ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ ពែ​ក មី ជួប​រឿង​ស៊យ​ទាំង​ព្រឹក ត្រូវ​រថយន្ត​ធុន​ធំ​កៀរ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​របស់​គាត់​រង​ការ​ខូចខាត

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ល្បី​នាយ ពែ​ក មី បាន​ជួប​រឿង​ស៊យ​ទាំង​ព្រឹក ខណៈ​ពេល​ដែល​លោក​និង​ក្រុមការងារ​សិល្បៈ ចេញ​ទៅ​ថត​សម្ដែង នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ល្បី​នាយ ពែ​ក មី បាន​ជួប​រឿង​ស៊យ​ទាំង​ព្រឹក ខណៈ​ពេល​ដែល​លោក​និង​ក្រុមការងារ​សិល្បៈ ចេញ​ទៅ​ថត​សម្ដែង នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ ដឹកឈើ និង​ក្ដារបន្ទះ​របស់​ក្រុមហ៊ុន​ចិន ១​គ្រឿង មិនដឹង​ជា​ប្រញាប់​ទៅ​ណា​នោះ​ទេ បាន​បើកបរ​លឿន វ៉ា​ជែង​ខាងឆ្វេង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX-570 KURO របស់​លោក ហើយ​រថយន្ត​ធំ​នោះ គេច​ជង្ហុក ធ្វើ​ឲ្យ​កន្ទុយ​រ៉ឺ​ម៉ក​វ័ធ​កៀរ​ត្រូវ​រថយន្ត​របស់​នាយ បណ្ដាល​ឲ្យ​បែក​ចង្កៀង ក្រពឹត​ថ្ពាល់ និង​ឆ្កូត​កាង​មុខ រួច​រថយន្ត​បង្ក ព្យាយាម​បើក​រត់​ថែម​ទៀត ប៉ុន្តែ​ត្រូវ​ក្រុមការងារ​របស់​នាយ ពែ​ក មី ដេញ​តាម​ឃាត់​បាន ។

ឧប្បត្តិហេតុ​ខាងលើ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤​នេះ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំ​ណុ​ខ​ខាងត្បូង​ផ្លូវ​រថភ្លើង​ខ្សែ ភ្នំពេញ​-​បាត់ដំបង កែង​ផ្លូវ​បង្គោល​ភ្លើង ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX-570 KURO ១​គ្រឿង​ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កម្ពុជា PEKMI 007 ដែល​ជា​រថយន្ត​របស់​តារា​កំប្លែង​នាយ ពែ​ក មី បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ប៉ុន្តែ​គាត់ និង​ប្រពន្ធ​មិន​បាន​ស្ថិត​នៅ​ក្នុង​រថយន្ត​នេះ​ទេ គឺ​ជិះ​រថយន្ត​ផ្សេង ហើយ​រថយន្ត​នេះ ដឹក​តួ​សម្ដែង​ក្រុម​របស់​គាត់ ។

ប្រភព​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នាយ ពែ​ក មី និង​ក្រុម​របស់​គាត់ បាន​ទៅ​ថត​សម្ដែង នៅ​ជិត​បញ្ជរ​បង់ប្រាក់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ ស្ថិត​នៅ​ក្នុងភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ ១​គ្រឿង ម៉ាក​ហ៊ី​ណូ ព​ណ៍​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-8112 បើកបរ​ស្របគ្នា​ទៅ​ពីក្រោយ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក បាន​វ៉ា​ជែង​ខាងឆ្វេង​រថយន្ត​នាយ ពែ​ក មី ហើយ​ពេល​វ៉ា ជិត​ផុត​បាន​គេច​ជង្ហុក ធ្វើ​ឲ្យ​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត​ធុន​ធំ​នោះ វ័ធ​កៀរ​រថយន្ត​នាយ​ពែ​ក មី បែក​ចង្កៀង និង​ក្រពឹត​ថ្ពាល់​ខាងឆ្វេង​យ៉ាងដំណំ​។ ពេល​នោះ រថយន្ត​បង្ក​មិន​បាន​ឈប់​ដោះស្រាយ និង​ទទួលខុសត្រូវ​នោះ​ទេ អ្នកបើកបរ បែរជា​បន្ថែម​ល្បឿន កាន់តែ​លឿន ព្យាយាម​រត់​គេ​ចេញពី​កន្លែង​កើតហេតុ ប៉ុន្តែ​ភ្លាម​ៗ​នោះ ក្រុម​នាយ ពែ​ក មី បាន​នាំ​គ្នា​ដេញ​តាម ។

ប្រភព​ដដែល បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា រហូត​ដល់​ត្រង់​ចំណុច​ខាងត្បូង​ផ្លូវ​រថភ្លើង​ខ្សែ ភ្នំពេញ​-​កំពត ស្ថិត​នៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ឃាត់​រថយន្ត​បង្ក​នោះ​បាន បន្ទាប់​មក នាយ ពែ​ក មី និង​ក្រុម​របស់​គាត់​បាន​ចាកចេញ​ទៅ​ថត​សម្ដែង​តាម​ផែនការ ដោយ​ទុក​អ្នកបើកបរ​រថយន្ត និង​តំណាង​មួយ​ចំនួន នៅ​ចាំ​ដោះស្រាយ​។ ចំណែក​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ​ផង​ដែរ ហើយ​បើ​តាម​តំណាង​នាយ ពែ​ក មី បាន​និយាយ​ថា តម្លៃ​នៃ​ការ​ជួសជុល​រថយន្ត ៥៧០​នោះ អស់​ជាង​១​ពាន់​ដុល្លារ ប៉ុន្តែ​នាយ ពែ​ក មី បាន​ទារ​សំណង​ពី​ខាង​ភាគី​រថយន្ត​បង្ក ត្រឹមតែ​៦០០​ដុល្លារ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ការ​ដោះស្រាយ​គ្នា តាំងពី​ក្រោយ​ពេល​កើតហេតុ រហូត​ដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ ទើប​ត្រូវរ៉ូវ​គ្នា ក្នុង​តម្លៃ ៤០០​ដុល្លារ ហើយ​ភាគី​ទាំង​២ ក៏​បាន​បញ្ចប់រឿង​គ្រប់យ៉ាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ