ប្រទេសបារាំង ៖ កីឡាករបាល់ទះអង្គុយជនជាតិអ៊ីរ៉ង់ Morteza Mehrzadselakjani ដែលជាបុរសដែលមានកំពស់ខ្ពស់បំផុតទី២របស់ពិភពលោកនោះ នៅទីបំផុតទទួលបានគ្រែគេងធំល្មមសម្រាប់គាត់ហើយ បន្ទាប់ពីត្រូវបានបង្ខំគេងផ្ទាល់នឹងឥដ្ឋអស់រយៈពេលជាច្រើនថ្ងៃ អំឡុងពេលការប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។
កីឡាករ Mehrzadselakjani ដែលត្រូវបានគេស្គាល់ជាទូទៅថា Mehrzad បានត្រៀមចិត្តរួចហើយថា ខ្លួននឹងគ្មានគ្រែគេងត្រឹមត្រូវដូចអត្តពលិកផ្សេងទៀត នៅពេលទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង ដោយសារតែកម្ពស់ដ៏ខ្ពស់ ២.៤៧ម៉ែត្ររបស់ខ្លួន។ បើតាមលោក Hadi Rezaeigarkani គ្រូបង្វឹកកីឡាករ Mehrzad បានឱ្យដឹងថា អស់រយៈពេល២-៣ថ្ងៃដំបូង នៅភូមិកីឡាប៉ារ៉ាឡាំពិក កីឡាករវ័យ៣៦ឆ្នាំរូបនេះ ត្រូវបង្ខំចិត្តគេងផ្ទាល់នឹងឥដ្ឋ។
គ្រូបង្វឹករូបនេះបានបន្តថា កាលពីនៅទីព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ អ្នករៀបចំបានធ្វើគ្រែពិសេសមួយសម្រាប់ Mehrzad ប៉ុន្តែនៅទីនេះពុំមាននោះទេ។ ដូច្នេះ Mehrzad ត្រូវគេងផ្ទាល់នឹងឥដ្ឋ។ ទោះយ៉ាងណាក៏ដោយ ប្រភពពីសារព័ត៌មាន BBC កាលពីថ្ងៃទី៣ កញ្ញា កន្លងទៅ បានរាយការណ៍ថា នៅទីបំផុត Mehrzad ទទួលបានគ្រែពិសេសធំល្មមសម្រាប់គេងហើយ។
កីឡាករ Mehrzad គឺជាបុរសដែលមានកម្ពស់ខ្ពស់បំផុតទី២នៅលើពិភពលោក ដែលទាបជាងលោក Sultan Kösen ជនជាតិតួកគី ដែលមានកម្ពស់ដល់ ២.៥១ម៉ែត្រ។ នៅក្នុងឆ្នាំ ២០១៦ កីឡាករ Mehrzad បានក្លាយជាអត្តពលិកខ្ពស់បំផុតនៅលើពិភពលោក ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិក ដោយឈ្នះមេដាយមាសកីឡាបាល់ទះអង្គុយ។
កីឡាករ Mehrzad បានឈ្នះមេដាយមាសពីកីឡាប៉ារ៉ាឡាំពិក ២សម័យកាលរួចមកហើយ កាលពីឆ្នាំ ២០១៦ និង ២០២០ ដ្បិតក្រុមបាល់ទះអង្គុយជម្រើសជាតិអ៊ីរ៉ង់ឈ្នះមេដាយមាស ៧សម័យកាល កាលពីឆ្នាំ ១៩៨៨, ១៩៩២, ១៩៩៦, ២០០០, ២០០៨, ២០១៦ និង ២០២០ ពោលច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ។
សម្រាប់ឆ្នាំនេះ Mehrzad ដាក់គោលដៅដណ្តើមមេដាយមាសប៉ារ៉ាឡាំពិកលើកទី៣សម្រាប់អ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវតទល់ជាមួយនឹងអេហ្ស៊ីប នៅនេះផ្ទាល់តែម្តង។
ត្រឡប់ទៅក្រោយបន្តិច នៅពេលដែល Mehrzad មានអាយុ១៣ឆ្នាំ បានជួបគ្រោះថ្នាក់នៅពេលជិះកង់ ដែលធ្វើឱ្យបាក់ឆ្អឹងអាងត្រគាកធ្ងន់ធ្ងរ ហើយកម្រិតលូតលាស់នៃជើងខាងស្តាំរបស់គាត់ ខ្លីជាងជើងខាងឆ្វេង ១៥សង់ទីម៉ែត្រ។ Mehrzad បានប្រើឈើច្រត់ និងរទេះរុញ ដើម្បីជំនួយដល់ការធ្វើដំណើរ។
គ្រោះថ្នាក់ពីកុមារាភាព មិនត្រឹមតែខូចខាតរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យ Mehrzad កើតជំងឺបាក់ទឹកចិត្តផងដែរ ព្រោះគាត់កម្រចេញទៅក្រៅផ្ទះអស់រយៈពេលជាង១០ឆ្នាំមកហើយ រហូតដល់ជួបជាមួយលោក Rezaeigarani ដែលគ្រូបង្វឹករូបនេះជឿថា Mehrzad អាចជាកីឡាករប៉ារ៉ាឡាំពិកដ៏អស្ចារ្យជាមួយគុណសម្បត្តិកម្ពស់ដ៏ខ្ពស់របស់គាត់៕ (ប្រភព ៖ VnExpress និង Inside The Games)
ចែករំលែកព័តមាននេះ