ទីក្រុងរ៉ង់ហ្គូន៖ ទឹកជំនន់ដែលបង្កឡើងដោយខ្យល់ព្យុះយ៉ាជីបានសម្លាប់មនុស្សយ៉ាងតិច៣៣នាក់នៅមីយ៉ាន់ម៉ា និងបង្ខំឱ្យប្រជាជនជាង២៣៥០០០នាក់នៅប្រទេសដដែលនេះត្រូវតែបង្ខំចិត្តចាកចោលផ្ទះសម្បែងមួយគ្រាសិន។ អ្នកនាំពា្យមីយ៉ាន់ម៉ា ឧត្ដមសេនីយ៍លោកសាមីនទុន (Zaw Min Tun) ថ្លែងថាប្រជាជនជាង៥ម៉ឺនគ្រួសារស្មើនឹងជាង២សែន ៣ម៉ឺននាក់ត្រូវចាកចោលផ្ទះសម្បែងដោយសារជំនន់ទឹកភ្លៀងដែលបណ្ដាលមកពីខ្យល់ព្យុះយ៉ាជី។
ដោយសាអាជ្ញាធរដាច់ទំនាក់ទំនងពីតំបន់មួយចំនួន អ្នកនាំពាក្យរូបនេះសូមជំរុញឱ្យអ្នកដែលរស់នៅក្បែរៗច្រាំងទន្លេគួរស្វែងរកទីកន្លែងសុវត្ថិភាព ហើយត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់រហូតដល់ថ្ងៃអាទិត្យសប្ដាហ៍នេះ។ អាជ្ញាធរកំពុងស៊ើបអង្កេតព័ត៌មានដែលចុះផ្សាយថាកម្មករអណ្ដូងរ៉ែមាសរាប់សិបនាក់នៅទីក្រុងម៉ាន់ដាឡេ (Mandalay) បានបាត់ខ្លួនអស់រលីងនៅពេលមានទឹកជំនន់មួយប្រាវហូរកាត់ទីនោះ។
ប្រជាជននៅផ្នែកខ្លះនៃប្រទេសវៀតណាម, ឡាវ, ថៃ និងមីយ៉ាន់ម៉ាត្រូវតែស៊ូទ្រាំរស់ជាមួយទុក្ខវេទនាដោយសារទឹកជំនន់ និងការបាក់ដីនេះជាបន្តទៀត។ ព្យុះនេះបង្កជាភ្លៀងធ្លាក់ខ្លាំងណាស់កាលពីសប្ដាហ៍មុន។ តាមពិត មីយ៉ាន់ម៉ាជួបនឹងបញ្ហាលំបាកតាំងពីមុនទឹកជំនន់នេះទៅទៀត។ មនុស្សជាង២លាន ៧សែននាក់បានផ្លាស់ប្ដូរទីលំនៅរួចហើយដោយសារសង្គ្រាមផ្ទៃក្នុង។ លុះដល់ពេលកើតមានទឹកជំនន់ និងការបាក់ដីលើកនេះទៀតរឹតតែធ្វើឱ្យស្ថានភាពប្រទេសនេះវឹកវរកាន់តែខ្លាំង។
ដោយឡែក បើគេក្រឡេកទៅមើលស្ថានភាពទឹកជំនន់ និងការបាក់ដីនៅប្រទេសថៃឯណោះវិញក៏មិនចាញ់មីយ៉ាន់ម៉ាប៉ុន្មានដែរ។ នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន បានចេញបញ្ជាឱ្យមន្ត្រីក្រោមឱវាទចុះជួយប្រជាជនដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅស្រុកមេសៃ (Mae Sai) នៃខេត្តឆៀងរ៉ៃដែលមានព្រំប្រទល់ជាប់នឹងប្រទេសមីយ៉ាន់ម៉ា។
ទឹកជំនន់នៅទីនោះលិចភូមិស្រុកអស់ជាច្រើនថ្ងៃមកហើយ ហើយមិនទាន់ស្រកទៅវិញនៅឡើយទេ។ មិនតែប៉ុណ្ណោះខ្សែទឹកនៅតំបន់ខ្លះហូរត្របាញ់គ្នាយ៉ាងខ្លាំង ជាហេតុធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះពិបាកចេញប្រតិបត្តិការឱ្យបានពេញដៃពេញជើង។ នាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះធ្លាប់មានវង្សត្រកូលជាអ្នកនយោបាយដែលយកចិត្តទុកដាក់ខ្ពស់ចំពោះកសិករ។
លោកស្រីបានចុះទៅស្រុកមេសៃដោយផ្ទាល់ និងអំពាវនាវឱ្យអាជ្ញាធរបញ្ជូនស្បៀងអាហារ និងទឹកស្អាតចែកជូនប្រជាជនរងគ្រោះ។ លោកស្រីសង្កត់ធ្ងន់ថាត្រូវធានាឱ្យបានថាក្រុមអ្នកជួយសង្គ្រោះអាចបំពេញការងារដោយសុវត្ថិភាព។ រាជរដ្ឋាភិបាលថៃបានបញ្ចេញថវិកាជាតិជួយសម្រួលបញ្ហាលំបាករបស់ប្រជាជនដើម្បីឱ្យពួកគាត់ទទួលបានជំនួយ និងដើម្បីធ្វើឱ្យសភាពការណ៍ល្អប្រសើរជាងនេះ។
មូលហេតុដែលស្រុកមេសៃរងគ្រោះខ្លាំងព្រោះប្រឈមនឹងទឹកទន្លេសៃដែលហក់ឡើងយ៉ាងឆាប់រហ័ស។ តំបន់ខ្លះនៅជាប់នឹងព្រំដែនប្រទេសភូមានៅតែហ៊ុមព័ទ្ធដោយទឹកជំនន់ និងដាច់ទំនាក់ទំនងពីតំបន់ដទៃទៀត។ ដូច្នេះក្រុមអ្នកជួយសង្គ្រោះច្រើនប្រើប្រាស់អូប័រដើម្បីចែកអំណោយជូនអ្នកអត់-ឃ្លាន។ រហូតមកដល់ពេលនេះ អាជ្ញាធររកឃើញថាមនុស្សយ៉ាងតិចដប់នាក់បានស្លាប់នៅខេត្តឆៀងម៉ៃ, ឆៀងរ៉ៃ និងតំបន់ដទៃទៀត៕
ចែករំលែកព័តមាននេះ