រាជធានីភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភា តំណាងប្រជាជនចិន ក្រុងសៀងហៃ បានឯកភាពគ្នា ក្នុងការជំរុញឲ្យកាន់តែស្អិតរមួតថែមទៀត នៃការពង្រីកមិត្តភាពរវាងសភាកម្ពុជា និងរដ្ឋសភាចិន ឲ្យកាន់តែរីកចម្រើន ។
ការឯកភាពនេះ ខណៈសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភា តំណាងប្រជាជនចិន ក្រុងសៀងហៃ ចូលជួបសម្តែងការគួរ សមនិងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងជំនួបនោះដែរ សម្តេចមហារដ្ឋសភាធិការធិបតី បានឲ្យដឹងថា សម្តេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភាកម្ពុជា ទៅកាន់ទស្សនកិច្ច នៅប្រទេសចិន នៅចុងខែកញ្ញានេះ។ ហើយនៅក្នុងដំណើរការទស្សនកិច្ចនោះដែរ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពីការពង្រឹងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា-ចិន ផងដែរ ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន ជាមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន ហើយជាមិត្តភាពល្អ ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់អំពីជំហររបស់កម្ពុជា មិនដែលងាករេពីគោលនយោបាយចិនតែមួយ ហើយចំពោះការជ្រៀលជ្រែក និងបំបែកតំបន់ផ្សេងៗ របស់ចិន ដូចជាបញ្ហានៅតៃវ៉ាន់ ហុងកុង ជាដើមនោះ កម្ពុជាប្រឆាំងជាដាច់ខាត និងចាត់ទុកជាជ្រៀលជ្រែកបញ្ហាផ្ទៃក្នុងរបស់ចិន ។
សម្តេច ក៏បាថ្លែងអំណរគុណមិត្តចិន ដែលតែងតែជួយគាំទ្រកម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេសដូចជាសេដ្ឋកិច្ចសង្គម សន្តិសុខ និងហេដ្ឋរចនាសម្ព័ន្ធ នៅកម្ពុជា ។
សម្តេចបញ្ជាក់ថា ៖ «ជំនួយរបស់មិត្តចិន និងគាំទ្រកម្ពុជា គឺជាការចូលរួមមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ឯករាជរដ្ឋភាពផ្នែកនយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា មិនគិតថា ផ្នែកវិនិយោគ ឬប្រាក់ជំនួយផ្សេងៗ ចិនមិនដែលមានលក្ខខណ្ឌភ្ជាប់មកជាមួយ ឬតម្រូវឲ្យកម្ពុជាត្រូវធ្វើតាមនោះទេ ។ ពោលគឺកម្ពុជាយកជំនួយនោះមកធ្វើតាមតម្រូវការរបស់ខ្លួន» ។
ក្នុងជំនួបនោះដែរ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន ក្រុងសៀងហៃ បានលើកឡើងថា ការជួយជំនួយមកធ្វើការអភិវឌ្ឍនៅកម្ពុជា គឺជាការជួយអភិវឌ្ឍន៍ នៅក្នុងតំបន់ ។
លោកជំទាវ ក៏បានលើកឡើងថា គោលនយោបាយរបស់ប្រទេសចិន បានធ្វើការអភិវឌ្ឍនៅទីក្រុងសៀងហៃ ដោយបានបង្កើតមជ្ឈមណ្ឌល ចំនួន៥ ក្នុងនោះមាន ៖ ១.មជ្ឈមណ្ឌលសេដ្ឋកិច្ច អន្តរជាតិ ២.មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ៣.មជ្ឈមណ្ឌលកំពង់ផែ អន្តរជាតិ ៤.ការដឹកជញ្ជូនអន្តរជាតិ និង៥.មជ្ឈមណ្ឌលនវានុវត្តន៍អន្តរជាតិដ៏ខាន់ ។
លោកជំទាវ បានលើកឡើងទៀតថា ទីក្រុងសៀងហៃ គឺជាទីក្រុងមួយដ៏សំខាប់របស់ចិន និងក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសម្រាប់ពិភពលោកផងដែរ ។
ក្នុងឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការវិវត្តន៍របស់ទីក្រុងសៀហៃរបស់ចិន និងថា ទីក្រុងនេះនឹងសម្រេចបាននូវចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សកម្មុយនីសចិន ដែលប្រែក្លាយខ្លួនជាប្រទេសបែបទំនើប ប្រជាធិបតេយ្យបែបចិន មានវប្បធម៌ រុងរឿងនិង សុខដុមរនីយកម្ម ដែលនឹងសម្រេចបាននៅឆ្នាំ២០៤៩ ខាងមុខ ។
ជាមួយគ្នានោះដែរ ភាគីទាំងពីរ បានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយគ្នា នូវគោលដៅ ដែលថ្នាក់ដឹកនាំបានដាក់ចេញទាក់ទង និងការកសាងសហគមន៍រួមគ្នាមានស្តង់ដាខ្ពស់ កម្រិតខ្ពស់ និងគុណភាពខ្ពស់ ពិសេសនោះ សម្រេចបាននៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ៕
ចែករំលែកព័តមាននេះ