ទីក្រុងប៉េកាំង៖ ប្រទេសចិនប្រកាសអំពីផែនការដំឡើងអាយុចូលនិវត្តឱ្យកាន់តែច្រើនជាងមុនដើម្បីឱ្យអ្នកបម្រើការនៅតាមស្ថាប័នរដ្ឋ និងឯកជនធ្វើការកាន់តែច្រើនឆ្នាំជាងមុនទើបអាចដាក់ពាក្យស្នើសុំចូលនិវត្ត។ ផែនការនេះនឹងចាប់ផ្ដើមអនុវត្តពីខែមករា ឆ្នាំ២០២៥តទៅ។ បណ្ឌិតសៀវជៀនផេង (Xiujain Peng) ជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅប្រទេសអូស្ត្រាលីយល់ថាដល់ពេលវេលាដែលរដ្ឋាភិបាលត្រូវដាក់ចេញវិធានការនេះហើយ។
លោកស្រីថ្លែងថាការពន្យារអាយុចូលនិវត្តនេះត្រូវរដ្ឋាភិបាលយកទៅពិភាក្សាគ្នាតាំងពីយូរមកហើយ ហើយសាធារណជនក៏បានជ្រាបអំពីរឿងនេះជាបណ្ដើរៗហើយដែរ។ ថ្វីដ្បិតគេមិនបានដឹងលម្អិតអំពីការបង្កើនអាយុចូលនិវត្ត ប៉ុន្តែសេចក្ដីប្រកាសនេះមិនមែនជាអ្វីដែលថ្មីដែលក៏មិនមែនជាអ្វីដែលគេមិនដែលបានដឹងពីមុនមកទេ។
ដូច្នេះ បើបានជាផែនការនេះត្រូវបានបង្ហើបឱ្យដឹងហើយ វាក៏ជាចំណាត់ការដ៏ល្អមួយផងដែរដោយសារប្រទេសចិនកំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្ម និងម៉្យាងទៀតដោយសារមនុស្សដែលត្រូវចូលនិវត្តមានកាន់តែច្រើន។ អីចឹងត្រូវតែពន្យារពេលចូលនិវត្តដើម្បីកុំសូវឱ្យអស់លុយរដ្ឋច្រើនពេក។
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ រដ្ឋាភិបាលតម្រូវឱ្យបុរសត្រូវចូលនិវត្តនៅអាយុ៦៣ឆ្នាំ។ មានន័យថាពន្យារពេល៣ឆ្នាំថែមទៀត។ សម្រាប់ស្ត្រីដែលធ្វើការជាបុគ្គលិកការិយាល័យដែលអាយុចូលនិវត្តពីមុន៥៥ឆ្នាំត្រូវដំឡើងដល់៥៨ឆ្នាំ។ អ្នកដែលធ្វើការនៅក្នុងរោងចក្រដែលធ្លាប់ចូលនិវត្តនៅអាយុ៥០ឆ្នាំ ឥឡូវនេះត្រូវដំឡើងដល់អាយុ៥៥ឆ្នាំទើបអាចចូលនិវត្ត។
បណ្ឌិតចាវលីតាវ (Zhao Litao) ជាអ្នកសិក្សាស្រាវជ្រាវនៅសិង្ហបុរីថ្លែងថាបញ្ហានេះត្រូវបានរដ្ឋាភិបាលយកទៅជជែកគ្នាជាច្រើនទសវត្សមកហើយ។ ប៉ុន្តែដោយសារមនុស្សមិនសប្បាយចិត្តនឹងផែនការនេះ និងម៉្យាងទៀតសង្គមនៅអាចទប់ទល់បាន (នឹងបញ្ហាខ្វះខាតកម្លាំងពលកម្ម) ដូច្នេះ វិធានការនេះមិនដែលបានយកមកអនុវត្តទេ។ សូម្បីតែរបាយការណ៍របស់រដ្ឋាភិបាលលចិនដែលអានដោយនាយករដ្ឋមន្ត្រីចិន លោកលីឆៀង កាលពីពេលកន្លងទៅក៏មិនបាននិយាយទេអំពីបញ្ហានេះ។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំមហាសន្និបាតកាលពីខែកក្កដា ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិនបានបំផុសវិធានការនេះឡើងវិញ។ យោងតាមដំណោះស្រាយដែលបានដាក់ចេញនោះ ប្រទេសចិននឹងចាប់ផ្ដើមពន្យារអាយុចូលនិវត្តជាបណ្ដើរៗទៅតាមគោលដំណាក់កាលនីមួយ, ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងទៅតាមស្ថានភាពជាក់ស្ដែង។ មានន័យថាត្រូវបត់បែនទៅតាមកាលៈទេសៈ៕
ចែករំលែកព័តមាននេះ