ប្រទេសវៀតណាម ៖ យោងតាមស្ថិតិចុងក្រោយរបស់អគ្គនាយកដ្ឋានគយរបស់ប្រទេសវៀតណាមបានបង្ហាញថា ចំណូលបានពីការនាំចូល និងនាំចេញរវាងប្រទេសវៀតណាម និងប្រទេសចិនបានឈានដល់ជិត ១៣០.៨ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំនេះ។ ដោយក្នុងចំណោមតួលេខនេះ តម្លៃនាំចេញរបស់វៀតណាមមានចំនួន ៣៨.២៨ពាន់លានដុល្លារអាមេរិក ពោលកើនឡើង ៣,៩% ធៀបនឹងឆ្នាំមុន។
ប្រភពពីសារព័ត៌មាន VnExpress ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថា ប្រទេសវៀតណាមមានទំនិញចំនួន១០មុខ ដែលមានចំណូលពីការនាំចេញជាង១ពាន់លានដុល្លារនៅក្នុងមួយមុខៗ ដោយរួមទាំងទូរស័ព្ទ និងគ្រឿងបន្លាស់កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក កាមេរ៉ា, ផ្លែឈើ និងបន្លែ, គ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់សម្រាប់ការងារគ្រឿងម៉ាស៊ីនផងដែរ។
ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមបាននាំចូលទំនិញមានតម្លៃ ៩២.៥ពាន់លានដុល្លារពីប្រទេសចិន ពោលកើនឡើង ៣៤.២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សរុបជាលទ្ធផល ប្រទេសវៀតណាមបានដំណើរការឱនភាពពាណិជ្ជកម្មចំនួន ៥៤.២២ ពាន់លានដុល្លារជាមួយនឹងប្រទេសចិនក្នុងរយៈពេលដែលបានពិនិត្យ ពោលគឺលើសពីតួលេខឆ្នាំ ២០២៣ ចំនួនជិត៥ពាន់លានដុល្លារ។ ទំនិញនាំចូលពីទីផ្សារចិនភាគច្រើនជាផលិតផល និងវត្ថុធាតុដើមសម្រាប់ផលិតសម្រាប់ការនាំចេញដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍ជំនួយ សារធាតុគីមី និងផលិតផលគីមី ប្លាស្ទិកគ្រប់ប្រភេទ សម្ភារៈវាយនភណ្ឌ ស្បែក និងស្បែកជើង ដែក រួមនឹងសម្ភារៈសំណង់ផងដែរ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាពាណិជ្ជកម្មពិភពលោកធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏កំណើននៃការនាំចេញ-នាំចូលរបស់វៀតណាមជាមួយចិននៅតែជាចំណុចលេចធ្លោមួយ។ តួយ៉ាង កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១៧១.២ពាន់លានដុល្លារ ហើយក្នុងចំណោមតួលេខនេះ ការនាំចេញរបស់វៀតណាមមានចំនួន ៦១.២ពាន់លានដុល្លារ កើនឡើង ៦.៤% និងការនាំចូលចំនួន ១១០.៦ពាន់លានដុល្លារ ធ្លាក់ចុះ ៦.៦%)។
បច្ចុប្បន្ននេះ ប្រទេសចិនគឺជាទីផ្សារដំបូងគេមានពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាមលើសពី១០០ពាន់លានដុល្លារ នៅអំឡុងខែមករាដល់ខែសីហា ឆ្នាំនេះ។ ចំណូលពីការនាំចូល-នាំចេញរវាងប្រទេសទាំងពីរជាមធ្យមមានប្រមាណ១៦ពាន់លានដុល្លារក្នុងមួយខែ។ ជាមួយនឹងភាពប្រសើរឡើងយ៉ាងខ្លាំងនៃពាណិជ្ជកម្ម អំឡុងឆមាសទី១ នៃឆ្នាំនេះ ពាណិជ្ជកម្មវៀតណាម-ចិន ត្រូវបានអ្នកជំនាញព្យាករណ៍ថានឹងឈានដល់កម្រិត ២០០ពាន់លានដុល្លារ នៅឆ្នាំនេះ៕
ចែករំលែកព័តមាននេះ