ទីក្រុងវ៉ាស៊ីនតោន៖ នៅរាត្រីថ្ងៃអង្គារ បេក្ខជនប្រធានាធិបតីទាំងពីររូបរបស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនឹងឡើងតទល់មតិគ្នាឱ្យដឹងស-ខ្មៅម្ដងបន្ទាប់ពីលោកបៃដិនឡើងតទល់ជាមួយលោកត្រាំកាលពីចុងខែមិថុនាចាញ់ច្រាបលោកត្រាំខ្លាំងមែនទែន។ កាលនោះ គេសង្កេតឃើញថាលោកបៃដិននិយាយមិនបានល្អទេតាំងពីដើមរហូតដល់ចប់។
ដូច្នេះ លើកនេះលោកស្រីហារីសនឹងឡើងសងសឹកជួសលោកបៃដិនវិញម្ដង។ គេគិតថាគម្រោងជួបគ្នារវាងលោកត្រាំ និងលោកស្រីហារីសប្រហែលមានតែលើកនេះប៉ុណ្ណោះ។ ដូច្នេះ ជាលើកដំបូង និងជាលើកចុងក្រោយផងដែរ។ វានឹងក្លាយជាការប្រកួតគ្នាដ៏ស្វិតស្វាញតែម្ដងគត់ដែលកំណត់ជោគវាសនា-អនាគតនៃភាពចាញ់-ឈ្នះនៅក្នុងការបោះឆ្នោតជាក់ស្ដែង។
វេទិកាដែលរៀបចំឡើងនៅលើកញ្ចក់ទូរទស្សន៍អេប៊ីស៊ីអាមេរិកនេះ (ABC) នឹងចាប់ផ្ដើមនៅម៉ោង៩យប់។ នៅសល់តែ៨សប្ដាហ៍ទៀតប៉ុណ្ណោះនឹងឈានដល់ការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកហើយ។ លទ្ធផលស្ទង់មតិមិនទាន់បង្ហាញថាបេក្ខជនរូបណាមានប្រៀបខ្លាំងជាងបេក្ខជនរូបណាទេ។ កាលពីមុននេះ លទ្ធផលរបស់រ៉យទ័របង្ហាញថាលោកស្រីហារីសនាំមុខលោកត្រាំបន្តិចបន្តួច។ ប៉ុន្តែលទ្ធស្ទង់មតិរបស់ញូយ៉កថាមបង្ហាញថាអ្នកទាំង២មានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា។
មិនចាំបាច់រង់ចាំដល់ថ្ងៃទី៤ ខែវិច្ឆិកានោះទេ ពលរដ្ឋអាមេរិកអាចចេញទៅបោះឆ្នោតមុនកាលកំណត់ជាបណ្ដើរៗចាប់ពីក្រោយពេលដែលបេក្ខជនទាំង២ឡើងតទល់មតិគ្នា។ លោកត្រាំធ្វើអារម្មណ៍ធម្មតាសម្រាប់គម្រោងជួបគ្នាលើកនេះ។ ប៉ុន្តែលោកស្រីហារីសចាត់ទុកថានេះជាព្រឹត្តិការណ៍សំខាន់សម្រាប់អាជីពនយោបាយរបស់លោកស្រី។ ផ្ទុយពីលោកត្រាំដែលមានគេស្គាល់ច្រើនហើយ លោកស្រីហារីសត្រូវការផ្សព្វផ្សាយខ្លួនឯងទៅកាន់សាធារណជនឱ្យបានច្រើនបន្ថែមទៀត។
គេសម្លឹងឃើញចំណុចខ្សោយរបស់លោកត្រាំ និងចំណុចមានប្រៀបរបស់លោកស្រីហារីសនៅត្រង់ថាការតទល់មតិគ្នានេះធ្វើឡើងចំពេលលោកត្រាំកំពុងតែមានរឿងក្ដីក្ដាំនៅតុលាការ។ លោកស្រីហារីសធ្លាប់ធ្វើជារដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រញ៉ា។ ដូច្នេះ វេទិកានេះប្រាកដជាល្អមើលជាមិនខានទេបើលោកស្រីហារីសឆ្កឹះយកចំណុចខ្សោយរបស់លោកត្រាំមកវាយប្រហារពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ។ ជាពិសេស ករណីដែលអ្នកគាំទ្រលោកត្រាំចូលអុកឡុករដ្ឋសភាកាលពីដើមឆ្នាំ២០២១។
បើវេទិកាតទល់មតិនេះចេញលទ្ធផលមកប្រហាក់ប្រហែលគ្នា គ្មានអ្នកឈ្នះ និងអ្នកចាញ់ ក្រុមអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តជាលើកចុងក្រោយថាត្រូវបោះឱ្យបេក្ខជនរូបណាប្រាកដជានៅស្ទាក់ស្ទើរ។ តាមដឹងមកថាក្រុមទីប្រឹក្សារបស់លោកត្រាំ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សសាធារណរដ្ឋបានជំរុញឱ្យលោកត្រាំជ្រើសរើសយកបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងនឹងទំនិញឡើងថ្លៃមកនិយាយនៅក្នុងវេទិកានោះ។ ពលរដ្ឋអាមេរិកចាប់អារម្មណ៍ខ្លាំងទៅលើបញ្ហាទាំង២នេះ។
តាមពិតវេទិកាតទល់មតិគ្នានេះទោះបីនរណាឈ្នះ, ចាញ់ ឬស្មើគ្នាមិនពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតជាផ្លូវការនោះទេ។ គ្រាន់តែថាវាអាចជាកាតាលីករ ឬធាតុផ្សំដែលជួយរកសំឡេងឆ្នោតឱ្យបេក្ខជនម្នាក់ៗ។ គេមិនត្រូវភ្លេចទេថាគ្រាន់តែលោកបៃដិនចាញ់ប្រៀបលោកត្រាំនៅក្នុងវេទិកានេះ លោកត្រូវសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាធិតេយ្យនិយាយដុកឱ្យលោកដកខ្លួនថយជាបន្ទាន់ ហើយដាក់លោកស្រីហារីសជំនួសវិញ៕
ចែករំលែកព័តមាននេះ