ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

យុទ្ធនាការ​ផ្សព្វផ្សាយ​ទីផ្សារ​ស្រា​បៀរ និង​គ្រឿង​ស្រវឹង​នៅ​កម្ពុជា នៅ​តែ​គគ្រឹកគគ្រេង ទោះបីជា​មក​ដល់​ពេល​នេះ ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ការ​ណែនាំ​កុំ​ឲ្យ​ផ្សព្វផ្សាយ​អោយ​ទាញ​មនុស្ស​ឲ្យ​ទទួលទាន​ស្រា​បៀរ​ដោយ​ប្រើ​រង្វាន់​ជា​ត្រីមុខ​ក៏​ដោយ​ចុះ ។ នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​នានា​ហាក់​គោរព​គោលការណ៍​នេះ​បាន​ល្អ ប៉ុន្តែ​នៅ​លើ​បណ្តាញ​សង្គម កំពុង​តែ​ផុលផុស​ខ្លាំង​នូវ​កម្មវិធី​ផ្សព្វផ្សាយ​រឿង​ផឹកស្រា​បៀរ​បាន​លុយ​រង្វាន់​ផ្សេង​ៗ…

យុទ្ធនាការ​ផ្សព្វផ្សាយ​ទីផ្សារ​ស្រា​បៀរ និង​គ្រឿង​ស្រវឹង​នៅ​កម្ពុជា នៅ​តែ​គគ្រឹកគគ្រេង ទោះបីជា​មក​ដល់​ពេល​នេះ ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ការ​ណែនាំ​កុំ​ឲ្យ​ផ្សព្វផ្សាយ​អោយ​ទាញ​មនុស្ស​ឲ្យ​ទទួលទាន​ស្រា​បៀរ​ដោយ​ប្រើ​រង្វាន់​ជា​ត្រីមុខ​ក៏​ដោយ​ចុះ ។

នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​នានា​ហាក់​គោរព​គោលការណ៍​នេះ​បាន​ល្អ ប៉ុន្តែ​នៅ​លើ​បណ្តាញ​សង្គម កំពុង​តែ​ផុលផុស​ខ្លាំង​នូវ​កម្មវិធី​ផ្សព្វផ្សាយ​រឿង​ផឹកស្រា​បៀរ​បាន​លុយ​រង្វាន់​ផ្សេង​ៗ ។ បងប្អូន​អ្នក​ទទួលទាន​ស្រា​បៀរ និង​គ្រឿង​ស្រវឹង​ទាំងឡាយ សូម​រិះគិត​ឡើង​វិញ ប្រសិនបើ​បងប្អូន​គិតតែ​នាំ​គ្នា​ផឹក​ព្រោះតែ​រង្វាន់​កុំ​អី​ល្អ​ជាង ប៉ុន្តែ​ប្រសិនបើ​ផឹក ដើម្បី​ការ​ជួបជុំ​ម្តងម្កាល នៅ​ក្នុង​កម្រិត​មួយ​ដែល​អាច គ្រប់គ្រង​បាន​ហើយ មិន​រំ​លោ​.​ភ​ច្បាប់​ចរាចរណ៍ នោះ​វា គឺជា​រឿង​មួយ​ផ្សេង ។

សូមកុំ​យកអាយុ​ជីវិត​ប្រថុយ​នឹង​រង្វាន់ ប្រសិនបើ​បងប្អូន​នាំ​គ្នា​ផឹក​ទៅ​បាន​រង្វាន់​ក្រុមហ៊ុនផលិតស្រាបៀរ នោះ​បាន​លុយ​ពី​ណាយ​កមក​ឲ្យ​បងប្អូន ។ ក្រុមហ៊ុន​គេ​ចែក​លុយ​ប៉ុណ្ណេះ គេ​សង្ឃឹមថា បាន​លុយរាប់​សិប លាន​ដុល្លារ​ពី​ការ​ផឹក​របស់​បងប្អូន រាល់​ថ្ងៃនេះ ។

តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ ដែល​មានឈ្មោះ​ថា គី​រី​ន (Kirin) ហើយ​ដែល​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​កន្លង បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​យើង​ជា​មធ្យម​ម្នាក់​ទទួល​ស្រា​បៀរ​ប្រហែលជា​៧២​លី​ត្រ នៅ​ក្នុង​១​ឆ្នាំ​ស្មើនឹង​២១៨​កំប៉ុង ដែល​មាន​ចំណុះ​៣៣០ មី​លី​លី​ត្រ ។

បងប្អូន​កុំ​យក​ជីវិត និង​សុខភាព​ទៅ​ប្រថុយ​ចង់បាន​រង្វាន់​ក្រែង​លោក​អ្នក​ធ្លាក់ខ្លួន​មាន​ជំងឺ​រ៉ាំរ៉ៃ​ហើយ​ស្លា​.​ប់​មុន​បាន​រង្វាន់​ពីព្រោះ​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ហើយ​ថា ជាតិ​អាល់កុល ឬ​ភេសជ្ជៈ​មាន​ជាតិ​អេតាណុល ពោល គឺ​សារធាតុ​ស្រវឹង​បាន​ស​ម្លា​.​ប់​មនុស្ស​លើស​ពី​២,៦ លាន​នាក់ ។ ក្នុង​ចំណោម​នោះ អ្នក​ស្លា​.​ប់​ទាំងនោះ​មាន​លើស​ពី​១,៦​លាន​នាក់ មក​ពី​ជំងឺមិនឆ្លង​៧​សែន​នាក់​បាន​ស្លា​.​ប់​ដោយសារ​របួស និង​៣​សែន​នាក់​បាន​ស្លា​.​ប់​ដោយសារ​ជំងឺឆ្លង​ផ្សេង​ៗ​នៅ​ក្នុងអំឡុងពេល​ផឹក ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង សូ​ម្បី​តែ​ក្នុង​កម្រិត​ទាប​ក៏​ដោយ​ក៏​វា​អាច​នាំ​មក​នូវ​ហានិភ័យ​ដល់​សុខភាព ប៉ុន្តែ​គ្រោះថ្នាក់​ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង ភាគច្រើន​កើត​ចេញពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង ជា​បន្តបន្ទាប់​បន្តិច​ម្តង​ៗ​នេះឯង ។
ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​តួនាទី​បង្ក​ជា​ជំងឺ​របួស និង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​ជាង​២00 ប្រភេទ ។ ការ​ទទួលទាន​គ្រឿង​ស្រវឹង ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺមិនឆ្លង​ដូច​ជា ជំងឺថ្លើម ជំងឺ​បេះដូង និង​ប្រភេទ​ផ្សេង​ៗ​នៃ​ជំងឺមហារីក​ក៏​ដូច​ជា សុខភាព​ផ្លូវចិត្ត និង​ស្ថានភាព​អាកប្បកិរិយា​ដូច​ជា ជំងឺ​ធ្លាក់​ទឹកចិត្ត ការ​ថប់​បារម្ភ និង​ការ​ញៀ​.​ន ។

ដូច្នេះ ការ​ផឹក​គ្រឿង​ស្រវឹង​ជោគ​ជាំ គឺ​ប្រៀប​ដូច​ជា ការ​នាំទុក្ខ និង​ជំងឺ​មក​ដាក់ខ្លួន​អ៊ីចឹង ក្រៅពី​ការ​ចំណាយ​លុយកាក់​ទៅ​លើ​គ្រឿង​ស្រវឹង ។ សាក​គិត​ទៅ​មើល បើសិនជា​ផឹក​បាន​រង្វាន់​គ្រប់​គ្នា​នោះ អ្នក​ផឹក​ទាំងអស់​បាន​ក្លាយជា​អ្នកមាន​បាត់​ទៅ​ហើយ ។ ប៉ុន្តែ​តាម​បទ​ពិសោធន៍​ជាក់ស្តែង អ្នក​ផឹក​មិន​បាន​ក្លាយជា​អ្នកមាន​លុយ​ទេ ប៉ុន្តែ​អ្នក​ផឹក​បាន​ជំងឺ​យក​មក​ដាក់ខ្លួន​សឹង​គ្រប់​គ្នា ។
អ្នក​ផឹក​ជា​ច្រើន​បាន​នាំ​គ្នា​ស្តាយ​ខ្លួន​នៅ​ពេល​ដែល​ពួក​គេ​កាន់តែ​ចាស់​ទៅ​ហើយ ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ។ ដូច្នេះ​ចូរ​យើង​ទាំងអស់​គ្នា​ឈប់​គិត​ទៅ​ថា ផឹក​នឹង​បាន​លុយ​ឬ​រង្វាន់ ។ ប៉ុន្តែ​ចង​ចាំ ជា​និច្ច​ថា ផឹក​ច្រើន​ជំងឺ​ច្រើន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ