ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​៖ រាជរដ្ឋាភិបាល​បន្ត​ពង្រឹង​សុខាភិបាល ​តាម​រយៈ​អភិក្រម​ចំនួន​២

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​អគារ​មជ្ឈមណ្ឌល​កណ្តាល អគារ​វេជ្ជសាស្ត្រ​ស៊ី​ក្លូ​ត្រុ​ង និង​អគារ​ចំណត នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​អគារ​ទាំង​៣​នេះ គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៦២លាន​ដុល្លារ​អាម៉េរិក ដែល​ជា​ថវិកា​នៅ​សល់​ពី​គម្រោង​អគារ​តេ​ជោ​អភិវឌ្ឍន៍ ដែលសម្តេច​តេ​ជោ និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចូលរួម​បរិច្ចាគ និងសម្តេចបាន​អំពាវនាវ​ដល់​សប្បុរសជន​នានា​ឱ្យ​ចូលរួម​បរិច្ចាគ កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ រួម​នឹង​ថវិកា​ស្វយ័ត​សន្សំ​រំលស់​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​។

ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិ​ក​នោះ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ​ បាន​ចាត់​ទុក​វិស័យ​សុខាភិបាល​ជា​អាទិភាព​ដ៏​សំខាន់​បំផុត​។ រាជរដ្ឋាភិបាល​ បាននិងកំពុងធ្វើការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ ការ​បំពាក់​ឧបករណ៍​ពេទ្យ​ ការ​បណ្តុះបណ្តាល ការ​ជ្រើសរើស និងការ​ពង្រាយ​គ្រូពេទ្យ និងបុគ្គលិក​បច្ចេកទេស​ ក៏​ដូច​ជាការ​ផ្គត់ផ្គង់​ឱសថ​ជា​សារវន្ត នៅ​តាម​មណ្ឌល​សុខភាព និងមន្ទីរពេទ្យ​បង្អែក​ស្រុក​-​ខេត្ត ដើម្បី​ពង្រឹងសមត្ថភាព​ផ្តល់​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ ។

រាជរដ្ឋាភិបាល​បាន​ពង្រីក​បន្ថែម​នូវ​ការ​គ្របដណ្តប់ ​នៃ​កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល​ដល់​គ្រួសារ​ងាយ​រង​គ្រោះ និងក្រុម​គោលដៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព (​ប.ស​.ស​) ដល់​សមាជិកគ្រួសារ និងអ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប.ស​.ស និង ប្រជាជន​ស្វ័​យ​និ​យោជន៍ ព្រមទាំង​កម្មវិធី​ជំនួយ​សង្គម​ផ្សេង​ទៀត ជូន​ដល់​ប្រជាជន​គោលដៅ ហើយ​ត្រូវ​បាន​ធានា​ថា​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ ត្រូវ​ប្រកបដោយ​គុណភាព​ដូច​គ្នា ​ដោយ​គ្មាន​ការ​រើសអើង ​។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​នីតិ កាល​ទី​៧ នៃ​រដ្ឋសភា បន្ត​ពង្រឹង​ការ​ផ្តល់​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​អនុវត្ត​អភិក្រម​ចំនួន​២ អភិក្រម​ទី​១ ការ​អនុវត្ត​ពីលើ​ចុះ​ក្រោម គឺ​ការ​ធ្វើ​ទំនើប​កម្ម និង​ពិពិធ​កម្ម សេវា​សុខាភិបាល​នៅ​ថ្នាក់​ជាតិ​ឱ្យ​កាន់តែ​ទំនើប ហើយ​ឈាន​ទៅ​ពង្រីក​ទៅ​ដល់​ថ្នាក់​តំបន់ រហូត​ដល់​តាម​បណ្តា​ខេត្ត ដើម្បី​អាច​ធ្វើ​វិមជ្ឈការ​នូវ​សមត្ថភាព​ព្យាបាល​ជំងឺ​សំខាន់​មួយ​ចំនួន ដូច​ជា​វះកាត់​បេះដូង វះកាត់​ខួរក្បាល ដែល​អាច​ធ្វើ​បាន​នៅ​ត្រឹម​ថ្នាក់​តំបន់ និង​បណ្តា​ខេត្ត​នា​ពេល​អនាគត​។ ទាំងនេះ គឺជា​ការ​ចាំបាច់​ដែល​ត្រូវ​វិនិយោគ​ជាប់​ជា​ប្រចាំ​ដល់​ការ​ធ្វើ​ទំនើប​កម្ម និង​ពិពិធ​កម្ម​, ការ​បំពាក់​ឧបករណ៍​ពេទ្យ​ទំនើប​ ការ​បណ្តុះបណ្តាល​គ្រូពេទ្យ​ និងការ​ផ្គត់ផ្គង់​ឱសថ​ដែល​មានគុណ​ភាព​ខ្ពស់​។ អភិក្រម​ទី​២ គឺ​ការ​អនុវត្ត​ពីក្រោម​ឡើង​លើ ដែល​ជា​ការ​ពង្រឹង​សេវា​សុខាភិបាល​នៅ​មូលដ្ឋាន​ចាប់ផ្តើម​ពី​ការ​ពង្រឹង​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​។ នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​វិធានការ​គន្លឹះ​១ ក្នុង​ចំណោម​វិធាន​គន្លឹះ​៥ គឺ​ការ​ពង្រឹង​មណ្ឌល​សុខភាព ដែល​អាច​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ២៤​ម៉ោង​លើ​២៤​ម៉ោង និង ៧ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ជាក់ស្តែង នៅ​មូលដ្ឋាន​ ។

សម្តេច​ធិ​បតី បាន​មាន​ប្រសាសន៍​ថា គ្រូពេទ្យ​មានគុណ​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​អ្នកជំងឺ គ្រូពេទ្យ​គឺ​ធ្វើការ​របស់​ទេវតា គ្រូពេទ្យ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​ថែរក្សា​សុខភាព​សាធារណៈ និង​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​មនុស្ស​។ ជាមួយ​គ្នា​នេះ​ សម្តេច​ធិ​បតី បាន​អំពាវនាវ​ឱ្យ​ក្រសួងសុខាភិបាល ក្រសួង​អបរំ យុវជន និង​កីឡា និង​ប្រជាពលរដ្ឋ បង្កើន​ការ​អប់រំ​ផ្នែក​សុខភាព និង​ចូលរួម​បង្ការ​ជំងឺ​នានា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ “​សុខភាព​ល្អ គឺជា​ទ្រព្យ ឯ​សុខភាព​មិនល្អ គឺជា​បន្ទុក​”​ ។

សម្តេច​ធិ​បតី ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ដែល​មាន​ជំនាញ​បណ្តុះបណ្តាល​លើ​វិស័យ​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន ធ្វើ​យ៉ាងណា​ត្រូវ​ប្រកាន់​យក​ការ​បណ្តុះបណ្តាល​ប្រកបដោយ​ស្តង់ដារ និង​គុណភាព​ខ្ពស់ មាន​វិជ្ជាជីវៈ​ពិតប្រាកដ ដែល​អាច​ជួយ​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ ។

ជាមួយនឹង​ការ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល សម្តេច​ធិ​បតី បាន​ស្នើ​ក្រសួងសុខាភិបាល ដោយ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ បង្កើន​សម្ទុះ​នៃ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ក្នុង​វិស័យ​សុខាភិបាល ជា​ពិសេស ជំរុញ​ការ​បណ្តុះបណ្តាល​ឱ្យ​វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិក​ថែទាំ​វេជ្ជសាស្ត្រ ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្នែក​សុខាភិបាល​បាន​ទូលំទូលាយ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​ប្រព័ន្ធ​ទិន្នន័យ​សុខភាព​អ្នកជំងឺ សំដៅ​ជំរុញ​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល និង តាមដាន​សុខភាព ព្រមទាំង​ការ​ផ្តល់​សេវា​សុខាភិបាល​មានគុណ​ភាព​ខ្ពស់ និង ត្រឹមត្រូវ តាម​បច្ចេកទេស​សុខាភិបាល​ច្បាស់លាស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ