ទីក្រុងប៉េកាំង៖ ប្រទេសចិនលើកនេះលេងដៃធំតែម្ដង សន្យាផ្ដល់ប្រាក់កម្ចីរហូតដល់ជាង៥០ពាន់លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍរបស់បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិក។ នៅក្នុងវេទិកាអន្តរជាតិរវាងប្រទេសចិន និងទ្វីបអាហ្វ្រិកដែលរៀបចំឡើងនៅទីក្រុងប៉េកាំងថ្ងៃនេះ ប្រធានាធិបតីចិន លោកស៊ីជីនពីង ប្រកាសពីការផ្ដល់ប្រាក់កម្ចីដូចខាងលើនេះរួមជាមួយការសន្យាបង្កើតការងារយ៉ាងតិច១លានកន្លែងសម្រាប់ប្រជាជនអាហ្វ្រិក។ ដូច្នេះអាហ្វ្រិកលើកនេះកំពុងតែប៉ះចំលាភធំហើយ។
ក្នុងនាមជាប្រទេសផ្ដល់ប្រាក់កម្ចីធំបំផុតនៅលើពិភពលោក ចិនចង់បង្ហាញពីមហិច្ឆតាងាកចេញពីផែនការកាលពីមុនដែលច្រើនផ្ដល់ប្រាក់កម្ចីដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយឆ្ពោះទៅរកការលក់ទំនិញ និងការអភិវឌ្ឍសេដ្ឋកិច្ចដោយប្រើបច្ចេកវិទ្យាបៃតង (គិតទៅដល់បរិស្ថានជារឿងសំខាន់)។ ក្រុមហ៊ុនរបស់ចិនកំពុងតែវិនិយោគយ៉ាងសកម្មនៅក្នុងវិស័យនេះ។
លោកស៊ីជីនពីងជម្រាបជូនថ្នាក់ដឹកនាំអាហ្វ្រិកជាង៥០ប្រទេសថាលោកត្រៀមអនុវត្តផែនការអភិវឌ្ឍគម្រោង៣០នៅទូទាំងទ្វីបអាហ្វ្រិក និងត្រៀមប្រើប្រាស់ថវិកា៣៦០ពាន់លានយ័ន្ត ឬ៥០,៧ពាន់លានដុល្លារដើម្បីផ្ដល់ហិញ្ញប្បទានទៅលើគម្រោងទាំងនោះ។ ចិនត្រៀមពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, ពាណិជ្ជកម្ម និងវិនិយោគ។
លោកអំពាវនាវឱ្យបង្កើតបណ្ដាញចិន-អាហ្វ្រិកដែលមានតំណភ្ជាប់ទាំងផ្លូវគោក និងផ្លូវទឹក និងបង្កើតប្រព័ន្ធសម្របសម្រួលការអភិវឌ្ឍនេះ។ លោកក៏អំពាវនាវឱ្យអ្នកវិនិយោគចិនវិលត្រឡប់ទៅទ្វីបអាហ្វ្រិកសាជាថ្មីបន្ទាប់ពីពិភពលោកបានរួចចាកផុតពីវិបត្តិកូវីដ១៩។ កាលពីឆ្នាំ២០២៣ ប្រទេសចិនសម្រេចផ្ដល់ប្រាក់កម្ចីជាង៤ពាន់លានដុល្លារសម្រាប់ទ្វីបអាហ្វ្រិក។
នៅក្នុងចំណោមថវិកាកម្ចីនេះ, ទឹកប្រាក់២១០ពាន់លានយ័ន្តនឹងផ្ដល់ជូនតាមរយៈកម្ចីឥណទាន និងទឹកប្រាក់យ៉ាងតិច៧០ពាន់លានយ័ន្តផ្ដល់ជូនតាមរយៈគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន។ ទឹកប្រាក់១ផ្នែកទៀតជាជំនួយយោធា និងប្រើអនុវត្តគម្រោងតូចៗ។ វេទិកាអន្តរជាតិចិន-អាហ្វ្រិកនេះនឹងដាក់ដាក់ចេញទិសដៅអភិវឌ្ឍរយៈពេលបីឆ្នាំ។ ប៉ុន្តែអាហ្វ្រិកបានផាត់ចេញប្រទេសអេស្វាទីនីមិនឱ្យចូលរួមនៅក្នុងគម្រោងនេះព្រោះប្រទេសនេះបន្តដាក់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។
ក្រៅពីការអនុវត្តគម្រោងធំៗទាំង៣០ លោកស៊ីជីនពីងថ្លែងចិនក៏ត្រៀមដាក់ចេញគម្រោងអភិវឌ្ឍថាមពលស្អាតចំនួន៣០គម្រោងទៀតនៅទ្វីបអាហ្វ្រិកផងដែរ។ ដូច្នេះ ចិនកំពុងបោះដៃទៅទ្វីបអាហ្វ្រិកដើម្បីសហការគ្នាផលិតថាមពលអគ្គិសនីពីនុយក្លេអ៊ែរ និងដោះស្រាយបញ្ហាឱនភាពផ្នែកប្រើប្រាស់ថាមពល។ បើមិនអីចឹងទេវិស័យឧស្សាហកម្មនៅតែដើរធាក់ថយ។
លើកនេះ ថ្នាក់ដឹកនាំចិនមិននិយាយពាក់ព័ន្ធនឹងការសន្យាទិញទំនិញពីអាហ្វ្រិករហូតដល់៣០០ពាន់លានដុល្លារដូចដែលធ្លាប់លើកឡើងក្នុងកិច្ចប្រជុំនៅទីក្រុងដាកា ប្រទេសបង់ក្លាដែសកាលពីឆ្នាំ២០២១នោះទេ។ លោកថ្លែងថាយើងត្រៀមខ្លួនជួយបង្កើត «តំបន់សេដ្ឋកិច្ចសេរី» នៅទ្វីបអាហ្វ្រិក, ពង្រីកឃ្លាំងស្តុកទុកទំនិញ និងសហការខាងហិរញ្ញវត្ថុដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍទ្វីបអាហ្វ្រិក៕
ចែករំលែកព័តមាននេះ