រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអះអាងនៅក្នុងរបាយការណ៍វឌ្ឈនភាពដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់រយៈពេល៧ខែ ឆ្នាំ២០២៤ថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ឬអាកាសយានដ្ឋានភ្នំពេញថ្មីនេះ សម្រេចបានជាង៨០ភាគរយហើយ ។
នៅក្នុងរបាយការណ៍ ដែលទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា សមិទ្ធផលនៃគម្រោងនេះ គឺបានចំណាយថវិការអស់ប្រមាណជា ១.២០០ លានដុល្លារហើយ ។
ប្រភពដដែល បានបន្តថា តាមការប្តេជ្ញាចិត្តសាងសង់សំណង់អាកាសយានដ្ឋានថ្មីនេះ គ្រោងនឹងបញ្ចប់ឲ្យបាននៅត្រឹមចុងឆ្នាំ២០២៤ ក្រោយពន្យាពេលកាលពីឆ្នាំ២០២៣ ហើយនឹងដាក់ឲ្យសម្ពោធជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខ ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩ ដោយមានទុនវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ១០ភាគរយ និងក្រុមហ៊ុន OCIC របស់អ្នកវិនិយោគខ្មែរ៩០ភាគរយ ដែលមានតម្លៃប្រមាណ១៥០០លានដុល្លារអាមេរិក។
អាកាសយានដ្ឋានអន្តរជាតិតេជោ នេះជាអាកាសយានដ្ឋាន ប្រភេទ 4F ដែលអាចមានសមត្ថភាពទទួលប្រភេទយន្តហោះខ្នាតធំៗ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរ ឆ្លងទ្វីប ដូចជា ប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
នៅពេលដែលអាកាសយានដ្ឋាននេះ ដំណើរការ ក្រុមហ៊ុនដែលបានទទួលសិទ្ធិគ្រប់គ្រងប្រតិបត្តិការនៅអាកាសយានដ្ឋាននេះ គឺជាក្រុមហ៊ុនសម្បទានព្រលានយន្តហោះបារាំង ដែលកំពុងតែគ្រប់គ្រងប្រតិបត្តិការ នៅអាកាសយានដ្ឋានភ្នំពេញបច្ចុប្បន្ន និងនៅខេត្តព្រះសីហនុ ដដែល ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ