ខេត្តព្រៃវែង ៖ កសិករជាច្រើនគ្រួសារ ដែលកំពុងដាំត្រសក់ នៅឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងមានការព្រួយបារម្ភ ខ្លាចតម្លៃត្រសក់នៅលើទីផ្សារ ធ្លាក់ចុះថោក ធ្វើឱ្យពួកគាត់បាត់បង់ប្រាក់ចំណេញ។
លោកពូ ឈុន រឹម ដែលកំពុងមើលថែចំការត្រសក់របស់គាត់ នៅភូមិអាំងកុក ឃុំអ្នកលឿង បានរៀបរាប់ថា ដំណាំត្រសក់ងាយស្រូលដាំ និងប្រើពេលខ្លីត្រឹមតែជាងមួយខែប៉ុណ្ណោះ គឺអាចទទួលផលបានហើយ ប៉ុន្តែអ្វីដែលជាបញ្ហា គឺតម្លៃរបស់វានៅលើទីផ្សារ ដែលម្ដងឡើងម្ដងចុះ គ្មានលំនឹង។
លោកពូ ឈុន រឹម បានបញ្ជាក់ថា បច្ចុប្បន្ននេះតម្លៃត្រសក់លក់អោយឈ្មួញ ដែលមកទទួលទិញដល់ចំការ ក្នុងមួយគីឡូលក់បាន១០០០រៀល តម្លៃនេះគឺសមរម្យ អាចឱ្យពួកគាត់ជាអ្នកដាំ ទទួលបានប្រាក់ចំណេញខ្លះដែរ ប៉ុន្តែពេលនេះត្រសក់របស់ពួកគាត់ ទើបតែចាប់ផ្ដើមចេញផ្កា រយៈពេល 10ថ្ងៃទៀត ទើបអាចប្រមូលផលបាន ដូច្នេះហើយទើបពួកគាត់មានការព្រួយបារម្ភ ខ្លាចត្រសក់ធ្លាក់ចុះថោក នៅពេលដែលពួកគាត់ប្រមូលផលបាននោះ។
ចំណែកក្រុមអាជីវករនៅផ្សារអ្នកលឿង បានឲ្យដឹងថា រឿងតម្លៃបន្លែត្រសក់ទៅលើទីផ្សារនេះ វាឡើងថ្លៃឬចុះថោក គឺអាស្រ័យទៅលើឈ្មួញ កណ្ដាល ជាក់ស្ដែងសព្វថ្ងៃនេះ ពួកគាត់ទទួលទិញពីឈ្មួញមួយគីឡូតម្លៃ 2000រៀល ហើយលក់ចេញទៅវិញតម្លៃ3000រៀល បើទិញពីឈ្មួញកណ្ដាលបានថោក លក់ចេញទៅវិញក៏ថោកដែរ៕
ចែករំលែកព័តមាននេះ