ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«មាន​ទឹកត្នោតជូរ​ ត្រូវ​តែ​មាន​ស្រា​បៀរ» នេះ​ជា​ការ​លើក​ឡើង​របស់​ម៉ាក់ លី​ន​ណា

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទឹកត្នោតជូរ​នៅ​តែ​ជាទី​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ដែល​មាន​ជា​យូរលង់​ណាស់​មក​ហើយ ជា​ពិសេស​តែ​ម្ដងនោះ​គឺ​អ្នក​ដែល​ចូល​ចិត​ផឹក​មាន​វណ្ណៈ​កសិករ កម្មករ និង​មន្ត្រីរាជការ​មួយ​ចំនួន ដែល​មាន​ប្រាក់​ចំណូល​ទាប ។ ប៉ុន្តែ​ទន្ទឹម​និង​សម័យ​ទំនើប​នេះ​ដើម្បី​តម្រូវ​ចិត្ត​អតិថិជន​របស់​ខ្លួន​ផង ហើយ​ក៏​ដើម្បី​បាន​ប្រាក់​ចំណេញ​ផង​នោះ…

រាជធានី​ភ្នំពេញ ៖ ទឹកត្នោតជូរ​នៅ​តែ​ជាទី​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ដែល​មាន​ជា​យូរលង់​ណាស់​មក​ហើយ ជា​ពិសេស​តែ​ម្ដងនោះ​គឺ​អ្នក​ដែល​ចូល​ចិត​ផឹក​មាន​វណ្ណៈ​កសិករ កម្មករ និង​មន្ត្រីរាជការ​មួយ​ចំនួន ដែល​មាន​ប្រាក់​ចំណូល​ទាប ។ ប៉ុន្តែ​ទន្ទឹម​និង​សម័យ​ទំនើប​នេះ​ដើម្បី​តម្រូវ​ចិត្ត​អតិថិជន​របស់​ខ្លួន​ផង ហើយ​ក៏​ដើម្បី​បាន​ប្រាក់​ចំណេញ​ផង​នោះ អ្នកលក់​ទឹកត្នោតជូរ​ក៏​បាន​នាំ​ចូល​ស្រា​បៀរ​ដើម្បី​ដាក់​លក់​ជាមួយ​ផង​ដែរ ។ ព្រោះ​ក៏​មាន​អតិថិជន​ខ្លះ​ចូល​ទៅ​កន្លែង​លក់​ទឹកត្នោតជូរ​មែន ប៉ុន្តែ​មិន​ប្រាកដ​ថា​ផឹក​ទឹកត្នោតជូរ​នោះ​ទេ គឺ​បាន​កុម្ម៉ង់​ស្រា​បៀរ​មក​ផឹក​ទៅ​វិញ នេះ​ជា​ការ​លើក​ឡើង​របស់​ម៉ាក់ លី​ន​ណា ដែល​ជា​អ្នកលក់​ទឹកត្នោតជូរ ។

ក្នុង​ទឹកមុខ​ញញឹម​ដៃ​អាំង​សាច់​ក្លែម​ញាប់​ស្អេក សម្រាប់​លក់​តាម​ការ​កុម្ម៉ង់​ពី​អតិថិជន​របស់​ខ្លួន​នោះ​អ្នកស្រី​ម៉ាក់ លី​ន​ណា អាយុ​៣៥​ឆ្នាំ បាន​និយាយ​ថា​អ្នកស្រី​មានស្រុក​កំណើត​នៅ​ភូមិ​អង្គ្រង ឃុំ​គោករ​វៀង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ អ្នកស្រី​បាន​ចាប់​យកមុខ​របរ​លក់​ទឹកត្នោតជូរ​នេះ តាំងពី​នៅ​តូច​មក​ម្ល៉េះ ដោយ​លក់​ជាមួយ​ឪពុក​ម្ដាយ ហើយ​កាលនោះ​ឪពុក​ម្ដាយ​អ្នកស្រី​ឡើងត្នោត​លក់​ទឹកត្នោតជូរ​ផង​និង​រម្ងាស់​ជា​ស្ករ​លក់​ផង ។ លុះដល់​អ្នកស្រី​មានគូស្រករ​បែក​ចេញពី​ឪពុក​ម្ដាយ ក៏​បន្ត​មុខរបរ​មួយ​នេះ​ធ្វើ​ជា​អាជីព ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ចិញ្ចឹម​កូន​២​នាក់​នៅ​ក្នុង​បន្ទុក​ឲ្យ​បាន​រៀនសូត្រ​ដូច​អ្នក​ដ៏​ទៃ​ទៀត​ដែរ ។

អ្នកស្រី​លី​ន​ណា បាន​និយាយ​បន្ត​ទៀត​ថា សព្វ​ថ្ងៃនេះ​អ្នកស្រី​បាន​ជួល​ដី​គេ​មួយ​កន្លែង​សង់រោង​វែង​១​ខ្នង​ប្រក់​ស្លឹក​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​១​ខែ​ថ្លៃ​៤០០​ដុល្លារ ដើម្បី​ប្រកប​របរ​លក់​ទឹកត្នោតជូរ​នេះ ហើយ​លក់​នៅ​ទី​នេះ​រយៈពេល​៦​ឆ្នាំ​មក​ហើយ ។ ដោយ​ប្ដី​អ្នកស្រី​ជា​អ្នក​ឡើ​ត​ត្នោត ដោយ​បាន​ជួល​ដើម​ត្នោត​គេ​នៅ​ម្ដុំ​ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចំងាយ​ជាង​១០​គីឡូម៉ែត្រ​ពី​ទីតាំង​លក់ ។ ការ​ជួល​ដើម​ត្នោត​គេ​នោះ​គិត​ជា​រដូវ គឺ​ក្នុង​១​ដើម​តម្លៃ​២​ម៉ឺន​រៀល​នៅ​ក្នុង​១​រដូវ​ៗ ហើយ​សព្វថ្ងៃ​ឡើង​ចំនួន​១៥​ដើម និង​ឡើង​បាន​ទាំង​រដូវប្រាំង​និង​រដូវវស្សា​ផង​ដែរ ហើយ​ក្នុង​១​ថ្ងៃ​ឡើង​២​ដង គឺ​ពេល​ព្រឹក​១​ដង​និង​ល្ងាច​១​ដង ។

គាត់​បាន​រៀបរាប់​ប្រាប់​បន្ត​ថា ការ​ផលិត​ទឹកត្នោតជូរ​គឺ​មិន​បាន​យក​មក​ចាក់​ត្រាំ​មេ​នៅ​ក្នុង​ពាង​ឬ​ក្រឡ និង​ឪ​ឪ​ទិន​ដូច​ពេល​មុន​ៗ​ទៀត​នោះ​ទេ ប្ដី​គាត់​បាន​ដាក់​បំបៅ​មេ​នៅ​លើ​ដើម បន្ទាប់​មក​បាន​ឡើង​ទៅ​ផ្ទេរ​ដាក់​ក្នុង​ធុង​ជ័រ​រួច​ដាក់​លក់​តែ​ម្ដង ។ ចំណែក​មេ​ទឹកត្នោតជូរ​គឺ​បាន​ផ្សំ​ចេញពី​សម្បក​ដើម​កកោះ សម្បក​ដើម​ស្លែង​ព​ណ៍ និង​សម្បក​ដើម​គុយ ដែល​បាន​ធ្វើ​ឲ្យ​ទឹកត្នោតជូរ​មានគុណ​ភាពល្អ រស់ជាតិ​ឆ្ងាញ់ ហើយ​ផឹក​ទៅ​មិន​ឈឺក្បាល​ឡើយ ។ ដោយឡែក​សាច់​ក្លែម​វិញ​មាន​ត្រឡ​ន​តន ងៀត​គោ យី​ហ៊ឺ ត្រី​បបែល អន្ទង់ ត្រីឆ្អើរ និង​កំពឹស​លីង​ជាដើម ហើយ​កន្លែង​គាត់​បាន​បើក​លក់​ចាប់ពី​ព្រឹក រហូត​ដល់​ម៉ោង​១១​យប់​អស់​ភ្ញៀវ ទើប​បិទ ។

ម៉ាក់ លី​ន​ណា បាន​បញ្ជាក់​ប្រាប់​បន្ថែម​ផង​ដែរ​ថា នៅ​ដូ​វ​វស្សា​អាច​លក់​បាន​ត្រឹមតែ​១​ថ្ងៃ​ជាង​៣០​លី​ត្រ​ប៉ុណ្ណោះ តែបើ​នៅ​រដូវប្រាំង​១​ថ្ងៃ​អាច​លក់​បាន​ជាង​៦០​លី​ត្រដែរ ហើយ​សព្វថ្ងៃ​សម័យ​ទំនើប​នេះ​បើ​មាន​ទឹកត្នោតជូរ ក៏​ត្រូវ​តែ​មាន​ស្រា​បៀរ​ប្រភេទ​ផ្សេង​ៗ​សម្រាប់​ដាក់​លក់​ជាមួយ​ផង​ដែរ ។ មូលហេតុ​ទី​១,​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​បន្លែ​ម​ផង ទី​២,​ដើម្បី​តម្រូវ​ចិត្ត​អតិថិជន​ផង​ដែរ ព្រោះ​គ្រប់​អតិថិជន​ទាំងអស់​បាន​ចូល​ទៅ​កន្លែង​លក់​ទឹកត្នោតជូរ​មែន ប៉ុន្តែ​មិន​ប្រាកដ​ថា​ផឹក​ទឹកត្នោតជូរ​ទាំងអស់​នោះ​ទេ ។ ក្នុង​នោះ​មាន​អ្នកខ្លះ បាន​កុម្ម៉ង់​ស្រា​បៀរ​មក​ផឹក​ទៅ​វិញ និយាយ​រួម​អ្នកខ្លះ​ក៏​ចូល​ចិត្ត​ផឹក​ទឹកត្នោតជូរ ឯ​អ្នកខ្លះ​ទៀត​ក៏​មិន​ចូល​ចិត្ត​ឡើយ ចំណែក​គាត់​វិញ​គឺ​ធ្វើ​យ៉ាងណា​ខំ​រក​ប្រាក់​ដើម្បី​បង់ថ្លៃ​ជួល​ទីតាំង​និង​ជួល​ដើម​ត្នោត​គេ ហើយ​សល់​ខ្លះ​ទុក​ផ្គត់ផ្គង់​គ្រួសារ​និង​ឲ្យ​កូន​សិក្សា​រៀនសូត្រ ។

ជា​ចុង​ក្រោយ​អ្នកស្រី​ម៉ាក់ លី​ន​ណា បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជួយ​គាំទ្រ​ទឹកត្នោតជូរ​ដែល​ជា​ផលិតផល​ខ្មែរ​ផង និង​ចូលរួម​ពិសារ​ទឹកត្នោតជូរ ព្រោះ​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សុខភាព គ្មាន​ជាតិ​គីមី​នោះ​ទេ ផលិត​តាម​បែប​ធម្មជាតិ​ពិត​ៗ តាម​រូបមន្ត​ត​ពី​ដូនតា​ខ្មែរ​យើង ហើយ​មាន​តម្លៃ​ថោក​ទៀត ។ សម្រាប់​កន្លែង​អ្នកស្រី​វិញ​គឺ​លក់​ក្នុង​១​លី​ត​ត្រឹមតែ​២​ពាន់​រៀល​ប៉ុណ្ណោះ រីឯ​សាច់​ក្លែម​វិញ​មិន​ថា​ត្រឡ​ន​តន ងៀត​គោ យី​ហ៉ឺ ត្រី​បបែល អន្ទង់ ត្រីឆ្អើរ និង​កំពឹស​លីង​នោះ​ទេ គឺ​១​ចាន​ត្រឹមតែ​១០,០០០​រៀល ទៅ​១៥,០០០​រៀល​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ