ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសកាហ្សាក់ស្ថាន គម្រោងនឹងបើកជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងក្រុងព្រះសីហនុ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កា​ហ្សា​ក់​ស្ថាន គម្រោង​នឹង​បើក​ជើងហោះហើរ​ត្រង់​រវាង​កា​ហ្សា​ក់​ស្ថាន និង​ក្រុងព្រះសីហនុ ។ នេះ​បើ​តាម​លោក​ទូត​កា​ហ្សា​ក់​ស្ថាន ប្រាប់​សម្តេច​តេ​ជោ​ប្រមុខរដ្ឋ​ស្តីទី ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កា​ហ្សា​ក់​ស្ថាន គម្រោង​នឹង​បើក​ជើងហោះហើរ​ត្រង់​រវាង​កា​ហ្សា​ក់​ស្ថាន និង​ក្រុងព្រះសីហនុ ។ នេះ​បើ​តាម​លោក​ទូត​កា​ហ្សា​ក់​ស្ថាន ប្រាប់​សម្តេច​តេ​ជោ​ប្រមុខរដ្ឋ​ស្តីទី ។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ ២០២៤ បាន​អនុញ្ញាត​ឱ្យ​លោក កា​ណាត់ ទូ​មិ​សហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន ចូល​ជូន​សារ​តាំងនៅ​វិមាន​ព្រឹទ្ធសភា ។ នៅ​ក្នុង​ជំនួប​លោក​ទូត បាន​ជម្រាប​សម្តេច​តេ​ជោ ប្រមុខរដ្ឋ​ស្តីទី ពី​គម្រោង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​កា​ហ្សា​ក់​ស្ថាន និង​ក្រុងព្រះសីហនុ​ផង​ដែរ ដើម្បី​ពង្រីក​ទំនាក់ទំនង​វប្បធម៌ ជំរុញ​កំណើន​ទេសចរ និង​ជំរុញ​អ្នក​វិនិយោគ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ ។

លោក​ទូត​ក៏​បាន​លើក​អំពី​កា​រត​ភ្ជាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​របស់​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​ជាមួយ​ផ្លូវ​សូត្រ​ចិន និង​ច្រករបៀង Caspian (Caspian Corridor) ដែល​អាច​ឱ្យ​កម្ពុជា​ដឹក​ជញ្ជូន​ទំនិញ​ទៅ​អឺរ៉ុប​ដោយ​ប្រើ​រយៈពេល​ត្រឹម​១៥​ថ្ងៃ បើ​ធៀប​ទៅ​នឹង​ការ​ដឹក​តាម​សមុទ្រ ដែល​ត្រូវ​ប្រើ​រយៈពេល​២​ខែ ។

លើស​ពី​នេះ​ទៅ​ទៀត ឯកអគ្គរដ្ឋទូត ក៏​បាន​លើក​ពី​គំនិត​ផ្តួចផ្តើម​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ដោយ​ឯកឧត្តម មាន​បំណង​រៀបចំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​រដ្ឋមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ពិភាក្សា​ពី​យន្តការ​ការពារ និង​ព្យាបាល​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ដែល​មានការ​ផលិត​វ៉ាក់សាំង​ទប់ស្កាត់​ជំងឺ​រាតត្បាត​ជាដើម ។

នៅ​ក្នុង​សម័យ​កូ​វី​ដ​១៩ កា​ហ្សា​ក់​ស្ថាន​បាន ផលិត​វ៉ាក់សាំង ដោយ​ជោគជ័យ​ចំនួន​២ ប្រភេទ ។ លោក​ឯកអគ្គរដ្ឋទូត ក៏​បាន​ស្នើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​រវាង​ប្រទេស​ទាំង​ពីរ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ផ្លូវការ និង​ការទូត​ផង​ដែរ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកអគ្គរដ្ឋទូត​បាន​សូម​គោរព​អញ្ជើញ សម្តេច​តេ​ជោ បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន និង​ចូលរួម​សន្និសីទ​អន្តរជាតិ​ដែល​កា​ហ្សា​ក់​ស្ថាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ដើម្បី​សម្តេច​តេ​ជោ អាច​ចែករំលែក​បទ​ពិសោធ​ទស្សនៈ​ដឹកនាំ​ប្រទេស ប្រកបដោយ​គតិបណ្ឌិត​ទៅ​ដល់​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ដទៃ​ទៀត ជា​ពិសេស គឺ​បណ្តា​ប្រទេស​នៅ​អាស៊ី​កណ្តាល ។

ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ ប្រមុខរដ្ឋ​ស្តីទី​បាន​អរគុណ​លោក​ឯកអគ្គរដ្ឋទូត​ដែល​បាន​រំលេច​ពី​ទំនាក់ទំនង​ជាង​៣០​ឆ្នាំ​មកនេះ និង​បញ្ហា​មួយ​ចំនួន​ដែល​ប្រទេស​យើង​ទាំង​ពីរ​គួរ​សហការ​គ្នា ។ សម្តេច​តេ​ជោ បាន​អបអរសាទរ​ដល់​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ដែល​បាន​សម្រេច​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​យ៉ាង​ឆាប់រហ័ស​រហូត​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ។

សម្តេច​តេ​ជោ បាន​ធ្វើការ​កត់​សម្គាល់ថា កា​ហ្សា​ក់​ស្ថាន​បាន​ដើរ​នាំមុខ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​កណ្តាល លើ​បញ្ហា​ជា​ច្រើន​ទាំង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជិតខាង និង​អង្គការ​អន្តរជាតិ​, ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ទំនើប​កម្ម​សេដ្ឋកិច្ច ។ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា សម្តេច​ធ្លាប់​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​កា​ហ្សា​ក់​ស្ថាន ក្នុង​ឆ្នាំ​១៩៨២ តាំងពី​ប្រទេស​នេះ​នៅ​ក្នុង​សហភាព​សូ​វៀត​នៅឡើយ ដែល​បាន​សេចក្តី​ថា យើង​មាន​ទំនាក់ទំនង​នឹង​គ្នា​លើស​ពី​៣០​ឆ្នាំ ។

ក្នុង​ដំណើរ​ទស្សនកិច្ច សម្តេច​នៅ​ចាំ​បាន​ថា ទឹក​ដីកា​ហ្សា​ក់​ស្ថាន ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ថាមពលនុយក្លេអ៊ែ​នា​សម័យ​នោះ ។ សម្តេច​តេ​ជោ បាន​កោតសរសើរ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ដែល​ជា​ប្រទេស​មាន​ភ័​ព្ទ​សំណាង​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ដូច​ជា​ប្រេង និង​រ៉ែ​ធម្មជាតិ​ផ្សេង​ៗ ព្រមទាំង​មាន​សក្តានុពល​វិស័យ​កសិកម្ម​ថែម​ទៀត ។

សម្តេច​តេ​ជោ បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ដែល​ឯកឧត្តម​អគ្គរដ្ឋទូត​បាន​លើក​ឡើង ដូច​ជា​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ផ្លូវការ និង​ការទូត និង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ជំរុញ​ទំហំ​ពា​ណិ​ជ្ច​កម្ម​ជាដើម ។ ក្នុង​នោះ សម្តេច​តេ​ជោ បាន​ផ្តល់​អនុសាសន៍​ឱ្យ​គិតគូរ​រៀបចំ​កិច្ចព្រមព្រៀង​គាំពារ​អ្នក​វិនិយោគ និង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា ដែល​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​បន្ត​ពិភាក្សា ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​របស់​យើង គឺ​នៅ​ទាប​ខ្លាំង​ណាស់ ខណៈ​សក្តានុពល​នៃ​ប្រទេស​យើង​ពីរ​មាន​ច្រើន ។ សម្តេច​តេ​ជោ ក៏​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ត​ភ្ជាប់​ផ្លូវអាកាស​ដោយ​ការ​ហោះហើរ​ត្រង់​បី​កា​ហ្សា​ក់​ស្ថាន​មក​ព្រ​លាន​យន្តហោះ​នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ។

សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា ប្រជាជន​កា​ហ្សា​ក់​ស្ថាន ក៏​ដូច​ប្រជាជន​រុ​ស្ស៊ី គឺ​ចូល​ចិត្ត​មក​សម្រាក​រដូវក្តៅ​នៅ​អាស៊ី ដើម្បី​គេច​ពី​រដូវ​ត្រជាក់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន និង​ភាគច្រើន​គឺ​ចូល​ចិត្ត​ទៅ​លេង​តំបន់​សមុទ្រ ហើយ​កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​ជូន​តាម​តម្រូវការ​ដល់​អ្នកទេសចរ​ទាំងនេះ ។ ចំពោះ​កា​រត​ភ្ជាប់​ផ្លូវ​លឿន​លឿន​អាស៊ី និង​ផ្លូវ​រទេះភ្លើង​ល្បឿន​លឿន​អាស៊ី ដែល​ភ្ជាប់​ប្រទេស​តំបន់​អាស៊ាន​ទៅ​ចិន និង​ទៅ​អាស៊ី​កណ្តាល ប្រទេស​កម្ពុជា នឹង​អនុវត្ត​តាម​ផែនការ​អាស៊ាន ស្តី​ពី​កា​រត​ភ្ជាប់​នេះ​ដែល​ច្បាស់​ណាស់ និង​ឆ្លងកាត់​កា​ហ្សា​ក់​ស្ថាន​ផង​ដែរ ។

សម្តេច​តេ​ជោ ក៏​បាន​អបអរសាទរ​កា​ហ្សា​ក់​ស្ថាន ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ។ សម្តេច ជឿ​ថា ជំងឺ​កូ​វី​ដ​-១៩ នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​មនុស្ស​នោះ​ទេ ដោយសារ​ការ​បំប្លែង​ខ្លួន​របស់​វា​ជា​បន្តបន្ទាប់ ។ ដូច្នេះ​កម្ពុជា​នឹង​នឹកឃើញ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ដែល​ជា​ប្រទេស​ដៃគូ​នៅ​ពេល​ត្រូវការ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ។ សម្តេច​តេ​ជោ ក៏​បាន​បង្ហាញ​ការ​សោកស្តាយ​ដែល​ពុំ​បាន​ចូលរួម​សន្និសីទ CICA ក្នុង​ឆ្នាំ​២០២២ ដោយពេល​នោះ​សម្តេច​តេ​ជោ ជាប់​កាតព្វកិច្ច​ជា​ប្រធាន​អាស៊ាន ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​អំពី​ការ​បន្ត​គាំទ្រ​កា​ហ្សា​ក់​ស្ថាន នៅ​ក្នុង​វេទិកា​អន្តរជាតិ ដែល​មាន​ទំនាក់ទំនង​ការទូត និង​មិត្តភាព​ជាមួយ​កម្ពុជា ។ ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ ក៏​បាន​ស្នើ​ទៅ​កា​ហ្សា​ក់​ស្ថាន​ឱ្យ​គាំទ្រ​បេក្ខភាព​កម្ពុជា​ក្លាយជា​ប្រទេស​សង្កេតការណ៍​ផ្លូវ​ការណ៍​របស់​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ (SCO) ផង​ដែរ ។

ការ​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មកនេះ មិន​គួរ​ធ្វើ​តែ​ក្នុង​កម្រិត​ប្រទេស និង​ប្រទេស​នោះ​ទេ សម្តេច​តេ​ជោ បាន​ជម្រាប​ទៅ​ឯកឧត្តម​អគ្គរដ្ឋទូត​ថា គួរ​ធ្វើ​ក្នុង​កម្រិត​តំបន់ និង​តំបន់​ផង​ដែរ ពោល គឺ​ក្នុង​កម្រិត អឺ​រ៉ា​ស៊ី និង​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ