បំណុលសាធារណៈរបស់កម្ពុជា នៅត្រីមាសទី២ នៃឆ្នាំ២០២៤ កើនឡើងដល់ចំនួន ១១,២៧ពាន់លានដុល្លារ កើនឡើងប្រមាណជា១,៦២ ភាគរយធៀបនឹងកម្រិតបំណុលកាលពីត្រីមាសទី១ ។ នេះបើយោងតាមរបាយការណ៍របស់ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីៗនេះ ។
ប្រភពដដែលបានបន្តថា បំណុលទាំងនេះ៩៩ភាគរយ ជាបំណុលក្រៅស្រុក ហើយបំណុលនៅក្នុងស្រុក គឺមានតែ១ភាគរយប៉ុណ្ណោះ ដោយនៅក្នុងនោះគេដឹងថា ចិន គឺមានប្រមាណជា៣៦ភាគរយ ធនាគារអភិវឌ្ឈន៍អាស៊ីប្រមាណជា២២ភាគរយ កូរ៉េខាងត្បូង មាន១២ភាគរយ ជប៉ុន១១ភាគរយ ក្រៅពីនេះមានបារាំង ធនាគារពិភពលោក និងស្ថាប័នពហុភាគីមួយចំនួន ។
របាយការណ៍បានកត់សម្គាល់ថា នៅក្នុងឆមាសទីមួយ នៃឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកម្ចីសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ចំនួន៣១៣លានដុល្លារស្មើនឹង១៤ ភាគរយនៃពិដានដែលអនុញ្ញាតដោយច្បាប់ ។ ប្រភពដដែលបានបន្តថា គោលបំណងនៃប្រាក់កម្ចីទាំងនេះ គឺដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគសាធារណៈនៅក្នុងវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព រយៈពេលវែង និងផលិតភាពសេដ្ឋកិច្ចរបស់ប្រទេស ។
ប្រភពដដែលបានបន្តថា ទឹកប្រាក់ដែលបានខ្ចីគេមក គឺដើម្បីអភិវឌ្ឈន៍វិស័យដឹកជញ្ជូន ធារាសាស្ត្រ ថាមពល ផ្គត់ផ្គង់ទឹកស្អាត សុខាភិបាល កសិកម្ម អប់រំជាដើម ។ កាលពីខែមុន រដ្ឋាភិបាលកម្ពុជាបានចេញផ្សាយ នូវយុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈរយៈពេលប្រាំឆ្នាំដ៏ទូលំទូលាយសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដោយបង្ហាញពីផែនការរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់បំណុលសាធារណៈសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។
យោងតាមយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលនឹងខ្ចីប្រាក់ពី២,៣ពាន់លានដុល្លារ ទៅ២,៧ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំពីស្ថាប័នហិរញ្ញវត្ថុបរទេស និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដំណើរការអភិវឌ្ឈវិស័យដែលចាំបាច់នានា ៕
ចែករំលែកព័តមាននេះ