្នាំ២០២៥ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប មានចំនួន ២០៨ដុល្លារ ក្នុង១ខែ កើនឡើង ៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៤ ។
យោងតាមបណ្តាញសង្គមតេឡេក្រាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានរាយការណ៍អំពីលទ្ធផល នៃការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោត សំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ ។
សម្ដេចធិបតី គូសបញ្ជាក់ថា «ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ» ។
សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។ ទោះក្នុងកាលៈទេសៈលំបាក នៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាល មិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើង ។
សម្ដេចធិបតី បន្ថែមថា ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ ។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេច នាយករដ្ឋមន្ដ្រ ក៏បានជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា សម្ដេច នឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត ។
សម្ដេច នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា «ខ្ញុំសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះប្រកបដោយវិជ្ជាជីវ: និងស្មារតីរួម។ ខ្ញុំក៏សូមអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានខិតខំដឹកនាំសម្របសម្រួលការចរចានេះ»៕
ចែករំលែកព័តមាននេះ