ខេត្តស្វាយរៀង ៖ មើលចុះរថយន្តធុនយក្សយីឌុបប្រភេទវ៉េអងដឹកទំនិញចំនួន០៥គ្រឿង ដឹក
លើសទម្ងន់ សង្ស័យជាទំនិញគេចពន្ធ បានធ្វើចរាចរណ៍នៅពេលយប់ ឆ្ពោះទៅព្រំដែនប៉ុស្តិ៍ច្រករបៀងគោកតែក ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៦ កញ្ញា ២០២៤ ស្ថិតនៅចំណុចផ្លូវលំ ក្នុងភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ។
បើតាមប្រជាពលរដ្ឋបានលើកឡើងថា ប៉ុន្មានខែចុងក្រោយនេះ មានរថយន្តធុនធំៗយីឌុបភ្លៅប្រាំ និងរថយន្តប្រភេទវ៉េអង ដឹកទំនិញធ្ងន់ៗកំពុងធ្វើចរាចរណ៍នៅលើផ្លូវក្រាលកៅស៊ូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជា ហ៊ុនសែន ផ្តល់ជាចំណងដៃ ប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែននៃ ស្រុកចន្ទ្រា ដែលជាផ្លូវ ក្រាលកៅស៊ូ ប្រវែង ប្រមាណជាង១០គីឡូម៉ែត្រ ក្លាយទៅជាផ្លូវដីស្រុតខូចជាសំបុកមាន់ កន្លែងខ្លះក្លាយជារណ្តៅជ្រៅ កន្លែងខ្លះ ក្លាយជាចង្អូរ ដីល្បាប់ រអឹល ខូចខ្ទេចចង់អស់ទៅហើយ ពិបាកធ្វើដំណើរយ៉ាងខ្លាំងក្នុងរដូវវស្សានេះ ។
ប្រជាពលរដ្ឋលើកឡើងទៀតថា ផ្លូវដែលរងការខូចនេះ គឺចាប់ពីភូមិច្រេស ឃុំច្រេស ទៅភូមិតែងម៉ៅ និងភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ។ ប្រជាពលរដ្ឋបានអំពាវនាវសូមឲ្យលោកអភិបាលស្រុកចន្ទ្រា ជាពិសេស ឯកឧត្តមអភិបាលខេត្តស្វាយរៀង មេត្តាចុះអន្តរាគមន៍ពិនិត្យមើលផ្លូវកៅស៊ូ១ខ្សែ តភ្ជាប់ពី ឃុំច្រេស និងឃុំចន្ទ្រា ស្រុកចន្ទ្រា បានក្លាយទៅជាផ្លូវដី មានក្រឡុក រណ្តៅ ក្រហេងក្រហូងតូចធំជាច្រើនគីឡូម៉ែត្រ និងកន្លែងខ្លះគឺបាក់ស្រុតខូចទាំងស្រុង ដោយសារតែរថយន្តធំៗ យីឌុបភ្លៅប្រាំ ប្រភេទវ៉េអងដឹកទំនិញលើសទម្ងន់ទាំងនេះ ហើយសង្ស័យថា ជាទំនិញគេចពន្ធ ដោយបើកបរធ្វើចរាចរណ៍នៅលើដងផ្លូវតាមជនបទ បង្កឲ្យបាក់ស្រុតផ្លូវបែកល្បាប់ ពិបាកធ្វើដំណើរយ៉ាងខ្លាំងជាពិសេសសិស្សានុសិស្សធ្វើដំណើរតាមកង់ម៉ូតូទៅសាលារៀន។
បើតាមសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានយើងថា ផ្លូវក្រាលកៅស៊ូ០១ខ្សែនេះ តភ្ជាប់ពីឃុំព្រៃគគីរ ទៅឃុំច្រេស ឃុំចន្ទ្រា និងឃុំទួលស្តី និងឃុំសំរោង រហូតដល់សាលាស្រុកចន្ទ្រា មានអ្នកធ្វើដំណើរទៅមកជាច្រើន កំពុងរងការបាក់ស្រុតខូច ក្រហេងក្រហូងជារណ្តៅធំៗ ផ្លូវកៅស៊ូក្លាយទៅជាផ្លូវដី ក្រឡុក ធំៗ ពិបាកក្នុងការធ្វើដំណើរជាខ្លាំង ដោយសារតែរថយន្តធំ ៗ យីឌុប ភ្លៅ៥ ប្រភេទវ៉េអង ដឹកទំនិញ ធ្ងន់ៗទាំងយប់ទាំងថ្ងៃ គឺចាប់ពី៤០តោន ទៅ៥០តោន ។
មហាជនបានលើកឡើងទៀតថា រថយន្តធុនយក្សទាំងនេះដឹកទំនិញមករាល់ថ្ងៃសង្ស័យថា ជាទំនិញគេចពន្ធមិនដែលឃើញសមត្ថកិច្ចណា ពិនិត្យនិងបង្ក្រាបឡើយ ។ ប្រជាពលរដ្ឋបានសំណូមពរសូមឲ្យអាជ្ញាធរខេត្ត មេត្តាជួសជុលផ្លូវ១ខ្សែនេះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួលផង ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកអភិបាលស្រុកចន្ទ្រា បានទេរហូតមកដល់ថ្ងៃទី១៧ កញ្ញា ២០២៤ ។ រីឯសមត្ថកិច្ចមូលដ្ឋានម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានយើងថា នៅច្រករបៀងគោកតែក មានជនស៊ីវិលម្នាក់ ដែលគេហៅថា «ចៃគយ» ទៅឈជើងនៅជិតច្រកទ្វារព្រំដែនគោក តែចាំយកប្រាក់ក្បាលឡានទាំងយប់ទាំងថ្ងៃ និយាយឲ្យងាយយល់ គឺមន្ត្រីគយគេប្រើឲ្យរកលុយក្រៅដោយមិនបង់ពន្ធចូលរដ្ឋ ។
ចំណែកលោកវរសេនីយ៍ យ៉ន សុផល ប្រធានវរៈការពារព្រំដែនលេខ៦០៩ ក៏មិនអាចទាក់ទងបានដែរ។ ចំណែកលោកហេងមសំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ក៏មិនអាចទំនាក់ទំនងបានទេ ដោយទូរសព្ទ័មិនចូល ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ