ទីក្រុងហាណូយ៖ នៅល្ងាចថ្ងៃសៅរ៍ ខ្យល់ព្យុះដ៏បំផុតប្រចាំទ្វីបអាស៊ីឈ្មោះយ៉ាគី (Yagi) ចាប់ផ្ដើមបក់ទៅដល់តំបន់មាត់សមុទ្រនៃប្រទេសវៀតណាមហើយ។ គ្រាន់តែបើកឆាកភ្លាម ខ្យល់ព្យុះផ្ដាច់ជីវិតមនុស្ស៤នាក់ភ្លាមៗ។ តាមមើលទៅ, ប្រទេសវៀតណាមក៏នឹងភ្លក្សរសជាតិខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំងក្លាមិនចាញ់ប្រទេស២ទៀតដែលទើបតែហែលឆ្លងជីវិតជូរចត់ដោយសារស្នាដៃខ្យល់ព្យុះនេះ។ នោះគឺប្រទេសហ្វ៊ីលីពីនដែលស្លាប់មនុស្ស១៦នាក់ និងបាត់ខ្លួនជាច្រើននាក់ទៀត។
នៅប្រទេសចិនស្លាប់មនុស្ស២នាក់ និងខូចខាតទ្រព្យសម្បត្តិជាច្រើននៅពេលខ្យល់ព្យុះបក់កាត់ខេត្តហាយណាន។ ក្រសួងឧតុនិយមប្រកាសថាខ្យល់ព្យុះយ៉ាគីបក់ទៅដល់វៀតណាមនៅម៉ោង១រសៀលនៅក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុង១ម៉ោង។ មានន័យថាកម្លាំងរបស់វាដែលធ្លាប់បក់ក្នុងល្បឿន២៣៤គីឡូម៉ែត្រក្នុង១ម៉ោងនៅហាយណាននោះរាងថយបន្តិចវិញ។
រដ្ឋាភិបាលវៀតណាមប្រកាសថាគិតត្រឹមម៉ោង៥ល្ងាចថ្ងៃសៅរ៍ គេរកឃើញសាកសពជនរងគ្រោះ៤នាក់ ខណៈដែលមនុស្ស៧៨នាក់ទៀតរងរបួស។ សារព័ត៌មានរបស់រដ្ឋផ្សាយបន្ថែមទៀតថាមនុស្សរាប់សិបនាក់បានបាត់ខ្លួននៅពេលពួកគេជិះទូក ឬនាវានៅកណ្ដាលសមុទ្រ។ ឥឡូវនេះ ជោគវាសនារបស់ពួកគេរស់ ឬស្លាប់នៅមិនទាន់ដឹងនៅឡើយទេ។
ទីក្រុងកំពង់ផែហាយហ្វុង (Haiphong) ជាមជ្ឈមណ្ឌលឧស្សាហកម្ម និងវិនិយោគដ៏ធំរបស់វៀតណាមមានមនុស្សរស់នៅ២លាននាក់។ ទីនេះកំពុងរងការវាយប្រហារដ៏ខ្លាំងបំផុត។ គ្រាន់តែខ្យល់ព្យុះចាប់ផ្ដើមបក់ទៅដល់ទីក្រុងនេះភ្លាម ភ្លើងអគ្គិសនីចាប់ផ្ដើមដាច់ជាបន្តបន្ទាប់ស្ទើរតែគ្រប់ទីកន្លែង ធ្វើឱ្យទីក្រុងនេះស្ថិតនៅក្នុងសភាពងងឹតសូន្យដូចរស់នៅក្នុងស្បៃរាត្រី។ ចំណែកខេត្តយ៉ាងតិចបីទៀតរបស់វៀតណាមដែលស្ថិតនៅម្ដុំៗនោះក៏មានជោគវាសនាមិនខុសពីទីក្រុងហាយហ្វុងប៉ុន្មានទេ។
នៅហាយហ្វុង ខ្យល់ព្យុះវាយកម្ទេចកញ្ចក់បង្អួចរបស់ផ្ទះអ្នកស្រុកឱ្យបែកខ្ចាយជាចម្រៀកៗ។ នៅលើផ្ទៃសមុទ្រ ទឹករលកចាប់ផ្ដើមកញ្ជ្រោលខ្លាំងដល់កម្ពស់បីម៉ែត្រ។ ផ្ទះ ឬអគារដែលប្រក់ដែកស័ង្កសីត្រូវខ្យល់ព្យុះបក់បំប៉ើងចេញពីលើដំបូលខ្ទេចខ្ទីអស់។ នៅកន្លែងផ្សេងដូចជាហុងកុង ឬប្រទេសចិនជាដើម ខ្យល់ព្យុះត្រឹមបោកផ្ដួលដើមឈើរាប់សិបដើមតែប៉ុណ្ណោះ។
ប៉ុន្តែនៅវៀតណាមវិញ ខ្យល់ព្យុះគាស់រំលើងដើមឈើទាំងឫសរហូតដល់រាប់ពាន់ដើមធ្វើឱ្យដួលរេលពេញផ្លូវ។ ផ្ទះរបស់អ្នកស្រុករងការខូចខាតច្រើនណាស់នៅទូទាំងប្រទេសវៀតណាមខាងជើង។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាល។
អាជ្ញាធរជម្លៀសមនុស្សជាង៥ម៉ឺននាក់ចេញពីតំបន់មាត់សមុទ្រ និងដាក់ពង្រាយបុគ្គលិកយោធាជិតកន្លះលាននាក់ (៤,៥សែននាក់) ដើម្បីត្រៀមជួយដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ។ រដ្ឋាភិបាលក៏បានពន្យារពេលហោះហើរជាច្រើនម៉ោងនៅព្រលានយន្តហោះ៤កន្លែង។ គ្រាន់តែព្រលានយន្តហោះណយបាយ (Noi Bai) នៅទីក្រុងហាណូយលុបជើងហោះហើររហូតដល់ជាង៣រយខ្សែ។ សាលារៀនកម្រិតវិទ្យាល័យនៅខេត្ត-ក្រុងចំនួន១២ត្រូវបិទទ្វារជាបណ្ដោះអាសន្ន។
នៅរដ្ឋធានីហាណូយ សេវាដឹកជញ្ជូនតាមរថយន្តបឺសត្រូវផ្អាកដំណើរការ។ រថភ្លើងល្បឿនលឿនក្រោមដី២ខ្សែផ្អាកដំណើរការដូចគ្នា។ ក្រសួងឧតុនិយមប្រកាសឱ្យប្រជាជនប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ដែលនឹងលិចពាសពេញទីក្រុងនៅក្នុងកម្រិតធ្ងន់ធ្ងរ។ មានន័យថាទឹកជំនន់អាចលិចច្រើនថ្ងៃទម្រាំស្រកទៅវិញ។ ជនជាតិវៀតណាមឈ្មោះង្វៀនម៉ាញ់ក្វាន់ (Nguyen Manh Quan) ប្រាប់ថាខ្យល់ព្យុះមានកម្លាំងបោកបក់ខ្លាំងណាស់អាចរុញច្រានមនុស្សឱ្យប៉ើងទៅតាមខ្យល់បាន។
ជនជាតិវៀតណាមម្នាក់ទៀតឈ្មោះដាងវ៉ាន់ហ្វឿង (Dang Van Phuong) ប្រាប់ថាគាត់មិនដែលឃើញខ្យល់ព្យុះខ្លាំងអីខ្លាំងដល់ថ្នាក់នេះទេ។ ខ្យល់បក់ខ្លាំងដល់ថ្នាក់បើកឡាន និងម៉ូតូនៅតាមផ្លូវលែងកើតតទៅទៀត។ អ្នកវិទ្យាសាស្ត្ររកឃើញថាខ្យល់ព្យុះសព្វថ្ងៃនេះកាន់តែមានកម្លាំងបោកបក់ខ្លាំងទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយសារភពផែនដីឡើងកម្ដៅជាងមុនធ្វើឱ្យទឹកសមុទ្រកាន់តែហក់ឡើងខ្ពស់ជាងមុន៕
ចែករំលែកព័តមាននេះ