រាជធានីភ្នំពេញ ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានអ្នកនេសាទត្រីប្រទះឃើញអណ្តែតនៅក្នុងទឹបឹងឈូកមួយកន្លែង ដោយសមត្ថកិច្ចបានសន្និដ្ឋានថា ស្លាប់ដោយការលង់ទឹកច្រើនថ្ងៃមកហើយ ដោយខណៈនេះសពមានសភាពហើមស្អុយមើលលែងស្គាល់ទៀតផង ។
ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចបឹងឈូក ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយរហូតដល់ព្រឹកថ្ងៃទី០៤ ខែកញ្ញា ទើបសមត្ថកិច្ចរកឃើញទីតាំងនោះ ។
ពុំទាន់មានប្រភពណាមួយអះអាងថា ធ្លាប់បានស្គាល់បុរសរងគ្រោះពីមុនមកទេ បើតាមការប៉ាន់ស្មានបុរសនោះមានអាយុប្រមាន៣០ឆ្នាំ ហើយស្លាប់អណ្ដែតទឹកផ្កាប់មុខ អត់ពាក់អាវទេនិងស្លៀកតែខោលីអូតែប៉ុណ្ណោះ ។
បើតាមបុរសម្នាក់ឈ្មោះ ដុស ដែន អាយុ៣៣ឆ្នាំ មុខរបរនេសាទត្រីរស់នៅភូមិព្រែកតាឡុង សង្កសត់ចាក់អង្រែ ខណ្ឌមានជ័យ បានប្រាប់ដឹងថា កាលពីថ្ងៃទី០៣ ខែកញ្ញា គាត់បានអុំទូកដាក់រាយមងយកត្រីនៅក្នុងបឹងខាងលើ ។ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុនោះ ក៏បានធុំក្លិនស្អុយយ៉ាងខ្លាំង លុះបន្តិចក្រោយមកក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់ផ្កាប់មុខអណ្ដែតទឹក ក្នុងស្ថានភាពហើមស្អុយទៅហើយ ទើបប្រញាប់អុំទូកត្រឡប់ទៅផ្ទះវិញ ។
បុរសនេះបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកគាត់ក៏បានរាយការណ៍ប្រាប់លោកមេភូមិព្រែកតាឡុងឲ្យដឹងអំពីហេតុការណ៍នេះ ហើយលោកមេភូមិក៏បានរាយការណ៍បន្តទៅកាន់សមត្ថកិច្ចឲ្យចុះទៅពិនិត្យមើល ។ លុះដល់វេលាម៉ោង២២យប់ថ្ងៃដដែល ទើបឃើញកម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនោះ ប៉ុន្តែរកសពមិនឃេីញឡើយ ។
អ្នកនេសាទត្រីខាងលើបានប្រាប់បន្តថា រហូតដល់វេលាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានទៅហៅរូបគាត់មកធ្វើការសាកសួរបំភ្លឺ និងទៅចង្អុលប្រាប់ពីចំណុចកេីតហេតុ ទើបរកឃើញ ។ ព្រោះចំណុចកើតហេតុនោះស្ថិតនៅឆ្ងាយពីផ្លូវ ហើយក៏លំបាកក្នុងការធ្វើដំណើរចូលទៅដល់ផងដែរ ចំណែករូបគាត់បានប្រទះឃើញសាកសពខាងលើដោយចៃដន្យប៉ុណ្ណោះ ។
ដោយឡែកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ រួមជាមួយនគរបាលការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ ។ ក៏បានធ្វើកោសល្យវិច័យសាកសពនោះផងដែរ ហើយលទ្ធផលរកឃើញថា ជនរងគ្រោះ គឺស្លាប់ដោយសារលង់ទឹកមិនជាប់ពាក់ព័ន្ធនិងករណីអ្វីផ្សេងឡើយ ។
បន្ទាប់មកសមត្ថកិច្ចក៏បាននាំយកសាកសពជនរងគ្រោះខាងលើទៅតម្កល់ទុកនៅវត្តសំបួរមាសធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីទៅទទួលយកធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ