សហរដ្ឋអាមេរិក ៖ ពាក្យចចាមអារ៉ាមបាននិងកំពុងផ្ទុះឡើងដោយអះអាងថា Batista កំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ បន្ទាប់ពីអតីតកំពូលកីឡាកាស WWE ដ៏ល្បីរបស់ពិភពលោករូបនេះ បង្ហាញវត្តមាននៅក្នុងកម្មវិធីមួយ កាលពីពេលថ្មីៗនេះ ជាមួយរូបរាងដែលស្រកទម្ងន់ស្គមគួរឱ្យភ្ញាក់ផ្អើលជាទីបំផុត។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ កាលពីថ្មីៗនេះ អតីតអ្នកកីឡាកាសសញ្ជាតិអាមេរិកវ័យ៥៥ឆ្នាំ ដែលប្រែខ្លួនក្លាយជាតារាសម្តែងហូលីវូដដ៏ល្បីរូបនេះ បានចេញមកបញ្ជាក់ផ្ទាល់អំពី0 បច្ចុប្បន្នភាពរបស់លោក។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Sportskeeda ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅ។
ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយនឹងគេហទំព័រ BuzzFeed Celeb លោក Batista ដែលមានឈ្មោះពិតថា David Michael Bautista Jr. បានធានាដល់អ្នកគាំទ្ររបស់ខ្លួនថា សុខភាពលោកល្អជាធម្មតា និងមានអារម្មណ៍ល្អប្រសើរជាងមុន បើធៀបនឹងពេលលោកមានមាឌធំ សាច់ដុំកង់ៗ កាលពីកន្លងមក។
លោកបានថ្លែងថា «កាលពីថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ខ្ញុំស្រកទម្ងន់ច្រើន ហើយអ្នកខ្លះចោទសួរថា តើខ្ញុំមានបញ្ហាសុខភាពមែនទេ?ខ្ញុំនៅតែមានទម្ងន់១០៨គីឡូ (២៤០ផោន) ហើយខ្ញុំមានអារម្មណ៍ល្អជាងពីមុន។ តើអ្នកចង់បានអ្វីពីខ្?អ្នកដឹងទេថា ខ្ញុំនឹងមិនអាចនៅតែមានទម្ងន់១៣៦គីឡូ (៣០០ផោន) ពេញមួយជីវិតរបស់ខ្ញុំនោះទេ»។
គួររំលឹកផងដែរថា អតីតកំពូលអ្នកកីឡាកាស Batista បានចូលនិវត្តន៍ពីអាជីពនៅលើសង្វៀនកាលពីជាង៥ឆ្នាំមុន បន្ទាប់ពីចាញ់កីឡាករ Triple H នៅកម្មវិធី WrestleMania 35 មុនពេលក្លាយជាតារាសម្តែងពេញសិទ្ធិរបស់ហូលីវូដ បើទោះបីជាលោកធ្លាប់ចូលរួមសម្តែងជាតួបន្ទាប់បន្សំក្នុងកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តមួយចំនួន តាំងពីចូលនិវត្តន៍ពីអាជីពកីឡាកាសយ៉ាងក៏ដោយ។ ហើយកាលពីពេលថ្មីៗនេះ លោកបានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្ត The Killer’s Game សម្រាប់ឆ្នាំ ២០២៤ ផងដែរ៕ ប្រភព ៖ Sportskeeda
ចែករំលែកព័តមាននេះ