ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងដុំថ្មមិនទាន់ច្នៃ នៅស្រុក​រមាស​ហែក ក្រោយមហាជន​ចោទសួរពេលនេះដឹងការពិតហើយ

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ចាប់តាំងពី​ចុង​ស​ប្តា​ហ៍ រហូត​មក​ដល់​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៤ នេះ មហាជន​នៅ​លើ​បណ្តាញ​សង្គម នៅ​តែ​បន្ត​ចែកចាយ និង​វែកញែក​លើ​ប្រធានបទ…

ខេត្តស្វាយរៀង ៖ ចាប់តាំងពី​ចុង​ស​ប្តា​ហ៍ រហូត​មក​ដល់​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៤ នេះ មហាជន​នៅ​លើ​បណ្តាញ​សង្គម នៅ​តែ​បន្ត​ចែកចាយ និង​វែកញែក​លើ​ប្រធានបទ ដុំ​ថ្ម​មួយ​ដុំ ដែល​ត្រូវ​បាន​អាជ្ញាធរ​យក​មក​ដាក់​តាំង នៅ​ផ្លូវបំបែក​មួយ​កន្លែង ក្បែរ​សាលាស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែល​ការ​ពិត​ទៅ​ដុំ​ថ្ម​មួយ​ដុំ​នេះ មានឈ្មោះ​ថា សិលា​សុខ​សិរី សិលា​រួបរួម​សុខ​សប្បាយ ។

ដើមហេតុ​ដែល​នាំ​ឱ្យ​មហាជន​ផ្ទុះ​ប្រតិកម្ម​នៅ​លើ​រឿង​មួយ​នេះ គឺ​ផ្តើម​ចេញពី​ការ​បង្ហោះ​របស់​ផេ​ក​រដ្ឋបាល​សាលាស្រុក​រមាស​ហែក កាលពី​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​បញ្ជាក់​ថា ផ្លូវបំបែក​ដុំ​ថ្ម​នេះ គឺជា​សមិទ្ធផល​ថ្មី ទឹកដី​នៃ​ស្រុក​រមាស​ហែក អរគុណ​សន្តិភាព​! គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៤ រូបថត​ផ្លូវបំបែក​ដុំ​ថ្ម​ទាំង​៥ សន្លឹក​នេះ ត្រូវ​បាន​ចែករំលែក​រហូត​ដល់​ទៅ​ចំនួន​មួយ K Share និង​ខ​មិន​ពី​មនុស្ស​ជាង​៤០០​នាក់ ហើយ​ត្រូវ​បាន​យក​ទៅ​បង្ហោះ​បន្ត ដោយ​បណ្តា​ផេ​ក​ល្បី​ៗ​ជា​ច្រើន​អនេក ជា​ពិ​សេ​ទាំង​រូបភាព និង​ខ្លឹមសារ​ខាងលើ​នេះ ក៏​ត្រូវ​បាន​ផេ​កមួយ​ចំនួន​យក​ទៅ​បង្ហោះ​បែប​លេប​ខា​យ លេងសើច បង្អាប់ ឬ​ហៅ​ថា Troll តាម​បណ្ដាញ​សង្គម​ផ្សេង​ៗ​ផង​ដែរ ។

ក្រោយ​រង​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ ឈាន​មក​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៤ នេះ រដ្ឋបាល​សាលាស្រុក​រមាស​ហែក បាន​ចេញ​សារ​បកស្រាយ​យ៉ាង​ដូច្នេះ​ថា ៖ «​សូម​ជម្រាប​ជូន​សាធារណៈជន ជ្រាប​ថា ថ្ម​ដែល​ដាក់​នៅ​ផ្លូវបំបែក​ជា​៤​ក្បែរ សាលាស្រុក​នេះ ជា​សមិទ្ធផល​មិន​ទាន់​សម្រេច ។​» មិនតែប៉ុណ្ណោះ រដ្ឋបាល​សាលាស្រុក​រមាស​ហែក ក៏​បាន​បង្ហោះ​វី​ដេ​អូ​ដែល​មាន​បុរស​៤​នាក់​ឈរ​ជជែក​គ្នា​ជុះ​វិញ​ដុំ​ថ្ម​មួយ​នោះ ដោយ​អះអាង​ថា ជា​សកម្មភាព​របស់​ក្រុម​ជាង​ពេល​ចុះ​ទៅ​វាស់វែង​ដុំ​ថ្ម ដើម្បី​ធ្វើការ​រចនា ។

រដ្ឋបាល​ស្រុក​រមាស​ហែក បាន​សង្កត់ធ្ងន់​ថា ដុំ​ថ្ម​មួយ​នេះ​ត្រូវ​បាន​ជាង​វាស់វែង​ត្រៀម​កែ​ឆ្នៃ​តាំង​តែ​ពី​មុន​ពេល​ដែល​ក្រុមការងារ​ក្រាល​ថ្ម​ម៉ា​ប និង​ដាក់​អំ​ពូ​ល​សូ​ឡា នៅ​ទីតាំង​មួយ​នេះ​ទៅ​ទៀត ដែល​មាន​ន័យ​ថា មិនមែន​ទើបតែ​ចុះ​វាស់វែង ក្រោយ​ការ​រិះគន់​នោះ​ទេ គឺ​ខាង​រដ្ឋបាល​ស្រុក​បាន​គិតគូរ​យូរណាស់​ហើយ ។

យ៉ាងណា​ក៏​ដោយ ការ​បកស្រាយ​របស់​រដ្ឋបាល​ស្រុក​រមាស​ហែក​ត្រឹម​កម្រិត​ប៉ុណ្ណេះ ជឿជាក់​ថា នៅ​មិន​ទាន់​អាច​ឆ្លើយ​តប​បាន​គ្រប់​១០០​ភាគរយ​ចំពោះ​ការ​ចង់​ដឹង​របស់​មហាជន​នូវ​សំណួរ​មួយ​ចំនួន ដែល​ទាក់​ទង់​នឹង​ដុំ​ថ្ម​ខាងលើ​នៅឡើយ​នោះ​ទេ ។ រឿង​ដែល​ពួក​គាត់​ចង់​ដឹង​នោះ​ថា តើ​ដុំ​ថ្ម​មួយ​ដុំ មាន​អត្ថន័យ​បែប​ណា និង​ប្រវត្តិ​ប្រភព​មក​ពី​ខាង​ណា ហើយ​មាន​ហេតុផល និង​គោលបំណង​អ្វី​ទើប​អាជ្ញាធរ​សម្រេច​យក​ដុំ​ថ្ម​មួយ​ដុំ​នេះ មក​តាំង​ជា​សមិទ្ធផល​ប្រចាំ​ស្រុក​រមាស​ហែក​បែប​នេះ?

តែ​ការ​ពិត ជាក់ស្តែង​សំណួរ និង​ច​ម្ង​ល់​ទាំង​អស់នេះ ត្រូវ​បាន​រដ្ឋបាល​ស្រុក​រមាស​ហែក ធ្លាប់​បាន​បញ្ជាក់​លម្អិត​តាំងពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៤ មក​ម្ល៉េះ គ្រាន់តែ​ការ​បង្ហោះ​នោះ​ពុំ​សូវ​ផ្ទុះ​ដូច​ការ​បង្ហោះ​ថ្មី​បំផុត​ចុង​ក្រោយ ។

តាម​រយៈ​ការ​បង្ហោះ​នោះ ដុំ​ថ្ម​មួយ​ដុំ​ខាងលើ​នេះ គឺ​មានឈ្មោះ​ថា សិលា​សុខ​សិរី ឬ​សិលា​រួបរួម​សុខ​សប្បាយ ។ ប្រភព​ពី​រដ្ឋបាល​ស្រុក​រមាស​ហែក បាន​បញ្ជាក់​ឱ្យ​ដឹង​ថា សិលា​សុខ​សិរី ឬ​សិលា​រួបរួម​សុខ​សប្បាយ នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ឯកឧត្តម គឺជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក ។

សិលា​សុខ​សិរី ឬ​សិលា​រួបរួម​សុខ​សប្បាយ ត្រូវ​បាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា នាំ​យក​មក​ពីលើ​កំពូលភ្នំ​ជុំ​សែន​រីករាយ ដែល​មាន​កម្ពស់​ជាង​៧០០​ម៉ែត្រ មក​តម្កល់​ទុក​ក្នុងស្រុក​រមាស​ហែក ក្នុង​គោលបំណង ដើម្បី​ឱ្យ​ដុំ​សិលា​មួយ​នេះ​នាំ​មក​នូវ​ភាព​ត្រជាក់ត្រជុំ សុខ​សប្បាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប និង​គ្រប់​ក្រុម​គ្រួសារ ៕ ដោយ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

កែសម្រួលដោយ