ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ កំលាំងនគរបាលការិយាល័យអត្តសញ្ញាណបណ្ណនៃស្នងការដ្ឋាននគរបាលខេត្តកំពតសហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងកំពតនិងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរ ដឹកនាំដោយលោកវរសេនីយឯកយី គា នាយការិយាល័យអត្តសញ្ញាណបណ្ណនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះមកធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសប្រពលភាពនិងប្រជាពលរដ្ឋដែលមិនទាន់បានធ្វើអត្តសញ្ញាណបណ្ណដើម្បីបន្តប្រពលភាពថ្មីនិងធ្វើថ្មីជូនប្រជាពលរដ្ឋក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
លោកវរសេនីយឯកយី គា នាយការិយាល័យអត្តសញ្ញាណបណ្ណនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា÷ អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពតដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោម៉ៅ ចន្ទ័មធុរិទ្ធស្នងការខេត្តបានដឹកនាំកម្លាំងមន្ត្រីជំនាញក្រោមឱវាទចុះបំពេញភារកិច្ចជំនាញដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ ដោយបម្រើសេវាកម្មផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពួកគាត់។ ក្នុងនោះលោកឧត្តមសេនីយ៍ទោស្នងការបានដាក់ផែនការដល់មន្ត្រីជំនាញឲ្យដំណើរការចុះអនុវត្តជាអចិន្ត្រៃយ៍ដើម្បីបំពេញសំណុំបែបបទធ្វើអត្តសញ្ញាណពណ្ណជូនប្រជាពលរដ្ឋ។
ជាក់ស្ដែងចាប់ពីថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៤កន្លងមក រហូតដល់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២៤ អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពតបានជំរុញឲ្យកម្លាំងជំនាញរបស់ស្នងការខេត្តចុះសហការជាមួយក្រុងស្រុកទាំង ៩ ដោយប្រើរថយន្តចល័តមួយគ្រឿងចុះធ្វើអត្តសញ្ញាណបណ្ណជាតិខ្មែរជូនយុវជនយុវនារីជាសិស្សានុសិស្សនៅតាមសាលាវិទ្យាល័យនានាទូទាំង៩ក្រុងស្រុកជាបន្តបន្ទាប់កន្លងមកបានចំនួន២៤វិទ្យាល័យផងដែរ។
ជាមួយគ្នានោះយើងបានបំពេញសំណុំបែបបទជូនសិស្សានុសិស្សបានចំនួន២៨៤១នាក់ ស្រីចំនួន១៦១៣ នាក់។ ហើយបច្ចុប្បន្នកំលាំងមន្ត្រីនគរបាលជំនាញការិយាល័យអត្តសញ្ញាណបណ្ណនៃស្នងការដ្ឋាននគរបាលខេត្តកំពតនឹងបន្តចុះចល័តទូទាំង៩៣ឃុំសង្កាត់បន្ថែមទៀត ដោយចាប់ផ្តើមធ្វើពីសង្កាត់ត្រើយកោះទៅចំនួន២ថ្ងៃគឺនៅថ្ងៃទី០២និងទី០៣ខែកញ្ញាឆ្នាំ២០២៤និងបន្តធ្វើនៅសង្កាត់អណ្តូងខ្មែរចំនួន២ថ្ងៃចាប់ពីថ្ងៃទី០៤រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយនិងបន្តចុះធ្វើនៅតាមសង្កាត់គ្រប់ទាំង៤សង្កាត់ទូទាំងក្រុងកំពតបន្តទៀត៕
ចែករំលែកព័តមាននេះ