ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ៖ រឿងព្រំដែនជារឿងអនាគត ដូច្នេះត្រូវតែធ្វើផ្លូវទៅដល់ ហើយអភិវឌ្ឍន៍ និងដាក់ពលរដ្ឋជារបង

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា រឿង​ព្រំដែន​ជា​រឿង​អនាគត​របស់​កូន​ខ្មែរ​ទាំងអស់​គ្នា ដូច្នេះ​ត្រូវ​តែ​ធ្វើ​ផ្លូវ​ទៅ​ដល់ ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់ និង​ធ្វើការ​អភិវឌ្ឍ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា រឿង​ព្រំដែន​ជា​រឿង​អនាគត​របស់​កូន​ខ្មែរ​ទាំងអស់​គ្នា ដូច្នេះ​ត្រូវ​តែ​ធ្វើ​ផ្លូវ​ទៅ​ដល់ ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់ និង​ធ្វើការ​អភិវឌ្ឍ ដោយ​ដាក់​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ​ទីនោះ​ធ្វើ​ជា​របង​ការពារ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ពិធី​«​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​មេធាវី និង​សិក្ខាកាម​មេធាវី នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​មណ្ឌល​សន្និបាត និង​ពិ​ព័ណ៌​អន្តរជាតិ​ជ្រោយ​ចង្វាយ​(OCIC)​ថា យើង​ត្រូវ​តែ​ធ្វើ​ផ្លូវ​ព្រំដែន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កូន​ខ្មែរ​បាន​ទៅ​ដល់​ស្គាល់​គ្រប់​ច្រក​គ្រប់​ទិស​ទី​នៃ​ផ្ទៃដី​របស់​ខ្មែរ ។ ការ​ធ្វើ​ផ្លូវ​ព្រំ​ដែរ​ត្រូវ​បាន​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​នេះ​ហើយ គឺជា​ការ​ការពារ​ទឹកដី ហើយ​យើង​គ្មាន​ផ្លូវ​ទៅ​ដល់ បើ​គេ​យក​យើង​មិនដឹង ។ ឧទាហរណ៍ យើង​មាន​ដី​២០​ហិ​កតា តែបើ​យើង​ទៅ​ដល់​ដី​តែ​១០​ហិ​កតា នៅ​សល់​១០​ហិ​កតា​ទៀត​ទៅ​មិន​ដល់​បើ​គេ​យក​យើង​ម៉េច​ដឹង​! ។ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​ប្រព័ន្ធ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ត​ភ្ជាប់​រុញ​ឲ្យ​ដល់​គ្រប់កន្លែង​» ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ទៀត​ថា ត្រូវ​តែ​ធ្វើការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​នៅ​តាម​ព្រំដែន ហើយ​បញ្ជូន​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ទីនោះ​ដែល​ចំណុច​នេះ គឺជា​ការ​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​បន្ថែម​ថា ៖«​រឿង​CLV – DTA មិនមែន​ជា​រឿង​បច្ចុប្បន្ន​នោះ​ទេ គឺជា​រឿង​អនាគត​ដែល​យើង​ទាំងអស់​គ្នា​ព្រួយបារម្ភ​បាត់បង់ ។ យើង​ទៅ​មើល​ឥលូវ​អត់​បាត់ តែ​នៅ​២០ ឬ​៥០​ឆ្នាំ​ទៀត ។ ប៉ុន្តែ​ដើម្បី​អស់​កង្វល់​យើង​ពង្រាយ​កូន​ខ្មែរ ឲ្យ​ច្រើន​នៅ​តំបន់​នោះ​តែ​ម្តង ។ យក​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ទីនោះ​ធ្វើ​ជា​របង​ការពារ​អធិបតេយ្យភាព​របស់​យើង ហើយ​ពង្រឹង​សេដ្ឋកិច្ច​» ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា រឿង​ដែល​មិន​ទាន់​កើត គឺ​មានការ​ពិបាក​ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើការ​ការពារ ។ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ និង​ជំរុញ​ការ​អភិវឌ្ឍ​គោលនយោបាយ​ក្នុង​ការ​ធ្វើ​ផ្លូវ​ព្រំដែន ដើម្បី​ការពារ​ព្រំដែន និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត ។ ក្នុង​នាម​ជា​កូន​ខ្មែរ​ម្នាក់ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ទៀត​ថា ៖«​ខ្ញុំ​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​ខ្ញុំ​បែកបាក់​គ្នា​មិន​ទុកចិត្ត​គ្នា ឈ្លោះ​គ្នា ដោយសារ​រឿង​អ្វី​ដែល​មិន​ទាន់​កើត​មាន​ឡើង ។ អី​ញ្ចឹ​ង​យើង​ត្រូវធ្វើ​អ្វី​ដើម្បី​ធានា និង​រម្ងាប់​ចិត្ត​ប្រជាពលរដ្ឋ ។ ហើយ​ខ្ញុំ​គិត​ថា មាន​បងប្អូន​មួយ​ចំនួន​មិន​ទាន់​សប្បាយចិត្ត​ទេ ព្រោះ​ខ្លះ​ចង់​ធ្វើ​របង​ព្រំដែន​ដោយ​មិន​ធ្វើ​ផ្លូវ ។ មាន​វិធីសាស្ត្រ​ច្រើន តែ​ខ្ញុំ​សុំ​ធ្វើ​ផ្លូវ​ហើយ ដើម្បី​យក​ប្រជាពលរដ្ឋ​ជា​របង​ការពារ​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី​បាន​ឲ្យ​ដឹង​ថា តាម​ការ​គណនា​ផ្ទៃដី​ចំនួន​១២៧០​គីឡូម៉ែត្រ គុណ​ជា​របង​កម្ពស់​២​ម៉ែត្រ កម្រាស់​២​តឹក ចំណាយ​លុយ​ជាង​១៧០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ផ្លូវ​ចំនួន​១៣០០​គីឡូម៉ែត្រ​ចំណាយ​ខ្ទង់​ជាង​៥០០​លាន​ដុល្លារ ។ សម្តេច​ធិ​បតី ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​របង​ព្រំដែន​មិន​មានការ​ងាយស្រួល​នោះ​ទេ សូ​ម្បី​ប្រទេស​ចិន​-​វៀតណាម​របង​របស់​គេ មាន​ព្រំដែន​ជាង​២០០០​គីឡូម៉ែត្រ គេ​ធ្វើ​តែ​មួយ​ផ្នែក​ទេ ។ អា​មេ​រិ​ក​ចង់​ធ្វើ​របង គេ​ធ្វើ​បាន​តែ​មួយ​ផ្នែក​ទេ ហើយ​ប្រទេស​អ៊ី​ស​ស្រា​អ៊ែ​ល និង​ប្រទេស​ហា​ម៉ាស់​ធ្វើ​របង​ក៏​នៅ​មានការ​ឆ្លងកាត់​ក្រោម​ដី​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ