ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យប្រុស-ស្រី២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយធ្វើសកម្មភាពឆបោកតាមអនឡាញបានទឹកប្រាក់៤០លានរៀល ពីប្រជាពលរដ្ឋនៅឯស្រុកកោះញែក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះពាក់ព័ន្ធនឹងករណីលួចបន្លំQR Code (ឆបោក) ដែលមានទឹកប្រាក់៤០លានរៀល តាមប្រព័ន្ធតេឡេក្រាម បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញលើការងារជំនាញ លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានបញ្ជាឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឲ្យធ្វើការស្រាវជ្រាវ និងសហការជាបន្ទាន់ជាមួយនឹងកម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បន្តថា លុះដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌដែលបានធ្វើការសហការជាមួយនឹងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី បានធ្វើការកំណត់មុខសញ្ញាជនសង្ស័យ និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចំនួន២នាក់ដោយមានឈ្មោះ សៀក ស្រីនឿន ភេទស្រី អាយុ៣២ឆ្នាំ និងឈ្មោះ គឹម ស៊ីទូក ភេទប្រុស អាយុ៣៥ឆ្នាំ ដែលស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។បច្ចុប្បន្នជនសង្ស័យដែលមានឈ្មោះខាងលើទាំង២ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានធ្វើការកសារសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ។
លោកវរសេនីយ៍ឯក វ៉ាន់ ដានីន ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានសូមសំណូមពរទៅបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរីទាំងមូលមកធ្វើការប្រុងប្រយ័ត្នខ្ពស់ ព្រោះក្នុងយុគសម័យថ្មីនេះ បចេ្ចកវិទ្យាប្រៀបដូចជាអាវុធមុខពីរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែវាក៏អាច ក្លាយជាមធ្យោបាយ ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាឆ្លៀតឱកាសប្រើប្រាស់ដើម្បីលួចយកទិន្នន័យ និងឆបោក ដើម្បីកេងយកប្រយោជន៍ណាមួយពីជនរងគ្រោះផងដែរ។
ដើម្បីចូលរួមទប់ស្កាត់ភាពងាយរងគ្រោះ និងប្រឆាំងបទល្មើសបច្ចេកវិទ្យា (Cyber Phishing) សូមប្រជាពលរដ្ឋទូទាំងប្រទេស សូមប្រុងប្រយ័ត្ន៖ ១-ចំពោះការផ្ទេរប្រាក់តាមអនឡាញ (Onidel payment/Payment Systeme / Entent Bawtay ។ ២-មានការប្រើប្រាស់បណ្តាញសង្គមឱ្យបានត្រឹមត្រូវ ។ ៣-ការត្រួតពិនិត្យលក្ខណៈឧបករណ៍បច្ចេកវិទ្យាព័ត៌មានជាប្រចាំ ។ ៤-កំណត់លេខសម្ងាត់នៅលើឧបករណ៍ឱ្យបានរឹងមាំ ។
៥-ធ្វើបច្ចុប្បន្នភាពកម្មវិធី នឹងកម្មវិធីកម្ចាត់មេរោគឱ្យទាន់សម័យដើម្បីប្រឆាំងនឹងមេរោគ ។ ៦-ត្រូវគិតមុននឹងចុចលើដំណរភ្ជាប់ (Link) ឬឯកសារផ្សេងៗ ។ ៧-ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្ញើរមុនពេលឆ្លើយតបទៅE-mail ឬសារ ៕
ចែករំលែកព័តមាននេះ