អាស៊ាន ៖ ភ្លៀងមូសុងតែងតែវាយប្រហារអាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំ ប៉ុន្តែការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីសកម្មភាពរបស់មនុស្សធ្វើអោយកើតមានគ្រោះមហន្តរាយធម្មជាតិកាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ។
ចូលមកដល់ពាក់កណ្តាលរដូវវស្សា នាខែកញ្ញា ឆ្នាំ២០២៤នេះ ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានបើកការវាយប្រហារយ៉ាងបំផ្លិចបំផ្លាញបណ្តាលឱ្យខូចខាតសឹងតែទូទាំងតំបន់អាស៊ីអាគ្នេយ៍ជាពិសេស តំបន់អាស៊ីអាគ្នេយ៍ដីគោក ។ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ កើតឡើងដោយសារតែ ព្យុះទីហ្វុងត្រូពិច Yagi ដែលចេញពីជប៉ុន និងហ្វីលីពីន ដែលបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សទៅជាព្យុះសង្ឃរា ត្រឹមតែរយៈខ្លីមិននឹកស្មានដល់បន្ទាប់វាបានបោកបក់មកដល់កោះហៃណាន ប្រទេសចិន និងបន្តបើកការវាយប្រហារក្នុងចូលឈូងសមុទ្រតុងកឹង និងភាគខាងជើងប្រទេសវៀតណាម ។
អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ ឥទ្ធិពលនៃព្យុះមួយបានបង្កផលប៉ះពាល់រយៈពេលជាងធម្មតា ដែលជំរុញឱ្យមានភ្លៀងធ្លាក់ជោគជាំអស់ជាច្រើនថ្ងៃបង្កទៅជាទឹកជំនន់ និងគ្រោះថ្នាក់បាក់ដីរាប់សិបកន្លែង ទូទាំងតំបន់តំបន់អាស៊ីអាគ្នេយ៍ដីគោក ។
វៀតណាម ៖ ក្នុងចំណោមនោះ ប្រទេសវៀតណាម ជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ទាំងព្យុះ ទាំងគ្រោះទឹកជំនន់ និងគ្រោះថ្នាក់បាក់ដីដ៏អាក្រក់ជាងគេ ។ គិតត្រឹមម៉ោង២រសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញ ឆ្នាំ២០២៤ យោងតាមរបាយការណបច្ចុប្បន្នភាពផ្សាយផ្ទាល់លើគេហទំព័រសារព័ត៌មាន VN express ចំនួនអ្នកស្លា.ប់បានកើនឡើងដល់ គឺ ២៦២នាក់ របួសជាង១៩០១នាក់ និង៨៣នាក់ទៀតបន្តបាត់ខ្លួន ។ ទាំងអ្នកស្លា.ប់ អ្នករបួស និងអ្នកបាត់ខ្លួន ភាគច្រើនដោយសារតែហេតុការណ៍បំណាក់ដីធំៗ ។
ខណៈដែលព្យុះ និងទឹកជំនន់ដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្របានបានបំផ្លាញផ្ទះច្រើនជាង២៤ម៉ឺនខ្នង ដំណាំកសិកម្មរាប់លានហិកតា សត្វពាហនៈរាប់លានក្បាលបានងា.ប់ ជាពិសេសដីស្រែចម្ការជុំវិញទីក្រុងហាណូយ រងគ្រោះខ្លាំងជាងគេ ។
ថៃ ៖ តាមពីក្រោយប្រទេសវៀតណាម ទឹកជំនន់នៅឯខេត្តភាគខាងជើងប្រទេសថៃ ជាពិសេស គឺខេត្តឈៀងរៃ និងខេត្តឈៀងម៉ៃ ត្រូវបានចាត់ទុកថា ជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល៨០ឆ្នាំជាប្រវតិ្តសាស្ត្រ ដែលបានធ្វើឱ្យចំនួនអ្នកស្លា.ប់យ៉ាងហោចណាស់ ១០នាក់ និងតម្លៃនៃការខូចខាតសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងកើនដល់១០ពាន់លានបាត ដីកសិកម្មដែលរងការខូចខាតឈានដល់ក្បែរខ្ទង់លានរ៉ៃប៉ះពាល់ដល់ប្រជាជនច្រើនជាង៧៣៤០០គ្រួសារ ។
មីយ៉ាន់ម៉ា ៖ ចំណែកប្រទេសមីយ៉ាន់ម៉ា ទឹកជំនន់ធ្ងន់ធ្ងរជាងគេ គឺនៅជុំវិញទីក្រុងណៃពីដោរ ។ រដ្ឋាភិបាលយោធារបស់ប្រទេសមួយនេះ បានប្រកាសថា មនុស្សជាង ២៣៥,០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ខណៈដែលយ៉ាងហោចណាស់មនុស្ស៣៣នាក់ត្រូវបានបាត់បង់ជីវិត គិតត្រឹមថ្ងៃសុក្រ ទី១៣ ខែកញ្ញា ។
ទីភ្នាក់ងារសារព័ត៌មាន Global New Light របស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ខ្សែរថភ្លើង Yangon ហើយ Mandalay ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារតែផ្នែកខ្លះនៃផ្លូវត្រូវបានជន់លិច ។ ព្យុះសង្ឃា Yagi ធ្វើអោយវិបត្តិនៅមីយ៉ាន់ម៉ា កាន់តែធ្ងន់ធ្ងរ ដោយទឹកជំនន់បានធ្វើឱ្យប្រជាជនក្នុងប្រទេសដ៏កម្សត់នេះរងទុក្ខវេទនារឹតតែខ្លាំង ស្របពេលដែលពួកគេកំពុងរស់នៅក្នុងស្ថានភាពអាក្រក់ស្រាប់ ដោយការប្រយុទ្ធគ្នា ចាប់តាំងពីយោធាបានដណ្តើមអំណាច ក្នុងឆ្នាំ២០២១ ។
ប្រទេសឡាវ ៖ ទឹកជំនន់ភ្លាមៗបានបំផ្លិចបំផ្លាញតំបន់នៅភាគខាងជើងនៃប្រទេសឡាវ ជាខេត្តហ្លួងណាំថា ជាកន្លែងដែលទឹកជំនន់បានបំផ្លិចបំផ្លាញ ជន់លិចផ្ទះអ្នកស្រុក និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងសម្លាប់.មនុស្សម្នាក់ថែមទៀតផង ។ រដ្ឋធានីវៀងច័ន្ទន៍ និងខេត្តហ្លួងព្រះបាង កំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា ខណៈដែលកម្ពស់ទឹកក្នុងទន្លេមេគង្គបានកើនឡើងបង្កជាទឹកជំនន់កាន់តែខ្ពស់ទៅៗ ជំរុញឱ្យអាជ្ញាធរឡាវប្រកាសអាសន្ន និងត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ ។
ជាពិសេសប្រជាជននៅទីក្រុងវៀងចន្ទន៍ ត្រូវបានព្រមានពីគ្រោះទឹកជំនន់ ដោយសារតែកម្ពស់ទឹកទន្លេមេគង្គនឹងលើសខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ។ គណៈកម្មការទន្លេមេគង្គព្យាករណ៍ថា កម្ពស់ទឹកទន្លេមេគង្គរំពឹងថា នឹងលើសពីកម្រិតទឹកជំនន់ ១២.៥០ម៉ែត្រ ដោយគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា កម្ពស់ទឹកឡើងលើស១៣ម៉ែត្រ និងថ្ងៃទី១៥ កញ្ញា អាចឡើងដល់១៣,១៦ម៉ែត្រ អាចនឹងបន្តកើនឡើង ។ កម្ពស់ទឹកប៉ុណ្ណេះគឺឈានដល់កម្រិតអាសន្នទី១៥ ដែលជាកម្ពស់បំផុត និងខ្ពស់ជាងទឹកជំនន់ធំដែលធ្លាប់កើតមានក្នុងនៅទីក្រុងវៀងចន្ទន៍ កាលពីឆ្នាំ ១៩៦៦ និង២០០៨ទៅទៀត។
គួរកត់សម្គាល់ថា សារព័ត៌ចិនស៊ិនហួរបានចាត់ទុកព្យុះទីហ្វុង Yagi គឺជាព្យុះដ៏ខ្លាំងបំផុតនៅអាស៊ីនាឆ្នាំនេះ ។ សម្រាប់ប្រទេសចិន ព្យុទីហ្វុង Yagi ដែលបានវាយប្រហារខេត្ត Hainan កាលពីថ្ងៃទី៦ ខែកញ្ញា ក៏ត្រូវបានចាត់ទុកថា ជាព្យុះទីហ្វុងក្នុងរដូវស្លឹកឈើជ្រុះដ៏ខ្លាំងក្លាបំផុតជាប្រវត្តិសាស្ត្រ ដែលបានបោកបក់នៅក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ១៩៤១មក ៕ អត្ថបទ៖ អោម ចែតច័ន្ទ
ចែករំលែកព័តមាននេះ