រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ផ្ទុះកំហឹងយ៉ាងខ្លាំង ក្នុងពេលដែលកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប្រជាការពារសង្កាត់ចោមចៅទី២ ចុះទៅរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ហើយបានឃាត់មិនឲ្យគាត់ដាក់លក់ខោអាវលើចញ្ចើមផ្លូវសាធារណៈ ខណៈនោះបុរសជនជាតិចិន ក៏បានទាញដុំថ្មធំ ១ដុំ ក្បែរខ្លួន ធ្វើសកម្មភាពដេញគប់កម្លាំងសណ្ដាប់ធ្នាប់និងកម្លាំងប្រជាការពារ រត់ជាន់ជើងគ្នា ប៉ុន្តែពុំត្រូវនគរណាម្នាក់ឡើយ ។
បន្ទាប់មក ដើម្បីការពារខ្លួន កម្លាំងក៏បាននាំគ្នាចូលទៅចាប់យកដុំថ្ម ចេញពីដៃជនជាតិនោះ បង្កជាការប្រទូស្តរាយគ្នា បណ្ដាលឲ្យជនជាតិចិនខាងលើ រងរបួសហូរឈាមច្រមុះជោកអាវ ។ ហើយជនជាតិចិន ក៏បានចោទថា កងកម្លាំងនោះវាយគាត់ថែមទៀតផង ប៉ុន្តែខណៈនោះ កម្លាំងសណ្ដាប់ធ្នាប់ និងកម្លាំងប្រជាការពារ បានបដិសេធន៍ភ្លាមផងដែរថា អត់បានវាយបុរសជនជាតិចិននោះទេ គ្រាន់តែចាប់បេះយកដុំថ្មចេញ ហើយគាត់រើខ្លាំងពេក ក៏ដួលផ្កាប់មុខដោយខ្លួនឯងប៉ុណ្ណោះ ។
ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមហាវិថីចោមចៅ ហៅផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខក្រុមហ៊ុនម៉ូតូហុងដា ស្ថិតនៅក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ និងប្រជាការពារសង្កាត់ចោមចៅទី២ បានចុះរៀបចំសណ្ដាប់ធ្នាប់តាមដងមហាវិថីចោមចៅ ហៅផ្លូវវ៉េងស្រេងនោះ ដើម្បីបង្កការកកស្ទះផង កាត់បន្ថយគ្រោះថ្នាក់ចរាចរផង និងដើម្បីសោភ័ណភាពផ្លូងផងដែរ ព្រោះផ្លូវនោះ មានការធ្វើចរាចរណ៍យ៉ាងមមារញឹក ហើយក៏សម្បូរទៅដោយរថយន្តប្រភេទធំៗ បើកឆ្លងកាត់ទៀតផង ខណៈនោះបានឃើញបុរសជនជាតិចិនខាងលើបើកម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿង ដឹកខោអាវ និងសម្ភារដាក់ព្យួរខោអាវ យកទៅដាក់លក់នៅលើចិញ្ចើមផ្លូវ ត្រង់ចំណុចខាងលើ ហើយក៏ត្រូវកម្លាំងក៏ធ្វើហាមឃាត់ មិនឲ្យលក់ឡើយ ។
ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ការហាមឃាត់នេះ គឺធ្វើឡើងជាទូទៅមិនបានហាមឃាត់ តែជនជាតិចិនម្នាក់នេះទេ ហើយបានប្រាប់ឲ្យគាត់យកទៅដាក់លក់នៅកន្លែងផ្សេង ដែលមិនប៉ះពាល់ផ្លូវសាធារណៈទៅ ។ ខណៈនោះ មិនអាចយល់ភាសាគ្នាបាន ក៏ស្រាប់តែបុរសជនជាតិចិនខាងលើ ផ្ទុះកំហឹងយ៉ាងខ្លាំង និងបានស្រែកឡូឡា រួចទាញដុំថ្ម១ដុំធំ ដេញគប់កងកម្លាំងសណ្ដាប់ធ្នាប់ និងប្រជាការពារខាងលើរត់ជនជើងគ្នា ភ្លាមៗនោះ ដើម្បីការពារខ្លួនកម្លាំងខាងលើក៏បានចូលទៅចាប់ ដើម្បីបេះយកដុំថ្ម ចេញពីដៃបុរសជនជាតិចិននោះ បង្កជាការប្រវាយប្រតប់គ្នា បណ្ដាលឲ្យជនជាតិចិនខាងលើ ឈាមច្រមុះ និងផ្អើលពេញដងផ្លូវ ។
ប្រភពខាងលើបានឲ្យដឹងបន្តថា បុរសជនជាតិចិន បានផ្ទុះកំហឹងកាន់តែខ្លាំងថែមទៀត ហើយបានចោទប្រកាន់ថា កម្លាំងសណ្ដាប់ធ្នាប់ និងប្រជាការពារថាបានវាយគាត់ រួចក៏បានកាក់រថយន្តកងកម្លាំងនោះ មិនឲ្យទៅណាឡើយ។ ប៉ុន្តែភ្លាមៗនោះកងកម្លាំង បានបដិសេធន៍ទាំងស្រុកថា មិនបានវាយជនជាតិចិនរូបនោះឡើយ គឺនៅពេលហានិភ័យមកដល់ ដើម្បីការពារខ្លួន កងកម្លាំងត្រូវតែសម្រុកចូលទៅចាប់បេះយកដុំថ្មចេញពីដៃជនជាតិចិននោះ បើមិនដូច្នេះទេ អាចនឹងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់កងកម្លាំងមិនខាន ព្រោះដុំថ្មធំណាស់ ត្រូវក្បាលតែមួយ គឺស្លា.ប់មិនខាន ប៉ុន្តែពេលចាប់នោះ គាត់រើខ្លាំងពេក ទើប ដួលផ្កាប់មុខរងរបួសខ្លួនឯង ។
ទោះបីជាបែបណា ក្រោយពីមានការសម្របសម្រួលគ្នា ទើបបុរសជនជាតិចិននោះ ព្រមបើកផ្លូវឲ្យក្រុមសណ្ដាប់ធ្នាប់ និងប្រជាការពារបានចាកចេញទៅបាត់អស់ បន្ទាប់មកគាត់ (បុរសជនជាតិចិននោះ) បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកខោអាវចេញទៅដែរ ប៉ុន្តែប្រាប់តាមរយៈអ្នកជួយបកប្រែថា គាត់នឹងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី២ ដើម្បីរកមុខអ្នក ដែលវាយគាត់ ៕
ចែករំលែកព័តមាននេះ