ខេត្តព្រះសីហនុ ៖ យោងតាមសរុបរបាយការណ៍ពីរដ្ឋបាលស្រុកព្រៃនប់ បានបញ្ចាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង សរុបចំនួន ៤៤៩គ្រួសារ ក្នុងនោះ
១-ឃុំព្រៃនប់ ១១៥គ្រួសារ
២-ឃុំទួលទទឹង ១៥៧គ្រួសារ
៣-ឃុំអណ្តូងថ្ម ១៧៧គ្រួសារ
យ៉ាងណា មិនប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋឡើយ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ អាកាសធាតុក្នុងតំបន់ស្រុកព្រៃនប់ មានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ធ្វើឲ្យតំបន់ក្នុងឃុំមួយចំនួន រងការជន់លិច ទឹកភ្លៀងហូរចូលផ្ទះរបស់ប្រជាពលរដ្ឋ ។
លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមបណ្ដោយប្រឡាយត្រង់ចំណុចស្ពានភូមិបន្ទាយប្រិយ៍ (ព្រំប្រទល់ឃុំអណ្ដូងថ្ម និងឃុំសំរុង) និងបណ្ដាឃុំមួយចំនួនទៀត នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងពេលចុះពិនិត្យនោះ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះ មានដូចជា ចាស់ជរា និងកុមារ មកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ៕










ចែករំលែកព័តមាននេះ