រាជធានីភ្នំពេញ ៖ ជនសង្ស័យវ័យជំទង់២នាក់បានជិះម៉ូតូ១គ្រឿងដឹកគ្នាចេញដើរធ្វើសកម្មភាពលួចកាបូបលុយតាមផ្ទះនិងកន្លែងលក់ដូរនានាដែលអាចលួចបាន ហើយពេលទៅដល់ផ្ទះលក់ដូរអីវាន់មួយកន្លែង ឃើញឱកាសល្អក៏បានចូលទៅលួច ។ប៉ុន្តែត្រូវបានម្ចាស់ផ្ទះឃើញទាន់ ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាជួយដេញចាប់បានម្នាក់ភ្លាមៗ ។ បន្ទាប់មកបានប្រគល់ឲ្យនគរបាល នាំទៅធ្វើការសាកសួរនិងចាត់ការតាមច្បាប់ ចំណែកឯបក្សពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលក់ដូរអីវាន់មួយកន្លែង ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យវ័យក្មេងម្នាក់ដែលត្រូវចាប់ខ្លួន នៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយនគរបាលកំពុងសួរនាំ ចំណែកម្ចាស់ផ្ទះកើតហេតុខាងកលើ ក៏មិនបានប្រាប់ឲ្យដឹងអត្តសញ្ញាណរបស់ខ្លួននោះដែរ ។
អ្នកភូមិបាននិយាយថា នៅមុនពេលកើតហេតុជនសង្ស័យវ័យជំទង់២នាក់នោះបានជិះម៉ូតូម៉ាកហុងដាប៊ីត១គ្រឿងមិនចាំស្លាកលេខទៅឈប់នៅចំណុចមុខផ្ទះកើតហេតុខាងលើនោះ បន្ទាប់មកជនសង្ស័យម្នាក់ដែលជាអ្នកជិះខាងក្រោយបានចុះដើរចូលទៅក្នុងផ្ទះបានធ្វើសកម្មភាពលួចកាបូបលុយក្នុងផ្ទះនោះ រីឯម្នាក់ទៀតអង្គុយលើម៉ូតូរង់ចាំនៅខាងក្រៅ ។ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះឃើញទាន់ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពួកគាត់ដែលជាអ្នកភូមិនិងជាអ្នកជិតខាង បាននាំគ្នាដេញចាប់បានម្នាក់ រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍កន្ទោកនាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ដោយឡែកបក្សពួកម្នាក់ទៀត ដែលជាអ្នកឌុបនិងកំពុងរង់ចាំនៅខាងក្រៅនោះ បានជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាពហើយនគរបាលកំពុងបន្តនិតិវិធីស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនថែមទៀតហើយ ៕
ចែករំលែកព័តមាននេះ