ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ហាមឃាត់​ការ​សង់​សណ្ឋាគារ​លើ​កោះ​បាលី ដែល​ជា​ការ​អភិវឌ្ឍន៍​ហួស​កម្រិត

3 ខែ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី បាន​យល់ព្រម​កំណត់​ការ​ផ្អាក​ការ​សង់​សណ្ឋាគារ វីឡា និង​ក្លិប​កម្សាន្ត​រាត្រី​ក្នុង​តំបន់​មួយ​ចំនួន​នៅ​លើ​កោះ​បាលី (Bali) ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដែល​កំពុង​ប្រឈម​នឹង​ការ​ប្រើប្រាស់​ដី​អភិវឌ្ឍន៍​ហួស​កម្រិត​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​ជាន់ខ្ពស់​មួយ​រូប…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី បាន​យល់ព្រម​កំណត់​ការ​ផ្អាក​ការ​សង់​សណ្ឋាគារ វីឡា និង​ក្លិប​កម្សាន្ត​រាត្រី​ក្នុង​តំបន់​មួយ​ចំនួន​នៅ​លើ​កោះ​បាលី (Bali) ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដែល​កំពុង​ប្រឈម​នឹង​ការ​ប្រើប្រាស់​ដី​អភិវឌ្ឍន៍​ហួស​កម្រិត​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​ជាន់ខ្ពស់​មួយ​រូប កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៤​។

ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា បានឱ្យ​ដឹង​ថា ការ​ផ្អាក​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ីក្នុង​ការ​ធ្វើ​កំណែទម្រង់​ទេសចរណ៍​នៅ​លើ​កោះ​បាលី ដែល​ជា​កន្លែង​ទាក់ទាញ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក៏​ដូច​ជា​ដើម្បី​ព្យាយាម​លើកកម្ពស់​គុណភាព និង​ការងារ រួម​ទាំង​រក្សា​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​របស់​កោះ​មួយ​នេះ​។

លោក ហឺ​មីន អេស​ធី (Hermin Esti) មន្ត្រីជាន់ខ្ពស់​ក្រសួង​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​ការ​វិនិយោគ បាន​ប្រាប់ Reuters ថា រដ្ឋាភិបាល​បាន​យល់ព្រម​កំណត់​ការ​ផ្អាក​នេះ បើ​ទោះបីជា​ពេលវេលា​ពិតប្រាកដ​កំពុង​ត្រូវ​បាន​ពិភាក្សា​យ៉ាងណា​ក៏​ដោយ​។

កាលពី​ថ្ងៃ​សៅរ៍​មុន លោក សាង​ម៉េ​ត ម៉ា​ហេ​ន​ដ្រា ចា​យ៉ា (Sang Made Mahendra Jaya) អភិបាល​បណ្តោះអាសន្ន​កោះ​បាលី​បាន​ថ្លែង​ថា លោក​បាន​ស្នើ​ឱ្យ​ផ្អាក​នៅ​តំបន់​មមាញឹក​ចំនួន ៤ របស់​កោះ​បាលី​ទៅ​រដ្ឋាភិបាល​កណ្តាល ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ហួសហេតុ សម្រាប់​គោលបំណង​ពាណិជ្ជកម្ម ដូច​ជា​សណ្ឋាគារ វីឡា និង​ក្លិប​កម្សាន្ត​ជាដើម​។ លោក លូ​ហ៊​ត ផេ​ន​ចា​តាន (Luhut Pandjaitan) រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​ការ​វិនិយោគ ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ក្នុងស្រុក Detik ដោយ​បាន​លើក​ឡើង​ថា ការ​ផ្អាក​អាច​អូស​បន្លាយពេល​រហូត​ដល់​១០​ឆ្នាំ​។

ការ​មក​ដល់​របស់​ជនបរទេស​នៅ​កោះ​បាលី បាន​កើនឡើង​ចាប់តាំងពី​កោះ​នេះ​បើក​ឡើង​វិញ​សម្រាប់​វិស័យ​ទេសចរណ៍ បន្ទាប់​ពី​ការ​រាតត្បាត​កូ​វី​ដ​-១៩​។ វី​ដេ​អូ​របស់​ភ្ញៀវ​ទេសចរ​ដែល​ប្រព្រឹត្ត​អាកប្បកិរិយា​មិន​សមរម្យ​ក៏​បាន​កើនឡើង​ផង​ដែរ ដោយ​ធ្វើ​ឱ្យ​អ្នកស្រុក​នៅ​កោះ​បាលី​មិន​ពេញចិត្ត និង​ខឹងសម្បា​យ៉ាង​ខ្លាំង​។

តួលេខ​របស់​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បង្ហាញ​ថា ភ្ញៀវ​បរទេស​ចំនួន ២.៩​លាន​នាក់​បាន​មក​ដល់​អាកាសយានដ្ឋាន​កោះ​បាលី នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​នេះ ដែល​ស្មើនឹង ៦៥% នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​តាម​ផ្លូវអាកាស​។ សណ្ឋាគារ​ចំនួន ៥៤១ នៅ​លើ​កោះ​បាលី​ត្រូវ​បាន​កត់ត្រា​កាលពី​ឆ្នាំ​មុន ពោល​កើនឡើង​ពី​ចំនួន ៥០៧ កាលពី​ឆ្នាំ ២០១៩៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ