រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលល្បីឈ្មោះថាជាតារាកំពូលទើស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេមិនសហការជាមួយកម្លាំងសមត្ថកិច្ច ដែលដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអាល់កុល ដោយបើករថយន្តគេចពីបារាស់ព្យាយាមរត់គេច ។ តែត្រូវបានកម្លាំងសមត្ថកិច្ចបើករថយន្តស៊ីរ៉ែនដេញតាមពីក្រោយរហូតមកដល់ចំណុចមុខវត្តទឹកថ្លា ក៏ជ្រុលទៅបុកម៉ូតូកង់បី២គ្រឿង ហើយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ទើបទៅមុខលែងរួច ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខវត្តទឹកថ្លា ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដាក់គោលដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅចំណុចផ្សារបឹងបៃតង ។ ពេលនោះ ស្រាប់តែឃើញមានរថយន្តម៉ាកឡង់គ្រីស្ស័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BW-៦៨០២ បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ជាលោក ម៉ៃ សុគន្ធ ក្នុងស្ថានភាពស្រវឹង ។ ភ្លាមនោះដែរ សមត្ថកិច្ចក៏បានហៅរថយន្តឲ្យឈប់អែបមកខាងដើម្បីត្រួតពិនិត្យ បែរជាលោក ម៉ៃ សុគន្ធ មិនព្រមសហការ បានបើករថយន្តគេចចេញពីបារាស់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចយ៉ាងលឿនដើម្បីគេចខ្លួន ។

ភ្លាមៗនោះដែរ សមត្ថកិច្ចបានបើករថយន្តស៊ីរ៉ែនដេញតាមពីក្រោយរហូតមកដល់ចំណុចមុខវត្តទឹកថ្លា រថយន្តរបស់លោក ម៉ៃ សុគន្ធ បានជ្រុលទៅបុកពីក្រោយពេញទំហឹងម៉ូតូកង់បីឥណ្ឌា១គ្រឿង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ ១FS-៦៧៦៨ បើកបរដោយបុរសម្នាក់ដែលបើកពីមុខស្របទិសគ្នា ដោយរុញផ្ទប់ទៅចិញ្ចើមផ្លូវជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា១គ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខ កណ្តាល ១AK-៣៤៩៣ បើកដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិច ។ ការបុកនេះ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តដែលមិនទាន់អស់ល្បឿន បានជ្រុលទៅបុករបាំងថ្មបាក់អស់៣កង់បន្ថែមទៀត បែកមុខខ្ទេច ទើបរថយន្តទៅមុខលែងរួច ។ ការបុករះនេះ បណ្តាលឲ្យមានមនុស្ស៣នាក់រងរបួសផងដែរ ។

ក្រោយកើតហេតុ លោក ម៉ៃ សុគន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនយកទៅខណ្ឌ ដើម្បីសួរនាំបន្ត និងចាត់ការតាមនីតិវិធី ។ ដោយឡែករថយន្ត ត្រូវបាននគរបាលចរាចរណ៍ខណ្ឌសែនសុខ បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីយករថយន្តខាងលើទៅរក្សាទុករង់ចាំការដោះស្រាយនៅថ្ងៃក្រោយ ៕






ចែករំលែកព័តមាននេះ