ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ចោរចិនដ៏ព្រហើន​ម្នាក់លួចឡាន​​២គ្រឿង​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ បាន​សហការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​លួច​រថយន្ដ​២​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ បាន​សហការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​លួច​រថយន្ដ​២​គ្រឿង ដែល​កើតឡើង​នៅ​ភូមិសាស្ដ្រ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ករណី​បាត់​រថយន្ដ​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ និង​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​ចោរ​បាន​លួច​រថយន្ដ​ម៉ាក HYUNDAI STAREX ពណ៌​ស ផលិត​ឆ្នាំ​២០០៨ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ២C-២៦៨៨ លើ​ផ្លូវ​បេតុង​បុរី​ញូ​ថោ​ន ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ និង​ម៉ាក TOYOTA TACOMA ពណ៌​ទឹកប្រាក់ ឆ្នាំ​ផលិត​២០០២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AA-១១៤៩ ចំណុច​លើ​ផ្លូវ​បេតុង​មុខ​ផ្ទះ​គ្មាន​លេខ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រហូត​ដល់​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ បាន​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ នៅ​ចំណុច​លើ​ផ្លូវ​បេតុង​ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ និង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រថយន្ត​ទាំង​២​គ្រឿង ដែល​ជា​របស់​ជន​រង​គ្រោះ​ផ្សេង​គ្នា យក​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដើម្បី​បន្ត​នីតិវិធី ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ZHANG JUN អាយុ​៥១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ មាន​ជំនាញ​ខាង​លួច​រថយន្ត ។ ក្នុង​នោះ​វត្ថុ​តាង​ចាប់​យក​បាន​រថយន្ត​២​គ្រឿង ដែល​ជា​របស់​ជន​រង​គ្រោះ ម៉ាក HYUNDAI STAREX ពណ៌​ស ផលិត​ឆ្នាំ​២០០៨ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ២C-២៦៨៨ និង​ម៉ាក TOYOTA TACOMA ពណ៌​ទឹកប្រាក់ ឆ្នាំ​ផលិត​២០០២ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២AA-១១៤៩ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។ បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កំពុង​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ