ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹកទន្លេ​ក្រហម​ឡើង​ពេញ​ប្រៀប ហៀរហូរ​ចូល​ផ្លូវ តម្រូវ​ឲ្យ​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​មួយ​ចំនួន នៃ​ទីក្រុង​ហាណូយ

4 ខែ មុន

វៀតណាម ៖ ទីក្រុង​ហាណូយ កំពុង​ជួប​ប្រទះ​គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត មិន​ធ្លាប់​មាន​ទេ ក្នុង​ប្រវត្តិសាស្ត្រ​ជាង​២០​ឆ្នាំ​មកនេះ ដោយសារ​តែ​ទឹកទន្លេ​ក្រហម បាន​ហក់​ឡើង​យ៉ាង​លឿន ពេញ​ប្រៀប និង​ហៀរហូរ​ចូល​ផ្លូវ…

វៀតណាម ៖ ទីក្រុង​ហាណូយ កំពុង​ជួប​ប្រទះ​គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត មិន​ធ្លាប់​មាន​ទេ ក្នុង​ប្រវត្តិសាស្ត្រ​ជាង​២០​ឆ្នាំ​មកនេះ ដោយសារ​តែ​ទឹកទន្លេ​ក្រហម បាន​ហក់​ឡើង​យ៉ាង​លឿន ពេញ​ប្រៀប និង​ហៀរហូរ​ចូល​ផ្លូវ តម្រូវ​ឲ្យ​ប្រជាជន​វៀតណាម​នៅ​តំបន់​មួយ​ចំនួន នៃ​ទីក្រុង​ហាណូយ ត្រូវ​ជម្លៀស​ចេញ និង​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ជាប់​គាំង ដោយ​ពឹងផ្អែក​លើ​ជំនួយ​សង្គ្រោះ​បន្ទាន់ នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម VN express ។

មជ្ឈមណ្ឌល​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម​របស់​វៀតណាម បាន​រាយការណ៍​ថា កម្ពស់​ទឹកទន្លេ​ក្រហម នៅ​ទីក្រុង​ហាណូយ បាន​កើនឡើង​ដល់​១០,៨៦​ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ និង​១១,១០​ម៉ែត្រ នៅ​ពេល​ថ្ងៃត្រង់ ។ កម្រិត​នេះ បាន​ឈាន​ដល់​ការ​បំបែក​កំណត់​ត្រា​ចាស់ តែ​១១​ម៉ែត្រ​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០០៤ ។

កម្ពស់​ទឹកទន្លេ​ក្រហម បាន​កើនឡើង​ដល់ ១០,៥​ម៉ែត្រ កាលពី​យប់​ថ្ងៃ​អង្គា​រ៍ ។ ទឹកទន្លេ​ឡើង​លឿន​បែប​នេះ អាជ្ញាធរ​ទីក្រុង​ហាណូយ បាន​ចេញ​ការ​ព្រមាន​ភ្លាម​ៗ ផង​ដែរ ។ អ្នកស្រុក​ជា​ច្រើន បាន​ប្រើ​ធុង​ទឹក​ធ្វើ​ជា​ក្បូន​បណ្តោះអាសន្ន ដើម្បី​ដឹក​ជញ្ជូន​របស់របរ​ចេញពីផ្ទះ និង​អគារ ។

មន្ត្រី​ចូល​និវត្តន៍​ម្នាក់ បាន​និយាយ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក គាត់​មិន​បានឃើញ​ទឹកជំនន់​ដូច្នេះ​ទេ ។ លោក​បន្ត​ថា “​ទឹក​ជន់​លិច បាន​ហក់​ឡើង​យ៉ាង​លឿន កើនឡើង​៣០​សង់ទីម៉ែត្រ ក្នុង​រយៈពេល​ត្រឹមតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​។ តែ​សំណាងល្អ ទឹកជំនន់ បាន​កើតឡើង​នៅ​ពេល​ថ្ងៃ ដូច្នេះ​មនុស្ស​អាច​ជម្លៀស​ចេញ​បាន​ទាន់​ពេលវេលា​” ។

មជ្ឈមណ្ឌល​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍​ថា ផ្អែក​តាម​រូបភាព​ផ្កាយ​រណប និង​ទិន្នន័យ​រ៉ា​ដា​អាកាសធាតុ បាន​បង្ហាញ​ថា បន្ទាប់​ពី​ព្យុះ​ទី​ហ្វុ​ង Yagi បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រួច​មក នៅ​ពេល​នេះ មាន​ពពក​វិល​កំពុង​ឆ្ពោះទៅ​ទីក្រុង​ហាណូយ ។ ពពក​មាន​ខ្យល់​បក់​ខ្លាំង​លើ​ខេត្ត Bac Ninh និង​ខេត្ត Hung Yen ត្រូវ​បាន​គេ​រំពឹង​ថា វា​នឹង​បន្ត​ឆ្ពោះទៅ​ទីក្រុង​ហាណូយ ក្នុង​រយៈពេល ៣​ម៉ោង​ខាង​មុខ ។ ពពក​ទាំងនេះ នឹង​នាំ​មក​នូវ​ទឹកភ្លៀង ផ្គរ និង​រន្ទះ មក​ទីក្រុង​ហាណូយ ដែល​អាច​អម​ដោយ​ព្យុះកំបុតត្បូង ផ្លេកបន្ទោរ ថែម​ទាំង​ខ្យល់​បក់​ខ្លាំង ។

សូម​ជម្រាប​ឡើង​វិញ​ថា ព្យុះ​ទី​ហ្វុ​ង Yagi បាន​បោកបក់​ចូល​ដែនទឹក នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ហើយ​រយៈពេល​០២​ថ្ងៃ​ក្រោយមក ព្យុះ​នេះ​បាន​បក់​បោក​ទៅ​ជា​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា​មួយ ជាមួយនឹង​កម្លាំង​ខ្យល់​បក់​ខ្លាំង​រហូត​ដល់ ២០១​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ វា​បាន​ធ្វើ​ឲ្យ​មានការ​បាក់​ដី​នៅ​ឆ្នេរ​ភាគ​ខាងជើង កាលពី​ថ្ងៃ​សៅរ៍ ស​ប្តា​ហ៍​មុន ដោយ​មាន​កម្លាំង​ខ្យល់​ដល់​ទៅ ១៤៩​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ Yagi វា​ជា​ព្យុះ​ដ៏​ខ្លាំង​បំផុត នៅ​អាស៊ី នា​ឆ្នាំ​នេះ និង​វាយប្រហារ​ប្រទេស​វៀតណាម​ខ្លាំង​បំផុត មិន​ធ្លាប់​មាន​ទេ ក្នុង​រយៈពេល​ជិត​បី​ទសវត្សរ៍ មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ