ខេត្តកំពង់ចាម ៖ រឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើលមួយ ដែលស្ត្រីជាម្តាយបីកូនតូចមកប្លុងឱ្យអ្នកលក់មាសនៅក្នុងផ្សារធំកំពង់ចាម ពិតជាមានការសន្និដ្ឋានផ្សេងៗគ្នាកាលពីថ្ងៃទី១៥ មិថុនា ដែលអ្នកខ្លះនិយាយថា ទំនងស្ត្រីជាម្តាយចង់ឱ្យអ្នកលក់មាសរើសកូននេះទៅចិញ្ចឹម ។ ទោះបីជាបែបណា នៅថ្ងៃបន្ទាប់គឺក្រោយពេលដែលអ្នកលក់មាសបានយកក្មេងស្រីតូចនោះ ឱ្យអង្គការចិញ្ចឹម ហើយស្ត្រីជាម្តាយក៏បានបង្ហាញខ្លួន។
អាជីវករលក់មាសតូបលេខ១៨ ផ្សារធំក្រុងកំពង់ចាម ឈ្មោះឈាវ ស៊ាមម៉េង ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិ១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម នៅតែមានចិត្តមេត្តាធម៌ដល់ស្ត្រីជាម្តាយទោះបីបានប្រើល្បិចមកទិញចិញ្ចៀនប្លាទីន១វង់តម្លៃ១៦ម៉ឺនរៀល មិនឱ្យលុយហើយថែមទាំងទុកទារិកាតូចអាយុ៦ខែជាកូនចោល១ថ្ងៃក្តី ។ ស្ត្រីអាជីវករលក់មាសមិនយកទោសពៃរ៍អ្វីនោះទេ ខណៈស្ត្រីជាម្តាយមករកកូនវិញទាំងបង្ហូរទឹកភ្នែកនាព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០១១។
តាមព័ត៌មានពីលោកញ៉ែម អ៊ឹម មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ចាម បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ មិថុនា ស្ត្រីឈ្មោះសុខ នឿន អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែស្ពៃ ឃុំព្រះធាតុ ស្រុកអូររាំងឪ បានបីកូនស្រីតូចម្នាក់ចូលមកក្នុងផ្សារធំ ក្រុងកំពង់ចាម ដោយបានចូលតូបរបស់អាជីវករខាងលើដើម្បីទិញចិញ្ចៀន១វង់ ហើយយកមកពាក់ក្នុងម្រាមដៃ ដោយប្រាប់ទៅអ្នកលក់ថា សុំផ្ញើកូន១ភ្លែតចេញ ទៅយកលុយនៅផ្ទះក្បែរក្បាលស្ពានគីហ្ស៊ុណា ។ ម្ចាស់តូបចេះតែចាំបាត់ៗ មិនឃើញស្ត្រីនោះមកយកកូននឹងទូទាត់លុយសោះ ព្រោះជិតដល់ពេលត្រូវបិទផ្សារទៅហើយ ទើបអាជីវករលក់មាសបានរាយការណ៍មកប្រាប់សមត្ថកិច្ច ព្រោះមិនហ៊ានទុកទារិកានោះក្នុងតូបបន្តទៀតទេ ខ្លាចមានបញ្ហាណាមួយកើតឡើង ។
លោកចៅសង្កាត់កំពង់ចាម រួមជាមួយមន្ត្រីមន្ទីរសង្គមកិច្ចខេត្តបានពិគ្រោះយោបល់គ្នា និងបានឯកភាពយកទារិកានោះទៅចិញ្ចឹមនៅក្នុងអង្គការមួយជាបណ្តោះអាសន្នសិន ។
កញ្ញាឈុន សុពេជ្រ បម្រើការងារនៅអង្គការគ្រាប់ពូជនៃកម្ពុជា ស្ថិតនៅភូមិបឹងកុក២ សង្កាត់ បឹងកុក ក្រុងកំពង់ចាម បានប្រាប់ឱ្យដឹងថា តាម គោល ការណ៍របស់អង្គការនោះគឺយកក្មេងកំព្រាណាដែលក្រីក្រមិនមានឪពុកម្តាយដោយមានការធានាពីអាជ្ញាធរមូលដ្ឋានទើបអនុញ្ញាតទទួលយកមករស់នៅក្នុងមណ្ឌលរបស់អង្គការបណ្តុះបណ្តាលឱ្យរៀន សូត្រ។ ជាក់ស្តែងដូចជា ទារិកាខាងលើគ្រាន់តែយក មកបាន១យប់ប៉ុណ្ណោះត្រូវម្តាយមកតាមសួររកយកទៅវិញនារសៀលថ្ងៃទី១៥ មិថុនា តែមិនទាន់អនុញ្ញាតឱ្យទៅវិញភ្លាមនោះទេ ព្រោះត្រូវបំពេញឯកសារនៅសាលាសង្កាត់កំពង់ចាមជាមុនសិន។
ស្ត្រីឈ្មោះសុខ នឿន ជាម្តាយរបស់ទារិកាខាងលើបានប្រាប់ទាំងបង្ហូរទឹកភ្នែកថា នាងមានស្រុកកំណើតនៅស្រុកអូររាំងឪ មានកូន២នាក់ ក្នុងនោះកូនប្រុសបងអាយុ៤ឆ្នាំ និងកូនប្អូនជាស្រីអាយុ៦ខែ បានមកជួលផ្ទះគេនៅខាងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ស្ត្រីជាម្តាយបន្តថា ដោយសារកូនស្រីតូចមានជំងឺរលាកទងសួត នាងបានយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញបានរយៈពេល៥ថ្ងៃក៏ចេញដំណើរមកកាន់ក្រុងកំពង់ចាម នារសៀលថ្ងៃទី១៤ មិថុនា និងបានចូលទៅក្នុងផ្សារធំ ក្រុងកំពង់ចាម ទិញចិញ្ចៀន១វង់ តែមិនមានលុយឱ្យក៏ទុកកូនចោលនៅនឹងតូបលក់មាសនោះពិតមែន ។
មន្ត្រីប៉ុស្តិ៍សង្កាត់កំពង់ចាមបានបញ្ជាក់ថា មូល ហេតុដែលស្ត្រីរូបនេះសម្រេចចិត្តបែបនេះ ព្រោះតែមិនមានលុយមើលកូនស្រីតូចដែលឈឺ ។ ទោះបីជាបែបណានៅព្រឹកថ្ងៃទី១៦ មិថុនា អាជីវករលក់មាសមិនបានប្តឹងប្តល់អ្វីនោះទេ ដោយគ្រាន់តែធ្វើការអប់រំមិនឱ្យធ្វើបែបនេះជាលើកទី២ទៀត នឹងសម្របសម្រួលឱ្យទៅរស់នៅក្នុងអង្គការនោះទាំងបីនាក់ម្តាយកូន។ ស្ត្រីរូបនេះនិយាយថា ប្តីរបស់ខ្លួនបានរត់តាមស្រីទៅបាត់ ហើយកន្លងមកតែងធ្វើបាបទាំងផ្លូវចិត្ត ផ្លូវកាយទៀតផងគ្មានអ្វីជាទីពឹងទើបធ្វើដូច្នេះ ៕
ចែករំលែកព័តមាននេះ