ទីក្រុងបាងកក៖ ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថ្មីរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកស្រីផែថងថាន កូនស្រីពៅលោកថាក់ស៊ីន ត្រូវព្រះមហាក្សត្រឡាយព្រះហស្ថលេខា និងត្រាស់បង្គាប់តែងតាំងជាផ្លូវការហើយ។ ការត្រាស់បង្គាប់បានធ្វើឡើងតាំងពីសប្ដាហ៍មុន, ហើយត្រូវបានចុះផ្សាយនៅលើព្រឹត្តិបត្តិព្រះបរមរាជវាំង (Royal Gazette) នៅថ្ងៃពុធ។
នៅក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីសរុបដែលមានចំនួន៣៥រូបនោះ គណបក្សភឿថៃយក១៧រូប (គិតទាំងតំណែងនាយករដ្ឋមន្ត្រី)។ នៅសល់១៩រូបទៀតប្រគល់ទៅឱ្យគណបក្សនានានៅក្នុងរដ្ឋាភិបាលចម្រុះចែកគ្នាម្នាក់បន្តិចៗៗ។ គណបក្សភឿថៃនៅរក្សាតំណែងរដ្ឋមន្ត្រីពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, ការបរទេស និងការពារជាតិដដែល។
កាលពីថ្ងៃអាទិត្យ អគ្គលេខាធិការរដ្ឋសភាបានយកព្រះរាជសាររបស់ព្រះមហាក្សត្រមកអានឱ្យលោកស្រីផែថងថានស្ដាប់នៅទីស្នាក់ការគណបក្សភឿថៃ។ លោកស្រីបានលុតជង្គង់ចុះ និងក្រាបថ្វាយបង្គំនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ។ បន្ទាប់មក លោកស្រីបានថ្លែងសុន្ទរកថាខ្លីមួយបញ្ជាក់ពីការប្ដេជ្ញាចិត្តខិតខំបំពេញការងារប្រកបដោយស្វាមីភក្ដិ និងសុចរិតភាពចំពោះជាតិ និងប្រជារាស្ត្រ។
លោកស្រីនឹងដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់ទៅព្រះបរមរាជវាំងដើម្បីស្បថស្បែនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ។ លោកស្រីថ្លែងថារាជរដ្ឋាភិបាលថ្មីនឹងបន្តអនុវត្តតាមគំនិតផ្ដួចផ្ដើមនៃអំណាចទន់ (soft power) ដើម្បីលើកកម្ពស់វប្បធម៌ដ៏យូរលង់ជាប្រវត្តិសាស្ត្រ, វប្បធម៌នាសហសម័យ និងវិស័យទេសចរណ៍របស់ប្រទេសថៃ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថា «តើការតែងតាំងនេះអាចចាត់ទុកថាជាការកាន់អំណាចដែលឡើងតាមរយៈគ្រួសារនិយមដែរឬទេ?» លោកស្រីថ្លែងថាតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់នរណាម្នាក់ឡើយ។ គ្រាន់តែថាពេលខ្លះលោកស្រីអាចនឹងទាក់ទងទៅលោកថាក់ស៊ីនដែលជាឪពុករបស់លោកស្រីដើម្បីស្នើសុំមតិយោបល់ពីលោក។ លោកស្រីបញ្ជាក់ថាលោកថាក់ស៊ីនគ្មានមុខតំណែងអ្វីទេនៅក្នុងរដ្ឋាភិបាលថ្មីនេះ។
នៅក្នុងការឡើងកាន់អំណាចលើកនេះ លោកស្រីផែថងថានសន្យាថានឹងគិតគូរបញ្ហារបស់ប្រទេសជាតិជារឿងសំខាន់ជាងគេ។ លោកស្រីសន្យាថានឹងសហការជាមួយគ្រប់គណបក្សនយោបាយទាំងអស់ដើម្បីចាប់ដៃគ្នាអភិវឌ្ឍជាតិ។ «មនុស្សគ្រប់គ្នាលែងចង់នឹកនាអំពីរឿងរ៉ាវដែលបានកើតឡើងកាលពីអតីតកាលចំពោះឪពុក និងម្ដាយមីងរបស់លោកស្រីតទៅទៀតហើយ»៕
ចែករំលែកព័តមាននេះ