រាជធានីភ្នំពេញ ៖ ជារឿងដ៏រីករាយសម្រាប់ប្អូនៗកុមារដែលខ្វះខាតអាចមករៀននៅសាលាមួយនេះបាន ក្រោយមានបង្រៀនភាសាខ្មែរ អង់គ្លេស ចិន កំព្យូទ័រ និងសិល្បៈជាច្រើនទម្រង់ទៀត ដើម្បីជាការថែរក្សាបណ្តុះបណ្តាលអោយមានភាពគង់វង្សនោះ ។

ដូចជា ពាក្យស្លោកមួយឃ្លាតែងពោលថា« វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន» ដែលប្រយោគនេះចង់បង្ហាញឲ្យឃើញថា បើការសាបព្រោះនូវអំពើល្អវាបាត់សូន្យឈឹង មានភាពស្ងប់ស្ងាត់នោះ ជាតិនឹងរលាយសាបសូន្យគ្មានរូបគ្មានន័យអ្វីទាំងអស់ តែបើការសាបព្រោះនូវអំពើល្អ មានភាពល្អប្រសើរ ភ្លឺថ្លាផូរផង់ នោះពិតប្រាកដជារីកចម្រើនលូតលាស់ ល្បីរន្ទឺសុះសាយពាសពេញទ្វីបជាក់ជាពុំខាន ។

ជាការពិតណាស់ មានកុមារជាច្រើនដែលមានការខ្វះខាតមករៀននៅទីនេះ ដោយពួកគេស្រឡាញ់សិល្បៈមានចិត្តចង់អភិរក្សគាំទ្រ ខណៈពេលដែលស្ថានភាពគ្រួសារខ្វះខាតមុខក្រោយ តែសំណាងល្អដែលលោកគ្រូពុំគិតកម្រៃដល់សិស្សជាងច្រើននាក់ ហើយទាំងធ្វើរឿងមួយនេះទៀតនោះ ។
តោះមកស្គាល់ពីប្រវត្តិសាលាដ៏កម្សត់មួយនេះ ក្រោយជួបព្យុះភ្លៀង និងការលំបាកជាច្រើន ។ ចង់ដឹងថា តើថ្នាលបណ្តុះបណ្តាលគ្រាប់ពូជនេះ ដែលមានទីតាំង នៅពុំឆ្ងាយពីរាជធានីភ្នំពេញ មានសិស្សច្រើនកុះករដែលពួកគេបានមករៀនយ៉ាងទៀងទាត់ ឬយ៉ាងណានោះ។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក ខេមរៈ ប៊ុនណា ដែលជាលោកគ្រូ នៅសាលាសិល្បៈហ្វូណន ជម្រាបថា មូលហេតុដែលបង្តើតឡើងនេះឡើង ដោយលោកយល់ថា សិល្បៈទម្រង់បុរាណហាក់ពុំសូវមានការគាំទ្រ ដូច្នេះលោកសម្រេចចិត្តបង្កើតសាលាមួយនេះឡើង ជួយដល់ក្មេងៗក្រីក្រ ដោយបង្រៀនពុំគិតថ្លៃ ។
លោក ខេមរៈ ប៊ុនណា ថាសាលាសិល្បៈហ្វូណននេះមានទីតាំងនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយនាពេលបច្ចុប្បន្នមានសិស្សមករៀនចំនួន៨៦នាក់ ក្នុងនោះដែរ សិស្សដែលខ្វះខាតក្រខ្សត់មានចំនួន ៦០នាក់ ដែលកំពុងរៀនភាសាខ្មែរ អង់គ្លេង ចិន កំព្យូទ័រ និងសិល្បៈទម្រង់បុរាណដោយមិនគិតថ្លៃ ដូចជា ទម្រង់សិល្បៈ ក្បាច់បាត បុប្ផាលោកីយ៍ របាំជូនពរ នារីជាជួរ ទេពមនោរម្យ ទស្សនីយភាពរបាំគោះត្រឡោក ទម្រង់ ហោមរោងយីកេ ល្ខោនខោល ក្បាច់គុន ភ្លេងបុរាណ និងទម្រង់សិល្បៈជាច្រើនទៀត ។

ស្ថិតក្នុងវ័យ៤២ឆ្នាំ លោក ខេមរៈ ប៊ុនណា ដែលបង្រៀននៅសាលាមួយនេះលោកថា បច្ចុប្បន្នមានគ្រូបង្រៀន៤នាក់ ដែលបានកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការផ្ទេរចំណេះចំណេះដឹងដល់ប្អូនៗ ។ លោក ខេមរៈ ប៊ុនណាបន្តថា នាពេលបច្ចុប្បន្ន លោកប្រមើលឃើញប្អូនៗមួយចំនួនសរសេរអក្សរខ្មែរមិនបានត្រឹមត្រូវ ខ្លះក៏យកទៅសរសេរជាផ្នែកផ្សេងៗដូច្នេះទើបលោកចែករំលែកចំណេះដឹងដល់ប្អូនក៏ដូចជា ទូន្មានដល់ប្អូន ព្រោះលោកមិនចង់ឃើញទម្រង់សិល្បៈ ឬផ្នែកណាមួយបាត់បង់នោះឡើយ ។

លោកខេមរៈ ប៊ុនណា បន្តទៀតថា សម្រាប់ការបង្រៀនឥតគិតថ្លៃ គឺរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១ល្ងាចដល់ម៉ោង៦រសៀល ពោល ដើម្បីចូលរួមលើកស្ទួយ អភិរក្ស និងថែរក្សានូវកេរមរតកដូនតាខ្មែរ និងដើម្បីបណ្តុះបណ្តាលឱ្យក្មេងៗជំនាន់ក្រោយជាអ្នកបន្តវេននៃការថែរក្សាដោយផ្ទាល់កុំឱ្យបាត់ខ្មែរ ។
គួរបញ្ជាក់ដែរថា សាលាសិល្បៈហ្វូណនបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៤ រហូតដល់មកឆ្នាំ២០២០ ទើបសាលាមួយនេះ មានទីតាំងមួយសមរម្យបង្រៀនដល់ក្មេងៗដែលខ្វះខាតទៅលើទម្រង់សិល្បៈជាច្រើននឹងនាពេលខាងមុខនេះអាចមានការបង្រៀនធ្វើខ្មុកល្ខោនខោល ដល់សិស្សទៀតផងនោះ ៕ ដោយ៖លីហួ គីមឆាយ







ចែករំលែកព័តមាននេះ