រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបានបង្កកទ្រព្យសម្បត្តិរបស់លោកអ្នកឧញ៉ា លី យ៉ុងផាត់ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកញ្ញា បានលើកឡើងថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចចិត្តដោយអយុត្តិធម៌ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សំដៅលើធុរជនកម្ពុជាលោក លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធ ចំនួន៤ ទៀត ។
ថ្លែងការណ៍បានលើកឡើងថា វិធានការ ដែលត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ ដែលមិនមានមូលដ្ឋានច្បាស់លាស់ ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញនេះ មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតី នៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយឯកឧត្តម ឡយ ជេ អូស្ទីន (Lloyd J. Austin III) រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនា កន្លងទៅ ។
តួនាទីរបស់លោក លី យ៉ុងផាត់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ តាមរយៈក្រុមហ៊ុន L.Y.P Group ការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់ បន្ថយភាពក្រីក្រ បានផ្តល់ផលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាច្រើនពាន់នាក់ ។
ថ្លែងការណ៍លើកឡើងទៀតថា ការពឹងផ្អែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទៅលើរបាយការណ៍ការជួញដូរមនុស្សយកធ្វើជាមូលដ្ឋាន នៃសកម្មភាពទាំងនោះ ពិតជាគួរឱ្យសោកស្តាយ និងនាំឱ្យមានការយល់ខុស។ របាយការណ៍នេះមិនបានផ្តល់ នូវរូបភាព ដែលមានតុល្យភាព និងសុក្រឹតអំពីការប្តេជាចិត្តដ៏មុតមាំរបស់កម្ពុជាលើ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ មនុស្ស និង ពលកម្មដោយបង្ខំ ។
កម្ពុជាបានសម្រេច នូវវឌ្ឍនភាពសំខាន់ៗជាច្រើន ក្នុងការដោះស្រាយបញ្ហាទាំងនេះ ដោយសហការជាមួយដៃគូអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ វិធានការបុរេសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋឆ្លងដែន ដែលមានលក្ខណៈស្មុគស្មាញ បានបង្ហាញពីការប្តេជ្ញាចិត្តដាច់ខាតក្នុងការលើកកម្ពស់ភាពថ្លៃថ្នូរបស់មនុស្សជាតិ និងគោលការណ៍នីតិរដ្ឋ។ ការអះអាងថា កម្ពុជាមិនបានយកចិត្តទុកដាក់ ឬព្រងើយកន្តើយក្នុងការអនុវត្តច្បាប់ ជាការយល់ខុស យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់កម្ពុជា ឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគ្រស្មាញនេះ។ ក្នុងការដោះស្រាយការប្រឈម កម្ពុជានៅតែបើកចំហដល់កិច្ចសហប្រតិបត្តិការ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការ ជាមួយដៃគូអន្តរជាតិនានា រួមទាំងសហរដ្ឋអាមេរិកផង ក្នុងការដោះស្រាយការប្រឈមជាសកលនេះ ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ៖ “ទោះជាយ៉ាងណា យើងទទូចថា កិច្ចខិតខំប្រឹងប្រែងបែបនេះ ត្រូវឈរលើមូលដ្ឋាន នៃកិច្ចសន្ទនា ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ការគោរពអធិបតេយ្យភាព និងស្មារតីភាពជាដៃគូពិតប្រាកដ” ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មជាឯកតោភាគីនេះ ជាការមិនគោរពច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ជាពិសេសគោលការណ៍សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកគ្នាទៅវិញទៅមក ៕
ចែករំលែកព័តមាននេះ