រាជធានីភ្នំពេញ ៖ នៅសុខៗ មានមនុស្ស១ក្រុម បាននាំគ្នាយកបង្គោលដែក ជិត៣០ដើម ទៅជីកដាំ នៅលើកណ្ដាលទ្រូងផ្លូវបេតុងមុខផ្សារកាណាស៊ីធី ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីធ្វើជាចំណតសម្រាប់ផ្ញើកង់និងម៉ូតូ តាមបញ្ជាអ្នកគ្រប់គ្រងផ្សារខាងលើ។ ក្រោយពេលឃើញសកម្មភាពបែបនេះ បានធ្វើឲ្យអាជីវករលក់ដូរនៅក្នុងផ្សារនោះ កើតទុក្ខមិនសុខចិត្តឡើយ ក៏បានលើកគ្នាធ្វើការតវ៉ាដល់មុខការិយាល័យផ្សារ តែម្ដង ។
ក្រុមអាជីវករ បានប្រាប់ឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ ខណៈពួកគាត់កំពុងតែលក់ដូរសុខៗ ស្រាប់តែមនុស្ស១ក្រុមខាងលើបានយកបង្គោលដែក ចំនួន២៩ដើម ទៅជីកដាំ នៅលើកណ្ដាលទ្រូងផ្លូវបេតុង មុខផ្សារនោះ បាំងមុខកន្លែងពួកគាត់លក់ដូរ ព្រមទាំងធ្វើឲ្យផ្លូវរួមតូចចង្អៀត បង្កការកកស្ទះថែមទៀតផង។ មុនដំបូង ពួកគាត់ពុំបានដឹងថា ពួកនោះធ្វើអ្វីនោះទេ ហើយបន្ទាប់ពីឃើញមានសកម្មភាពបែបនេះកើតឡើង ពួកគាត់បានធ្វើការសួរនាំ ពេលនោះមនុស្ស១ក្រុមខាងលើ បានប្រាប់ថា អ្នកគ្រប់គ្រងផ្សារ បានអនុញ្ញាតឲ្យធ្វើអាជីវកម្មបង្កើតចំណតផ្ញើកង់ និងម៉ូតូនៅទីនោះ ។
ក្រុមអាជីវករដដែល បានបានប្រាប់ឲ្យដឹងបន្តទៀតថា ដោយសារតែប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ របស់ពួកគាត់យូរអង្វែង ទើបពួកគាត់ កើតទុក្ខមិនសុខចិត្ត ហើយក៏បានប្រមូលផ្ដុំគ្នា បានជិត១០០នាក់ រួចនាំគ្នាធ្វើការតវ៉ានៅមុខការិយាល័យផ្សារខាងលើនោះតែម្ដង។ ការតវ៉ានោះ គឺដើម្បីប្រឆាំងមិនឲ្យមានការបង្កើតចំណតផ្ញើកងម៉ូតូនៅទីនោះឡើយ ព្រោះនេះ គឺជាផលប្រយោជន៍របស់លោកប្រធានផ្សារ និងបុគ្គលមួយចំនួនតូចតែប៉ុណ្ណោះ ប៉ុន្តែបានប៉ះពាល់ដល់អាជីវកររាប់រយនាក់ឯណោះ ម្យ៉ាងទីនោះ គឺជាផ្លូវសាធារណៈ ។
អាជីវករទាំងនោះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ពួកគាត់កំពុងជួបលំបាកខ្លាំងណាស់ លក់ដូរមិនសូវដាច់ស្រាប់ផង បែរជាមានការដាំបង្គោលបង្កើតចំណតផ្ញើកង់ ម៉ូតូបាំងទៀតកន្លែងលក់បែបនេះទៀត តើឲ្យពួកគាត់សង្ឃឹមអ្វី មិនរឹតតែយ៉ាប់ទៀតហើយ ។
ពួកគាត់និយាយថា នៅក្នុងផ្សារកាណាស៊ីធីនោះមានកន្លែងផ្ញើកង់-ម៉ូតូរួចហើយ និងមានសង់រោងត្រឹមត្រូវថែមទៀត ហើយរកតែម៉ូតូទៅផ្ញើមិនបានផង បែរជាអ្នកគ្រប់គ្រងផ្សារ យកផ្លូវសាធារណៈ បង្កើតចំណតបែបនេះទៀត ពិតជាគិតតែប្រយោជន៍ផ្ទាល់ខ្លួនឯងមែន ។
បន្ទាប់ពីក្រុមអាជីវករខាងលើ ផ្ទុះការតវ៉ាបែបនេះលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ រួមជាមួយលោកសំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក សំ ធា ប្រធានការិយាល័យសេដ្ឋកិច្ច នៃខណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅធ្វើអន្តរាគមន៍ សម្របសម្រួលភ្លាមៗ ។
បើតាមអាជ្ញាធរ បានបញ្ជាក់ថា ពេលទៅដល់អាជ្ញាធរ បានពិនិត្យឃើញថា អ្នកគ្រប់គ្រងផ្សារកាណាស៊ីធីនោះ បានដាំបង្គោលដែកចំនួន២៩ដើម នៅលើកណ្ដាលទ្រូងផ្លូវសាធារណៈ រួចរាល់ទៅហើយ ។ ខណៈនោះ អាជ្ញាធរបានឲ្យអ្នកគ្រប់គ្រងផ្សារខាងលើ បញ្ឈប់សកម្មភាពនេះ ជាបន្ទាន់! ព្រមទាំងឲ្យរុះរើដកបង្គោលទាំងនោះចេញវិញភ្លាមៗ ជាក់ស្ដែងតែម្ដង ទើបក្រោយមកក្រុមអាជីវករព្រមស្រុះស្រួលបញ្ចប់រឿង និងរំសាយវិញ អស់ដែរ ៕

















ចែករំលែកព័តមាននេះ