ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កោះហៅ​កូនប្រុស​ពៅ​ប្រ​ធានា​ធិប​តី​ឥណ្ឌូ​នេស៊ី ពាក់​ព័ន្ធ​នឹង​រឿង​យន្តហោះ​ឯកជន

2 អាទិត្យ មុន

​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រទេស​ឥណ្ឌូនេ​ស៊ីនឹង​កោះហៅ​កូនប្រុស​ពៅ​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ (Joko Widodo) ដើម្បី​ចូលខ្លួន​មក​បំភ្លឺ​ជុំវិញ​ការ​ជិះ​យន្តហោះ​ឯកជន​១​គ្រឿង​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស កាលពី​ពេល​ថ្មី​ៗ​នេះ​។ ប្រភព​ពី​សារព័ត៌មាន…

​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រទេស​ឥណ្ឌូនេ​ស៊ីនឹង​កោះហៅ​កូនប្រុស​ពៅ​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ (Joko Widodo) ដើម្បី​ចូលខ្លួន​មក​បំភ្លឺ​ជុំវិញ​ការ​ជិះ​យន្តហោះ​ឯកជន​១​គ្រឿង​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស កាលពី​ពេល​ថ្មី​ៗ​នេះ​។

ប្រភព​ពី​សារព័ត៌មាន South China Morning Post នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា លោកអា​ឡិច​សាន់​ឌឺ ម៉ា​វ៉ា​តា (Alexander Marwata) អនុប្រធាន​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​ខ្លី​មួយ កាលពី​ថ្ងៃ​សុក្រ​មុន​ថា ការ​កោះហៅ​ឱ្យ​បំភ្លឺ​នឹង​ត្រូវធ្វើ​ឡើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ។

លោក​បាន​បន្ត​ទៀត​ថា លោក កែ​សាំង ប៉ា​ង​ហ្គា​រ៉េ​ប (Kaesang Pangarep) កូនប្រុស​ពៅ​លោក​ប្រធា​នាធិបតី ចូ​កូ វី​ដូ​ដូ នឹង​ត្រូវ​ចោទសួរ​ដើម្បី​បញ្ជាក់​ថា តើ​យន្តហោះ​ឯកជន​១​គ្រឿង ដែល​លោក​ជិះ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​មាន​ប្រភព​មកពីណា?

អ្នកតំណាង​លោក កែ​សាំង និង​ការិយាល័យ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី មិន​អាច​ស្នើ​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ភា្ល​ម​ៗ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ​។ លោក កែ​សាំង ខ្លួនឯង​មិនមែន​ជា​មន្ត្រី​រដ្ឋាភិបាល​ក៏​ដោយ ក៏​ភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អះអាង​ថា ចាំបាច់​ណាស់​ត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់​ថា យន្តហោះ​ឯកជន​១​គ្រឿង​នោះ មិនមែន​ជា​អំណោយ​មិន​សម​ស្រប​ដែល​ទទួល​បាន​ដោយសារ​តែ​តួនាទី​របស់​ឪពុក​គាត់​។

សំណួររបស់​ទីភ្នាក់ងារ ដែល​ប្រតិបត្តិការ​ក្រោម​ការិយាល័យ​ប្រធានាធិបតី មិន​មាន​ន័យ​ថា បុរស​អាយុ​២៩​ឆ្នាំ​រូប​នេះ នឹង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ខុស​នោះ​ទេ​។ ប៉ុន្តែ​គឺជា​ការ​ខកចិត្ត​មួយ​ផ្សេង​ទៀត​ចំពោះ​លោក ចូ​កូ វី​ដូ​ដូ បន្ទាប់​ពី​ផ្ទុះ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​មុន រារាំង​ការ​កែ​ច្បាប់​ដែល​មាន​បំណង​អនុញ្ញាត​ឱ្យ​លោក កែ​សាំង អាច​ឈរឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​តំបន់ បើ​ទោះបីជា​មិន​បាន​បំពេញ​តាម​តម្រូវការ​អាយុ​កំណត់​ក៏​ដោយ​។

រឿងរ៉ាវ​បាន​កើតឡើង បន្ទាប់​ពី​ភរិយា​លោក កែ​សាំង អ្នក​នាង អ៊ី​រី​ណា ហ្គូ​ដូ​ណូ (Erina Gudono) បាន​បង្ហោះ​រូប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បង្ហាញ​ឱ្យ​ឃើញ​អ្នក​ទាំង​ពីរ​ជិះ​យន្តហោះ​ឯកជន​ទៅ​សហរដ្ឋអាមេរិក កាលពី​ស​ប្តា​ហ៍​មុន​។ សារព័ត៌មាន​ក្នុងស្រុក Tempo បាន​រាយការណ៍​ថា យន្ត​ហោះ​ឯកជន​នោះ​គឺជា​យន្តហោះ​ប្រភេទ Gulfstream G650ER ដែល​តម្លៃ​ជួល​ជា​មធ្យម​អាច​ឡើង​ដល់ ៣០០​លាន​រូពី ដែល​ស្មើនឹង ១៩,១៥០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ោង​។ ការ​ចេញផ្សាយ​នេះ​បាន​បង្ក​ឱ្យ​មានការ​ពិនិត្យ​មើល​ថា តើ​ថវិកា​កូនប្រុស​ពៅ​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​រូប​នេះ​បាន​មកពីណា?

ព័ត៌មាន​លម្អិត​អំពី​ដំណើរ​កម្សាន្ត​បែប​អភិជន​របស់​លោក កែ​សាំង និង​ភរិយា រួម​ទាំង​ការ​បង្ហោះ​អំពី​គូស្នេហ៍​មួយគូ​នេះ​កំពុង​ញ៉ាំ​បង្កង​ថ្លៃ និង​ការ​ដើរ​ទិញ​ទំនិញប្រណិត ដែល​ប៉ាន់​ស្មានថា​មាន​តម្លៃ​ជាង២០​លាន​រូពី ដែល​ស្មើនឹង​ជិត១,៣០០​ដុល្លារ កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេស៊ី​។

គួរ​ឱ្យ​ដឹង​ថា លោក កែ​សាំង ប៉ា​ង​ហ្គា​រ៉េ​ប គឺជា​ប្រធាន​គណបក្ស​នយោបាយ ដែល​ផ្តោត​លើ​យុវជន ដែល​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​គាំទ្រ​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដែល​ឪពុក រួម​នឹង​ប្រធានាធិបតី​ជាប់​ឆ្នោត លោក ប្រា​បូ​វូ ស៊ូ​ប៊ៀ​ន​តូ (Prabowo Subianto)​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក កែ​សាំង ក៏​ជា​សហគ្រិន​ផ្នែក​ចំណីអាហារ និង​កាន់កាប់​ភាគហ៊ុន​ប្រហែល ៤០% នៃ​ក្លិប​បាល់ទាត់​ក្នុងស្រុក​មួយ នៅ​ស្រុក​កំណើត​របស់​គាត់​ផង​ដែរ​៕ (​ប្រភព ៖ South China Morning Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ