ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ ចុះ​​ជួយប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​ព្រៃ​នប់

3 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ លោក ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ លោក ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ អមដំណើរ​ដោយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​បាន​ជន់​លិច ហូរ​ចូល​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ក្នុង​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។ តែ​ទោះជា​យ៉ាងណា​នៅ​ពេល​នេះ ស្ថានភាព​ទឹក បាន​ស្រក​ខ្លះ​ហើយ ខណៈ​អាកាសធាតុ កំពុង​ធ្លាក់​ភ្លៀងរលឹម​តិច​ៗ ។

គួរ​រម្លឹក​ថា កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ម្សិលមិញ​នេះ លោក ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ស្ថិត​នៅ​ភូមិ​១ និង​ភូមិ​២ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ។

លោក​អភិបាលខេត្ត បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវ​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​ប្រចាំ ពិសេស​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​រង​គ្រោះ មាន​ដូច​ជា ចាស់ជរា និង​កុមារ មក​កាន់​ទីទួល​សុវត្ថិភាព​ឱ្យ​បាន​ទាន់​ពេលវេលា ។

ទន្ទឹម​នោះ លោក​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​កូនចៅ ត្រូវ​មាន​អនាម័យ ផឹក​ស្អាត ហូប​ស្អាត ដើម្បី​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ។

សូម​ជម្រាប​ផង​ដែរ​ថា ដោយសារ​តែ​ខ្យល់​លាយឡំ និង​ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ តាំងពី​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ ធ្វើ​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច ផ្ទះ​ប្រជាពលរដ្ឋ មួយ​ចំនួន​នៅ​ស្រុក​ស្ទឹង​ហាវ និង​ស្រុក​ព្រៃ​នប់ នាំ​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ