ប្រទេសវៀតណាម ៖ តម្លៃបន្លែបង្ការបានកើនឡើងដល់ទៅ ៣០% នៅទីក្រុងហាណូយ និងតំបន់ផ្សេងទៀត នៅភាគខាងជើងប្រទេសវៀតណាម បន្ទាប់ពីព្យុះសង្ឃរាយ៉ាកជី (Yagi) បានបោកបក់កាត់តំបន់នេះ។ ដោយបានបំផ្លិចបំផ្លាញដំណាំ និងប៉ះពាល់ដល់ការដឹកជញ្ជូនផងដែរ។
ប្រភពពីសារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានរាយការណ៍ថា បណ្តាផ្សារម្ហូបបែបប្រពៃណីនៅក្នុងទីក្រុងហាណូយ និងតំបន់តាមមាត់សមុទ្រនៃទីក្រុងហាយហ្វុង (Hai Phong) និងខេត្តក្វាងនិញ (Quang Ninh) បានបើកលក់នៅព្រឹកថ្ងៃអាទិត្យសប្តាហ៍មុន ប៉ុន្តែមានអាជីវករ និងអ្នកដើរផ្សារតិចជាងធម្មតា។ អាជីវករម្នាក់នៅផ្សារ ងៀ តាន់ (Nghia Tan) ទីក្រុងហាណូយ បានអះអាងថា តម្លៃបានឡើងថ្លៃ ២-៣ថ្ងៃមុនកើតមានព្យុះ ហើយកាលពីថ្ងៃអាទិត្យ តម្លៃបានកើនឡើងពី ២០-៣០%។
នៅខេត្តក្វាងនិញឯណោះវិញ ដែលជាប់ព្រំដែនប្រទេសចិន តម្លៃបន្លែបង្ការ និងផ្លែឈើបានកើនឡើងពី ៥-១០% ប៉ុន្មានថ្ងៃមុននេះ។ ចំណែកឯនៅទីក្រុងហាយហ្វុង ដែលជាទីក្រុងឆ្នេរសមុទ្ររងផលប៉ះពាល់ធ្ងន់ធ្ងរដោយព្យុះយ៉ាកជីនោះ ការផ្គត់ផ្គង់បន្លែបង្ការបានធ្លាក់ចុះ ហើយតម្លៃកើនឡើង។ ជាមួយគ្នានោះផងដែរ ឈ្មួញបានត្អូញត្អែរអំពីការលំបាកក្នុងការដឹកជញ្ជូន ហើយរំពឹងថា តម្លៃនឹងនៅតែខ្ពស់ក្នុងរយៈពេល២-៣ថ្ងៃទៀត ដោយបានអះអាងថា ព្យុះយ៉ាកជីបានបំផ្លិចបំផ្លាញកសិដ្ឋានអស់ជាច្រើនកន្លែង។
ទោះយ៉ាងណាក៏ដោយ បណ្តាផ្សារទំនើបបានរក្សាតម្លៃបន្លែនៅដដែល ដោយសារតែស្តុកធំ។ នាយកក្រុមហ៊ុន Co.opmart Hanoi បានបញ្ជាក់ថា យើងមានស្តុកគ្រប់គ្រាន់ដើម្បីរក្សាតម្លៃស្ថិរភាព បើទោះបីជាអ្នកផ្គត់ផ្គង់មួយចំនួនមិនបានធ្វើការចែកចាយយ៉ាងណាក៏ដោយ។
ប្រភពពី VnExpress បានឱ្យដឹងថា ព្យុះសង្ឃរាយ៉ាកជី ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតបានវាយប្រហារទ្វីបអាស៊ីក្នុងឆ្នាំនេះ ធ្ងន់ធ្ងរខ្លាំងនៅក្នុងប្រទេសចិន និងវៀតណាម។ នៅក្នុងប្រទេសវៀតណាមមនុស្សចំនួន ២៤នាក់បានស្លាប់ ចាប់តាំងពីការវាយប្រហារភាគខាងជើងប្រទេស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ បន្ទាប់ពីវាយប្រហារអស់រយៈពេលជាង១៥ម៉ោង នៅក្នុងប្រទេសវៀតណាម ព្យុះសង្ឃរាយ៉ាកជីបានចុះខ្សោយទៅជាព្យុះត្រូពិច នៅក្នុងតំបន់ភាគពាយ័ព្យ ប៉ុន្តែទោះបីជាយ៉ាងណា ក៏នៅតែបន្តមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ